សម្តេចធិបតីអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខពលរដ្ឋភៀសសឹកប្រមាណ ២៥៩៦ គ្រួសារក្នុងខេត្តព្រះវិហារ


✧═══•❁❀❁•═══✧

[ខេត្តព្រះវិហារ]៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារប្រមាណ ២៥៩៦ គ្រួសារ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។ 

ជំនួបដំបូងសម្ដេចធិបតី បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ នៅមណ្ឌលសុវត្ថិ​ភាពវត្តបាក់កាំចំនួន៥៤០គ្រួសារ ស្ថិតនៅស្រុកត្បែងមានជ័យ​ ខេត្តព្រះវិហារ។

ក្រោយមកសម្ដេចធិបតី បានបន្តជួបសំណេះសំណាលសាកសួរសុខទុក្ខ​បង​​ប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍សាល (ហៅវត្តគីឡូលេខ៨) ចំនួន១២៨២គ្រួសារ និងនៅមណ្ឌលសុវត្ថិ​ភាពវត្តកំពង់សង្កែចំនួន៧៧៤គ្រួសារទៀត។

ក្នុងឱកាសនោះ សម្ដេចធិបតីបានថ្លែងអំណរគុណដល់ក្រុមការងារ​ ក្រសួងពាក់ព័ន្ធ​ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អ្នកស្ម័គ្រចិត្ត​ សប្បុរសជន​ អង្គការជាតិ និងអន្តរជាតិ និងដៃគូផ្សេងៗ ព្រមទាំងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការរៀបចំទីជម្រកសុវត្ថិភាព​ ផ្តល់ការឧបត្ថម្ភគាំទ្រដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់បានស្នាក់នៅបណ្តោះអាសន្នឱ្យមានសុវត្ថិភាព​ និងអាចស្នាក់នៅបានក្នុងគ្រាដ៏លំបាកនេះ។ 

សម្ដេចបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន៣ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញ, បងប្អូនជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋាន និងការស្តារហេដ្ឋានរចនាសម្ព័ន្ធដែលរងការខូចខាត។

ទី១- សម្រាប់បងប្អូនជនភៀសសឹកដែលអាចវិលត្រឡប់ទៅលំនៅឋានវិញបាន ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការពារជាតិ ក្រសួងមហា​ផ្ទៃ និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងខ្នះខ្នែងរៀបចំសម្របសម្រួល​ឱ្យជនភៀសសឹក អាចវិលត្រឡប់ទៅលំនៅឋានវិញ បានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ 

ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីន និងក្រសួងស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករមីននានា ជាពិសេសមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាស៊ីម៉ាក់ បាននិងកំពុងខិតខំយ៉ាងសកម្មនៅក្នុងការបោសសំអាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាថា ទីតាំងទាំងនោះ មានសុវត្ថិភាពគ្រប់គ្រាន់មុននឹងអនុញ្ញាតឱ្យបងប្អូនជនភៀសសឹកវិលត្រឡប់ទៅកាន់ទីតាំងទាំងនោះ។ 

ជាមួយការសម្រួលការវិលត្រឡប់ទៅកាន់លំនៅឋានរបស់បងប្អូន រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មការចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីជម្លោះព្រំដែននេះ។

ទី២-ចំពោះបងប្អូនជនភៀសសឹក ដែលមិនទាន់អាចត្រឡប់ទៅលំនៅ​ឋានវិញបាន ដោយសារស្ថានភាពមិនទាន់អំណោយផល ចំពោះមុខនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្ត អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងគិតគូរពង្រឹងលើជម្រកបណ្តោះអាសន្ន ឬក្នុងករណីចាំបាច់អាចផ្លាស់ប្តូរជម្រកបណ្តោះអាសន្នរបស់បងប្អូនទៅកាន់ទីតាំងមានភាពប្រសើរជាងបច្ចុប្បន្ន។ រាជរដ្ឋាភិបាលកំពុងពិនិត្យផ្តល់នូវដំណោះស្រាយ​សម​រម្យទៅតាមស្ថានភាពជាក់ស្តែង ដើម្បីជួយបងប្អូនអាចរក្សាលំនឹងជីវភាពប្រចាំថ្ងៃក្នុងកំលុងពេលដ៏លំបាកនេះ រហូតដល់បងប្អូនអាចវិលត្រឡប់ទៅលំនៅឋានវិញ។ 

ទី៣-ចំពោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន និងសាធារណៈ ដែលបានរងការខូចខាតមានជាអាទិ៍សាលារៀន មណ្ឌលសុខភាព ពេទ្យបង្អែក ផ្សារ ផ្លូវ ស្ពាន បណ្តាញទឹកស្អាត អគ្គិសនី ទូរគមនាគមន៍ ក្រុមការងារចំពោះកិច្ច បាននិងកំពុងវាយតម្លៃផលខូចខាតទាំងនេះ ហើយរាជរដ្ឋាភិបាលនឹងប្រើប្រាស់ធនធានទាំងថវិកាជាតិ និងថវិកាពីដៃគូអភិវឌ្ឍន៍ ដើម្បីស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះឱ្យបានឆាប់រហ័សបំផុត តាមស្ថានភាពជាក់ស្តែង។

សម្ដេចធិបតី នាយករដ្ឋមន្ត្រីបានសង្គត់ធ្ងន់ថាគោលការណ៍​អាទិភាពរបស់រាជរដ្ឋាភិបាល​កម្ពុជា​ មាន២​ គឺ​ ការពារទឹកដី​ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ដូចនេះអ្វីៗដែលយេីងបាននឹងកំពុងធ្វេី​ គឺជាសាក្ខីភាពច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ​ ក្រុមការងារគ្រប់លំដាប់ថ្នាក់​ ពិសេសអាជ្ញាធរមូលដ្ឋានបានប្រេីប្រាស់កម្លាំងសរុបរួមគ្នា​ គ្រប់យន្តការ​ សំដៅធានាដល់ការបម្រេី​ និងផ្តល់ជម្រកសុវត្ថិភាព​ជូនដល់ប្រជាពលរដ្ឋ​ ហេីយនឹងឈានឆ្ពោះទៅស្តារឡេីងវិញឱ្យបានល្អប្រសេីរ។











Post a Comment

Previous Post Next Post