សម្តេចធិបតី ហ៊ុន ម៉ាណែត ចែករំលែកទស្សនៈ និងអនុសាសន៍សំខាន់ៗ ជូនមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ បានចែករំលែកទស្សនៈ និងអនុសាសន៍សំខាន់ៗ ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥។

ក្នុងឱកាសនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនូវទស្សនៈ និងអនុសាសន៍សំខាន់ៗចំនួន ៦ ដើម្បីបន្តពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអតីតយុទ្ធជននៃបណ្តាប្រទេសអាស៊ាន រួមមាន៖

ទីមួយ៖ បន្តរួមគ្នាថែរក្សា និងលើកកម្ពស់តម្លៃនៃសន្តិភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងវិបុលភាពរបស់តំបន់។

ទីពីរ៖ ពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសមាគមអតីតយុទ្ធជននៃបណ្តាប្រទេសអាស៊ាន។ ក្នុងន័យនេះ VECONAC ត្រូវបន្តដើរតួនាទីជាស្ពានសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងការអនុវត្តល្អៗ ព្រមទាំងលើកកម្ពស់កម្មវិធី និងគម្រោងរួម ដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់អតីតយុទ្ធជន។

ទីបី៖ កំណត់ការកែលម្អគុណភាពជីវិត និងសុខុមាលភាពរបស់អតីតយុទ្ធជនជាស្នូលនៃកិច្ចសហប្រតិបត្តិការ ដោយផ្តល់អាទិភាពដល់សុខភាព ការការពារសង្គម ជីវភាពរស់នៅ និងការគោរពសេចក្តីថ្លៃថ្នូររបស់អតីតយុទ្ធជន។

ទីបួន៖ លើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនជាអ្នកអប់រំអំពីសន្តិភាព និងជាស្ពានតភ្ជាប់ពីអតីតកាលទៅបច្ចុប្បន្ន និងអនាគត។ បទពិសោធន៍របស់អតីតយុទ្ធជន គឺជាមេរៀនប្រវត្តិសាស្ត្រដ៏មានតម្លៃសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ។ VECONAC គួរបន្តលើកទឹកចិត្តឱ្យមានការចែករំលែកបទពិសោធន៍ និងការយល់ដឹងអំពីតម្លៃនៃសន្តិភាព ការផ្សះផ្សា សាមគ្គីភាព និងការគោរពគ្នាទៅវិញទៅមក ជាពិសេសចំពោះយុវជន។

ទីប្រាំ៖ VECONAC គួរមានភាពសកម្ម និងមានភាពធន់ ដើម្បីអាចឆ្លើយតបបានទៅនឹងបរិបទ និងការវិវត្តន៍នានារបស់តំបន់។

ទីប្រាំមួយ៖ ស្មារតី VECONAC គួរត្រូវបានថែរក្សា និងលើកកម្ពស់ជាបន្តបន្ទាប់ ដើម្បីបម្រើជាកម្លាំងបង្រួបបង្រួមនៅក្នុងសហគមន៍អាស៊ាន។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តសមាគមជាសមាជិកទាំងអស់ ឱ្យបន្តប្រកាន់ខ្ជាប់នូវតម្លៃស្នូលរបស់ VECONAC រួមមាន កិច្ចសហប្រតិបត្តិការ ការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស និងក្តីមេត្តាធម៌។

សម្តេចមហាបវរធិបតី បានបង្ហាញជំនឿថា មហាសន្និបាតលើកទី២៥ នេះ នឹងក្លាយជាព្រឹត្តិការណ៍សំខាន់មួយទៀត ក្នុងការបន្តពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអតីតយុទ្ធជននៃបណ្តាប្រទេសជាសមាជិកអាស៊ាន ព្រមទាំងបន្តលើកកម្ពស់តួនាទីរបស់ VECONAC ឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាព៕






















































Post a Comment

Previous Post Next Post