កំពង់ស្ពឺ៖ កៅអីព្យាបាល និងវះកាត់ធ្មេញស្វ័យប្រវត្តិទំនើបចំនួន ២គ្រឿង ដែលមានតម្លៃសរុបជិត ៣ម៉ឺនដុល្លារអាម៉េរិក ជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាព្យាបាលជំងឺមាត់ធ្មេញ និងបង្កើនលទ្ធភាពទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាពជូនប្រជាពលរដ្ឋ។
អំណោយនេះត្រូវបានផ្តល់តាមរយៈមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងខេត្តហៃណាន (CDC Hainan) នៃសាធារណរដ្ឋប្រជាមានិតចិន និងសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. ក្នុងកិច្ចសហការលើការលើកកម្ពស់សមត្ថភាពវិស័យសុខាភិបាល និងការផ្ទេរចំណេះដឹងបច្ចេកទេសផ្នែកទន្តសាស្ត្ររវាងប្រទេសទាំងពីរ។
ពិធីប្រគល់អំណោយនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក កៅ សុវណ្ណារិទ្ធិ អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត ហេង សុខគង់ សមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក. និងជាប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. លោក He Jian អនុប្រធាន CDC ខេត្តហៃណាន ព្រមទាំងលោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ឡុង វិសិដ្ឋ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ការទទួលបានកៅអីព្យាបាល និងវះកាត់ធ្មេញទំនើបទាំង ២គ្រឿងនេះ នឹងជួយពង្រឹងសមត្ថភាពផ្នែកទន្តសាស្ត្ររបស់មន្ទីរពេទ្យ ធ្វើឱ្យការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺមាត់ធ្មេញកាន់តែមានប្រសិទ្ធភាព ព្រមទាំងរួមចំណែកធ្វើឱ្យសេវាសុខាភិបាលជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺកាន់តែប្រសើរឡើង។
ជាមួយគ្នានេះ CDC Hainan សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ក៏បានសហការរៀបចំកម្មវិធីផ្ទេរបច្ចេកទេសពាក់ព័ន្ធនឹងការបិទស្រទាប់ការពាររណ្តៅ និងចង្អូរលើផ្ទៃធ្មេញ (Fissure Sealants) ដោយមានការចូលរួមពីទន្តបណ្ឌិតឯកទេសមកពីប្រទេសចិន ដែលបានចែករំលែកចំណេះដឹង និងបង្ហាញពីការអនុវត្តជាក់ស្តែងដល់ទន្តបណ្ឌិត និងទន្តពេទ្យកម្ពុជា។
កម្មវិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដោយមានការអនុវត្តបច្ចេកទេសជាក់ស្តែងជូនដល់កុមារ និងប្រជាពលរដ្ឋក្នុងខេត្តផងដែរ។ សកម្មភាពនេះមិនត្រឹមតែជួយបង្កើនសមត្ថភាពជំនាញរបស់បុគ្គលិកសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃការលើកកម្ពស់ការថែទាំសុខភាពមាត់ធ្មេញ និងការបង្ការជំងឺពុកធ្មេញ ជាពិសេសចំពោះកុមារ។
គួរបញ្ជាក់ថា នេះជាឆ្នាំទី៤ហើយ ដែល CDC Hainan សហការជាមួយសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. ក្នុងការរៀបចំទស្សនកិច្ចសិក្សា ផ្ទេរបច្ចេកវិទ្យា និងផ្តល់សម្ភារៈបរិក្ខារពេទ្យដល់មន្ទីរពេទ្យនានានៅកម្ពុជា ជាពិសេសឧបករណ៍ព្យាបាល និងវះកាត់ធ្មេញទំនើប។
កិច្ចសហប្រតិបត្តិការនេះបានបង្ហាញពីការយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យសុខាភិបាល ការពង្រឹងសមត្ថភាពធនធានមនុស្ស និងការលើកកម្ពស់គុណភាពសេវាព្យាបាល ដើម្បីឆ្លើយតបនឹងតម្រូវការថែទាំសុខភាពរបស់ប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព និងប្រកបដោយចីរភាព៕
Tags:
ព័ត៌មានជាតិ





