(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយផលប៉ះពាល់ និងផ្តល់ការគាំពារដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ប្រមាណ ៧០ម៉ឺននាក់ ព្រមទាំងយោធិនពលី យោធិនពិការ និងយោធិនដែលកំពុងបំពេញបេសកកម្មនៅសមរភូមិមុខ។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសសម្តេចបវរធិបតី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប៨០ឆ្នាំ នៃថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សម្ពោធអគារសិក្សាថ្មីចំនួន២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី។
សម្តេចបវរធិបតី បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន មានប្រមាណ ៧០ម៉ឺននាក់ ដែលត្រូវបានបែងចែកជាពីរក្រុមធំៗ។
ទី១៖ ប្រជាពលរដ្ឋដែលអាចវិលត្រឡប់ទៅលំនៅឋានវិញ
សម្រាប់ប្រជាពលរដ្ឋដែលអាចត្រឡប់ទៅកាន់លំនៅឋានវិញ បន្ទាប់ពីមានបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានចំណាយថវិកាជាង ១.៦លានដុល្លារ សម្រាប់ការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីធានាសុវត្ថិភាពមុនពេលប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានផ្តល់ជំនួយសម្រាប់ជួសជុលលំនៅឋានដែលរងការខូចខាត ដោយផ្ទះដែលខូចខាតធ្ងន់ធ្ងរ ទទួលបានថវិកា ២០លានរៀលក្នុងមួយគ្រួសារ ខូចខាតកម្រិតមធ្យម ១២លានរៀល និងខូចខាតតិចតួច ២លានរៀលក្នុងមួយគ្រួសារ។ សរុបមានប្រជាពលរដ្ឋជាង ១,៦០៦គ្រួសារ ទទួលបានជំនួយនេះ។
សម្តេចបវរធិបតី បានបន្ថែមថា សមាគមអតីតយុទ្ធជនកម្ពុជា ក៏បានជួយសាងសង់ផ្ទះថ្មីជូនប្រជាពលរដ្ឋចំនួន ៣៦គ្រួសារ ដែលលំនៅឋានត្រូវបានបំផ្លាញទាំងស្រុងដោយសារជម្លោះ។
ក្រៅពីនេះ ប្រជាពលរដ្ឋដែលវិលត្រឡប់ទៅលំនៅឋានវិញ ក៏ទទួលបានអត្ថប្រយោជន៍ពីកម្មវិធីសមធម៌ ស្រដៀងនឹងគ្រួសារដែលមានបណ្ណសមធម៌កម្រិត១ និងកម្រិត២ ព្រមទាំងទទួលបានស្បៀង និងគ្រាប់ពូជ ដើម្បីជួយពួកគាត់ចាប់ផ្តើមការបង្កបង្កើនផលឡើងវិញ។
ទី២៖ ប្រជាពលរដ្ឋដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ
សម្តេចបវរធិបតី បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ រាជរដ្ឋាភិបាលបានប្រើប្រាស់ថវិការដ្ឋ ដោយមិនរាប់បញ្ចូលថវិកាពីដៃគូអភិវឌ្ឍន៍ ដើម្បីសាងសង់ផ្ទះជិត ៥,០០០ខ្នង និងចំណាយថវិកាប្រមាណ ៥៩លានដុល្លារ សម្រាប់ដោះស្រាយជូនប្រជាពលរដ្ឋរងគ្រោះនៅក្នុងខេត្តទាំង៤។
ក្រៅពីការសាងសង់លំនៅឋាន រាជរដ្ឋាភិបាលក៏បានរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ផ្តល់ការឧបត្ថម្ភតាមកម្មវិធីសង្គម និងស្វែងរកមធ្យោបាយបង្កើតការងារ និងមុខរបរជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
សម្តេចបវរធិបតី បានមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលបានកាត់បន្ថយការចំណាយពីក្រសួង ស្ថាប័នមួយចំនួន ដើម្បីយកលុយនេះមកជួយប្រជាជនភៀសសឹក...»។
សម្តេចបានបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យ មានចំនួន ៣,៣០៥គ្រួសារ ខេត្តព្រះវិហារ ៦៩១គ្រួសារ ខេត្តឧត្តរមានជ័យ ៧៩៥គ្រួសារ និងខេត្តពោធិ៍សាត់ ២៧គ្រួសារ ដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល តាមរយៈការសាងសង់ផ្ទះ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ កម្មវិធីបណ្ណសមធម៌ ការឧបត្ថម្ភសាច់ប្រាក់រយៈពេល១ឆ្នាំ និងការស្វែងរកឱកាសការងារជូនពួកគាត់។
សម្តេចបវរធិបតី ក៏បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទាំងតាមរយៈការដោះស្រាយបញ្ហាជីវភាពនៅក្នុងប្រទេស និងការប្រើប្រាស់ផ្លូវការទូត ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងជំរុញការដោះស្រាយបញ្ហាព្រំដែនឱ្យបានចប់សព្វគ្រប់។
ការជួយសម្រួលបន្ទុកបំណុលដល់ប្រជាពលរដ្ឋ និងកងកម្លាំង
សម្តេចបវរធិបតី បានបញ្ជាក់ថា តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល គ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៦១ បានចូលរួមពន្យារការទូទាត់សងប្រាក់ប្រចាំខែទាំងប្រាក់ដើម និងការប្រាក់ សរុបប្រមាណ ២០០លានដុល្លារ។
សម្រាប់យោធិនដែលបំពេញប្រតិបត្តិការផ្ទាល់ គ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៧៧ បានពន្យារការទូទាត់សងទាំងប្រាក់ដើម និងការប្រាក់ សរុបជិត ៥០លានដុល្លារ។ ចំពោះយោធិនពិការ មានគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១៤ បានចូលរួមពន្យារការសង ខណៈចំពោះយោធិនពលី មានគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ២៣ បានសម្រេចលុបបំណុលទាំងស្រុង។
ចំពោះគ្រួសារយោធិនពលី រាជរដ្ឋាភិបាលបានផ្តល់ការឧបត្ថម្ភថវិកា និងសាងសង់ផ្ទះជូនគ្រួសារដែលមិនមានលំនៅឋាន ព្រមទាំងជួយសម្រួលឱ្យកូនៗរបស់យោធិនពលីអាចបន្តការសិក្សា និងមានឱកាសចូលបម្រើកងទ័ពផងដែរ។
សម្តេច៖ រាជរដ្ឋាភិបាលមិនអាចសងជំនួសទាំងស្រុងនូវផ្ទះដែលរងការបំផ្លាញបានទេ ប៉ុន្តែខិតខំផ្តល់លំនៅឋានសមរម្យជូនប្រជាពលរដ្ឋ
សម្តេចបវរធិបតី បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលមិនមានលទ្ធភាពសងជំនួសទាំងស្រុងនូវលំនៅឋាន និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលរងការបាញ់បំផ្លាញ ឬរងផលប៉ះពាល់ពីជម្លោះនោះទេ ប៉ុន្តែរាជរដ្ឋាភិបាលបានខិតខំសាងសង់លំនៅឋានសមរម្យ ដើម្បីឱ្យប្រជាពលរដ្ឋមានកន្លែងរស់នៅជាបណ្តោះអាសន្ន និងអាចចាប់ផ្តើមជីវភាពឡើងវិញ។
សម្តេចបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ភាគច្រើនបានយល់អំពីស្ថានភាព និងការខិតខំរបស់រាជរដ្ឋាភិបាល ខណៈបញ្ហានេះក៏មានអ្នកមួយចំនួនយកទៅធ្វើជាប្រធានបទនយោបាយផងដែរ៕



















