(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ពីគុណតម្លៃនៃសន្តិភាព និងគុណបំណាច់របស់អតីតយុទ្ធជន និងនិវត្តជន ដែលជាស្នូលនៃទស្សនវិជ្ជាដឹកនាំតជំនាន់របស់រាជរដ្ឋាភិបាលកម្ពុជា ចេញពីគណបក្សប្រជាជនកម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានគូសបញ្ជាក់ថា ការដឹងគុណ ការមើលថែ និងការលើកកម្ពស់ជីវភាពអតីតយុទ្ធជន និងនិវត្តជន គឺជាកាតព្វកិច្ចសីលធម៌ និងជាកតញ្ញូតាធម៌ជាតិ ដែលអ្នកជំនាន់ក្រោយត្រូវតបស្នងចំពោះវីរជន និងរៀមច្បងជំនាន់មុនគ្រប់រូប។
ការគូសបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងពិធីបើក មហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥ ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។
សម្តេចធិបតីបានមានប្រសាសន៍ថា ការផ្តល់តម្លៃលើកតញ្ញូតាធម៌ចំពោះឪពុកម្តាយ ជីដូនជីតា និងបុព្វបុរស គឺជាសីលធម៌ និងគុណតម្លៃដែលចាក់ឫសយ៉ាងជ្រៅក្នុងផ្នត់គំនិតអាស៊ី រួមទាំងកម្ពុជាផងដែរ។
ក្នុងន័យនេះ សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) មិនត្រឹមតែជាកម្លាំងមនុស្សធម៌ដ៏សំខាន់ ក្នុងការលើកកម្ពស់គុណភាពជីវិត សុខុមាលភាព និងការគាំពារសង្គមជូនអតីតយុទ្ធជន និងជនពិការដោយសារសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយន្តការតំបន់ដ៏មានសារៈសំខាន់ ក្នុងការរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
សម្តេចធិបតីបានគូសរំលេចថា មិនថានៅកម្ពុជា ឥណ្ឌូចិន ឬក្នុងតំបន់អាស៊ានទាំងមូលឡើយ អតីតយុទ្ធជនត្រូវបានចាត់ទុកជាអ្នកការពារប្រវត្តិសាស្ត្រ ការពារឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិស្វ័យសម្រេចក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍ ដែលសមស្របទៅតាមបរិបទប្រវត្តិសាស្ត្រ និងវប្បធម៌របស់សង្គមជាតិនីមួយៗ។
សម្រាប់កម្ពុជា សន្តិភាព និងការបង្រួបបង្រួមជាតិពេញលេញដែលកម្ពុជាទទួលបាននាពេលបច្ចុប្បន្ន មិនមែនកើតឡើងដោយចៃដន្យឡើយ។ ពិភពលោកបានស្គាល់កម្ពុជាតាមរយៈការអនុវត្ត «នយោបាយឈ្នះ-ឈ្នះ» ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
សម្តេចធិបតីបានបន្តថា អតីតយុទ្ធជន និងនិវត្តជន គឺជា «ប្រតិបត្តិករផ្ទាល់» ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះ តាមរយៈការបើកបេះដូងទទួលយកការបង្រួបបង្រួមជាតិ និងស្មារតីឈ្នះ-ឈ្នះ ដោយគ្មានអ្នកចាញ់ និងដោយមិនបានប្រើគ្រាប់កាំភ្លើងសូម្បីមួយគ្រាប់។
សម្តេចធិបតីបានលើកឡើងថា ការបង្កើតពាក្យស្លោក «អរគុណសន្តិភាព» គឺជាការជំរុញស្មារតីជាតិឱ្យស្រឡាញ់ យល់ដឹង និងចូលរួមការពារសន្តិភាព។ ពាក្យស្លោកនេះក៏មានអត្ថន័យសំខាន់ក្នុងការសម្តែងការដឹងគុណ និងកតញ្ញូតាធម៌ចំពោះអតីតយុទ្ធជន និងនិវត្តជនទាំងឡាយ ដែលបានចូលរួមចំណែកក្នុងការកសាងសន្តិភាពដ៏រឹងមាំសម្រាប់កម្ពុជា ដែលធ្លាប់ទទួលរងសោកនាដកម្មយ៉ាងធ្ងន់ធ្ងរ ដោយសារកត្តាប្រវត្តិសាស្ត្រ និងភូមិសាស្ត្រ។
ជាមួយគ្នានេះ សម្តេចធិបតីបានគូសបញ្ជាក់ថា ទោះបីស្ថានភាពភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកលកាន់តែស្មុគស្មាញ មានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងការកើនឡើងនៃបញ្ហាសន្តិសុខមិនមែនប្រពៃណីក្តី កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវនយោបាយការបរទេសឯករាជ្យ ផ្អែកលើច្បាប់អន្តរជាតិ លើកកម្ពស់ពហុភាគីនិយម និងដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា ដោយយកស្មារតីនៃ «នយោបាយឈ្នះ-ឈ្នះ» ជាទស្សនវិជ្ជាដឹកនាំក្នុងការកសាងសន្តិភាព។
សម្តេចធិបតីក៏បានចែករំលែកទស្សនៈ និងផ្តល់អនុសាសន៍សំខាន់ៗជូនមហាសន្និបាត និងសមាជិក VECONAC ដើម្បីជាមូលដ្ឋានក្នុងការពិចារណា និងរួមគ្នាជំរុញការអនុវត្តទៅមុខ រួមមាន៖
- បន្តរួមគ្នាថែរក្សា និងលើកកម្ពស់តម្លៃសន្តិភាព ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងវិបុលភាពរបស់តំបន់។
- ពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសមាគមអតីតយុទ្ធជននៃបណ្តាប្រទេសអាស៊ាន។
- ចាត់ទុកការលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់អតីតយុទ្ធជន ជាស្នូលនៃកិច្ចសហប្រតិបត្តិការ។
- លើកកម្ពស់តួនាទីអតីតយុទ្ធជន ជាអ្នកអប់រំសន្តិភាព និងជាស្ពានតភ្ជាប់ពីអតីតកាលទៅបច្ចុប្បន្ន និងអនាគត។
- ប្រើប្រាស់បទពិសោធរបស់អតីតយុទ្ធជនជាមេរៀនប្រវត្តិសាស្ត្រដ៏មានតម្លៃ សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ។
- ជំរុញឱ្យ VECONAC មានភាពសកម្ម ភាពធន់ និងការឆ្លើយតបកាន់តែប្រសើរទៅនឹងបរិបទថ្មីរបស់តំបន់ ព្រមទាំងថែរក្សា និងលើកកម្ពស់ «ស្មារតីគ្រួសារ VECONAC» ឱ្យក្លាយជាកម្លាំងបង្រួបបង្រួមក្នុងសហគមន៍អាស៊ាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងខ្លី ប៉ុន្តែមានអត្ថន័យជ្រាលជ្រៅថា៖ «គ្មាននរណាម្នាក់យល់ច្បាស់អំពីតម្លៃនៃសន្តិភាព ជាងអតីតយុទ្ធជននោះឡើយ»។
សម្រាប់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អតីតយុទ្ធជន គឺជាសកម្មជនដ៏មានប្រសិទ្ធភាពសម្រាប់សន្តិភាព។ ដូច្នេះ សង្គមត្រូវរួមគ្នាធ្វើឱ្យគុណបំណាច់របស់អតីតយុទ្ធជន និងនិវត្តជន ត្រូវបានចងចាំតាមរយៈការដឹងគុណ ព្រមទាំងប្រែក្លាយបទពិសោធ និងមេរៀនពីសង្គ្រាម ឱ្យក្លាយជាមេរៀនសម្រាប់សន្តិភាព។
ជាមួយគ្នានេះ សាមគ្គីភាពរបស់អតីតយុទ្ធជនក៏គួរត្រូវបានប្រែក្លាយជាកម្លាំងរួម ដើម្បីចូលរួមកសាងសហគមន៍អាស៊ានដែលមានសន្តិភាព ស្ថិរភាព មិត្តភាព សុខុមាលភាព និងវិបុលភាពយូរអង្វែង សម្រាប់ប្រជាជន និងមនុស្សជំនាន់ក្រោយ៕
សូមអរគុណ!
