(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យវឌ្ឍនភាព និងការងារត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ព្រមទាំងព្រឹត្តិការណ៍អម ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាពេលខាងមុខ។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យឡើងវិញលើវឌ្ឍនភាពនៃការងារត្រៀមរៀបចំ ព្រមទាំងពិភាក្សាលើបញ្ហាប្រឈម និងចំណុចសំខាន់ៗដែលត្រូវបន្តអនុវត្ត ដើម្បីធានាឱ្យការរៀបចំកិច្ចប្រជុំកំពូល និងព្រឹត្តិការណ៍អម ប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព និងស្របតាមផែនការដែលបានគ្រោងទុក។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានផ្តល់អនុសាសន៍ និងការណែនាំបន្ថែមដល់ក្រុមការងារពាក់ព័ន្ធ ដើម្បីបន្តពង្រឹងការសម្របសម្រួល និងជំរុញការអនុវត្តការងារតាមវិស័យនីមួយៗ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់មួយ និងជាឱកាសសម្រាប់កម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងសមាជិកនៃសហគមន៍ហ្វ្រង់កូហ្វូនី ព្រមទាំងលើកកម្ពស់កិត្យានុភាព និងភាពជាដៃគូរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
តាមរយៈការរៀបចំយ៉ាងម៉ត់ចត់ និងការសម្របសម្រួលពីគ្រប់ភាគីពាក់ព័ន្ធ កម្ពុជាប្តេជ្ញាធានាឱ្យកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍អម ប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានលទ្ធផលជាក់ស្តែង។











