✧═══•❁❀❁•═══✧
[ខេត្តកំពង់ស្ពឺ]៖ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្ដៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានកិត្តិយសក្រុមការងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមករា និងលើកទិសដៅភារកិច្ចបន្ដសម្រាប់ខែកុម្ភៈ របស់គណបក្សខេត្តកំពង់ស្ពឺ នៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តមអនុប្រធានទី១ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា ក្រុមការងាចុះជួយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំគណបក្សចុះមូលដ្ឋានគ្រប់ជាន់ថ្នាក់ សរុបប្រមាណ ៤០០នាក់។
ជាកិច្ចចាប់ផ្ដើម របាយការណ៍របស់ ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សខេត្ត ស្ដីពីលទ្ធផលការងារសម្រេចបាន និងសភាពការណ៍ទូទៅរបស់ខេត្ត ព្រមទាំងបានពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីនយោបាយ លិខិតបទដ្ឋាន និងសេចក្តីណែនាំនានារបស់ថ្នាក់កណ្តាលក្នុងខែមករាកន្លងទៅ។
បន្ទាប់ពីបានស្ដាប់របាយការណ៍ ឯកឧត្តម ហ៊ុន ម៉ានី បានបូកសរុបរបាយការណ៍លទ្ធផលការងារ និងលើកទិសដៅភារកិច្ចសម្រាប់ខែបន្ទាប់ ឯកឧត្តមបានផ្តល់អនុសាសន៍ណែនាំជូនដល់ក្រុមការងារគណបក្ស និងគណៈកម្មាធិការបក្សមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាជូនប្រជាជន និងពង្រឹងសមាជិកគណបក្សប្រកបដោយប្រសិទ្ធភាពថែមទៀត។
ជាចុងក្រោយឯកឧត្តម ហ៊ុន ម៉ានី ក៏បានអំពាវនាវដល់សមាជិក សមាជិកាគណបក្សឱ្យបន្តគាំទ្រ ជឿជាក់លើគណបក្សប្រជាជនកម្ពុជា និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។ សូមជម្រាបជូនថា ក្នុងកិច្ចប្រជុំ ក៏មានការឡើងមានមតិ និងធាតុចូលពីសមាជិក សមាជិកាអង្គប្រជុំយ៉ាងសកម្មផងដែរ។

















