✧═══•❁❀❁•═══✧
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅរាត្រីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានសរសេរសារ លើបណ្តាញទំនាក់ទំនងសង្គម ដោយបានពន្យល់ពីការនិពន្ធបទចម្រៀង “ឱភ្នំពេញអើយ” ដើម្បីជៀសវាងការយល់ច្រឡំទៅថ្ងៃក្រោយ ព្រោះជាបទចម្រៀងប្រវត្តិសាស្ត្រ។
សម្តេចតេជោ បានសរសេរថា “ម្សិលមិញខួបលើកទី៤៧នៃថ្ងៃបង្កើត
រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា
(២ធ្នូ១៩៧៨-២ធ្នូ២០២៥)។
នៅសល់ជាង១ខែទៀតនឹងឈានដល់
ខួបលើក៤៧នៃថ្ងៃជ័យជំនះលើរបប
ប៉ុល ពត(៧មករា១៩៧៩-៧មករា២០២៦)។
ចម្រៀងបទ(ឱភ្នំពេញអើយ)នៅតែជា
ការចងចាំរបស់ប្រជាជនកម្ពុជា។ សម្រាប់ខ្ញុំចម្រៀងមួយបទនេះស្តាប់ហើយហូរទឹកភ្នែកដោយការរំភើប។
ទឹកដៃនិពន្ធទំនុកច្រៀងដោយបង
កែវ ចិន្តា និងការរៀបចំភ្លេង និងដឹកនាំ
ផលិតដោយបង ជ័យ សោភា និងច្រៀងដោយក្មួយ សូ ចន្នី ពិតជាគួរឲ្យ
គោរព និងកោតសរសើរ។
ខ្ញុំសូមយកឱកាសនេះ សូមអភ័យទោស
ពីវិញ្ញាណក្ខន្ធបង កែវ ចិន្តា បង ជ័យ សោភា
ក៏ដូចកូនៗ និងចៅរបស់បងទាំងពីរ ដែលមុននេះខ្ញុំយល់ច្រឡំថាគ្រួសារបង កែវ ចិន្តា និងគ្រួសារបង
ជ័យ សោភា ដណ្តើមសិទ្ធិធ្វើជាម្ចាស់
បទ(ឱភ្នំពេញអើយ)ប៉ុន្តែនៅពេលខ្ញុំ
ឃើញការបង្ហោះតាម Facebook របស់ឈ្មោះ chun sothy ដែលនៅ
ក្នុងនោះបានបញ្ជាក់ថាម្ចាស់ស្នាដៃបទ
«ឱភ្នំពេញអើយ» គឺលោកអ៊ុំ <ម៉ម ធឿន>…..បានទទួលមរណភាពហើយ។ ដំបូងឡើយខ្ញុំគិតថាអាចមាន
បទ ដែលមានចំណងជើងដូចគ្នា ប៉ុន្តែពិនិត្យខ្លឹមសារខាងក្រោមថា បទនេះនិពន្ធតាំងពីនៅឡុងយ៉ាវ ដែលជាទីតាំង
ខ្ញុំបង្កើតកងទ័ព និងជាមេបញ្ជាការខ្ពស់
ជាងគេ ដែលនៅទីនោះមានអង្គភាព
សិល្បះទាំងបុរាណ ទាំងសម័យ និងបង
ជ័យ សោភា ជាជំនួយការខ្ញុំ គឺជារឿង
ដែលមិនអាចទៅរួចឡើយ។ (សិល្បះ
កងទ័ពសព្វថ្ងៃកកើតពីខែកក្កដា ឆ្នាំ១៩៧៨
ដែលមានខ្ញុំជាបង្កើត)
ចំណុចកាន់តែច្បាស់បទនេះមិនអាច
និពន្ធមុនរំដោះភ្នំពេញបានឡើយ
ព្រោះក្នុងខ្លឹមសារនៃបទចម្រៀងមានពាក្យ (ឱភ្នំពេញអើយបីឆ្នាំនឹកអ្នកក្នុង
ឱរា) (ភ្នំពេញដួងព្រលឹងជាទីស្នេហា
បីឆ្នាំខ្លោចផ្សា តែអ្នករក្សាបានប្រវត្តិថ្លៃថ្លា
អង់អាចក្លាហាន) (អើយឱភ្នំពេញអើយ
ទុក្ខសោកអ្នកបានស្បើយ ខ្ញុំជួបអ្នកវិញ
ហើយ ឱដួងព្រលឹងអើយ ភ្នំពេញអើយ
អើយភ្នំពេញអើយ)
ខ្លឹមសារក្នុងបទចម្រៀងមានន័យគ្រប់
គ្រាន់ថាបទចម្រៀងនេះនិពន្ធក្រោយ
ភ្នំពេញត្រូវបានរំដោះមិនមែននៅ
ឡុងយ៉ាវ ឆ្នាំ១៩៧៨ នោះទេ។
ម្យ៉ាងទៀតចម្រៀងនេះមិនបានឮចាក់
ផ្សាយមុនថ្ងៃ៧ មករា ១៩៧៩ ផងដែរ។
មកនិយាយពីប្រវត្តិបទនៃចម្រៀង
(ឱភ្នំពេញអើយ)វេលាថ្ងៃត្រង់ថ្ងៃ៧ មករា ១៩៧៩ ភ្នំពេញ
ត្រូវបានរំដោះខ្ញុំមិនប្រាកដថាបង
កែវ ចិន្តា សរសេរនៅពេលល្ងាច ឬ
ពេលយប់៧មករា នោះទេ ព្រោះពេលនោះកំពុងប្រជុំមហាសន្និបាតបក្សលើកទី៣។
ល្ងាចថ្ងៃ៨ មករា មានការប្រជុំដើម្បី
ចាត់តាំងរដ្ឋាភិបាល ដែលហៅថាក្រុមប្រឹក្សាប្រជាជនបដិវត្តកម្ពុជា តែបង កែវ ចិន្តា មិនបានចូលរួមប្រជុំទេ តែបងកែវ ចិន្តា ក៏ត្រូវបានតែងតាំងជារដ្ឋមន្ត្រីឃោសនាការព័ត៌មាន និងវប្បធម៌។
យប់ថ្ងៃ៨ មករា ខ្ញុំត្រឡប់ទៅចូលរួមបិទ
មហាសន្និបាតបក្សវិញ ខ្ញុំអង្គុយទទួល
ទានបាយជាប់ជាមួយបង កែវ ចិន្តា គាត់
ក៏បានដឹងរឿងគាត់ធ្វើរដ្ឋមន្ត្រីដែរ ព្រោះគាត់ជាអ្នកគ្រប់គ្រងវិទ្យុផ្សាយ
សម្លេងរណសិរ្សតាំងថ្ងៃ២ ធ្នូ១៩៧៨ មកម្ល៉េះ។
ព្រឹកថ្ងៃ៩ មករា ១៩៧៩ មានការប្រជុំ
រដ្ឋាបាលលើកដំបូង ដើម្បីបែងចែក
ភារកិច្ច។
ក្រោយប្រជុំចប់ឃើញឃើញបង
ជ័យ សោភា យូរម៉ាញ៉េតូហ្វូនយ៉ាងធំ
ទៅដល់ដើម្បីឆ្លងយោបល់បង កែវ ចិន្តា ។ បង កែវ ចិន្តា ឃាត់ខ្ញុំឲ្យនៅជាមួយគាត់។ ឯបង ជ័យ សោភា និយាយ
មកកាន់ខ្ញុំថាបង ហ៊ុន សែន នៅជួយ
យោបល់ផង។ ទម្លាប់បង ជ័យ សោភា
ហៅខ្ញុំថាបងទោះគាត់មានអាយុច្រើន
ជាងខ្ញុំក៏ដោយ។
បង ជ័យ សោភា ចាក់បទឱភ្នំពេញអើយ
៣ដង។ ក្រោយស្តាប់រួចបង កែវ ចិន្តា
ឲ្យបន្ថែមភ្លេង ខ្ញុំមិនច្បាស់ទេ តែដូចជា
បន្ថែមសម្លេងទ្រ។
ខ្ញុំមិនច្បាស់ថាបង ជ័យ សោភា ធ្វើតាមការណែនាំរបស់បង កែវ ចិន្តា ឬអត់នោះទេ។ មានមនុស្សតែម្នាក់គត់ដែល
អាចបំភ្លឺបាននោះ គឺក្មួយ សូ ចន្នី។ ប្រសិន
បើគាត់ច្រៀងថតឡើងវិញមានន័យថា
បង ជ័យ សោភា ធ្វើតាមបង កែវ ចិន្តា
ប្រសិនបើបើមិនថតឡើងវិញ អាចថត
តាមក្រោយទៀត ព្រោះចម្រៀងនេះ
ត្រូវប្រញាប់ចាក់ផ្សាយក្រោយថ្ងៃរំដោះ។
ដូចនេះតាមការស្មានរបស់ខ្ញុំបង
កែវ ចិន្តា សរសេរបទចម្រៀងនៅល្ងាច
ថ្ងៃ៧ ឬយប់ថ្ងៃ៧ មករា។ ប្រគល់ឲ្យបង
ជ័យ សោភា រៀបភ្លេង និងផលិតនៅថ្ងៃ៨ ឬយប់ថ្ងៃ ៨មករា និងព្រឹកថ្ងៃ៩ មករា
១៩៧៩ ម៉ោងជាង១០ព្រឹក ឆ្លងយោបល់
បង កែវ ចិន្តា។
តើចម្រៀងនេះចាប់ផ្សព្វផ្សាយអ្នក
និពន្ធនៅពេលណា?
ពេលចាក់ផ្សាយដំបូងមិនមាននិយាយ
ពីអ្នកនិពន្ធទេ។ ចូលដល់ខែកញ្ញា ឆ្នាំ១៩៧៩
គណប្រតិភូជាន់ខ្ពស់ដឹកនាំ
ដោយសម្តេច ហេង សំរិន ដែលរូបខ្ញុំ
និងបង កែវ ចិន្តា អមដំណើរផងដែរទៅ
ទស្សនកិច្ចនៅឡាវ។
ក្នុងពិធីជប់លៀងអ្នកចម្រៀងឡាវច្រៀងបទឱភ្នំពេញអើយដោយអ្នក
ឧទ្ទេសនាមបកជាភាសារខ្មែរថាបទ
(ឱភ្នំពេញអើយនិពន្ធដោយសមមិត្ត
កែវ ចិន្តា)
តាំងពីពេលនោះមកមិនមានអ្នកណា
ទាមទារសិទ្ធិជាអ្នកនិពន្ធទេ រាប់ទាំង
ជ័យ សោភា ផងដែរ។
ខ្ញុំសូមនិយាយទៅកាន់កូន ឬចៅលោក
ម៉ម ធឿន វិញម្តង។ ប្រហែលអ្នកផ្សាយ
ព័ត៌មានខុសដោយអចេតនា ដែលថា
លោក ម៉ម ធឿន ជាម្ចាស់បទចម្រៀង
(ឱ ភ្នំពេញអើយ) ខ្ញុំជាអ្នកគ្រប់គ្រងលើឪពុករបស់ក្មួយៗ និងចៅៗ យើងជាយោធា
មិនអាចយកចម្រៀងទៅថតនៅអង្គភាពស៊ីវិលបានទេ បើគ្មានការ
អនុញ្ញាតិពីខ្ញុំនាពេលនោះ។
ខ្ញុំសូមលោក chun sothy ធ្វើការ
កែតម្រូវព័ត៌មាន ដែលបានផ្សាយខុស។
ការខិតខំស្រាវជ្រាវ និងពន្យល់របស់
ខ្ញុំ គឺដើម្បីជៀសវាងការយល់ច្រឡំទៅ
ថ្ងៃក្រោយព្រោះបទចម្រៀង
(ឱភ្នំពេញអើយ) ជាបទចម្រៀងប្រវត្តិសាស្ត្រ៕






