ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំសិក្សា២០២៤-២០២៥ ចំនួន ១៧៨នាក់ ទូទាំងខេត្តតាកែវ

 


✧═══•❁❀❁•═══✧

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំសិក្សា២០២៤-២០២៥ ចំនួន ១៧៨នាក់ ទូទាំងខេត្តតាកែវ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុកទាំង១០ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្តតាកែវ ប្រធានមន្ទីរអង្គភាព និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ព្រមទាំងលោកគ្រូ អ្នកគ្រូ មាតាបិតា និងអាណាព្យាបាល សិស្ស សរុបប្រមាណ ៦២៤នាក់។

ថ្លែងក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានអបអរសាទរ និងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សជ័យលាភីទាំងអស់ ឱ្យបន្តខិតខំសិក្សាលើមុខជំនាញរបស់ខ្លួនដែលបានជ្រើសរើសនៅសាកលវិទ្យាល័យ និងចាប់យកជំនាញឌីជីថលបន្ថែម ដោយហេតុថាបច្ចុប្បន្ននេះ បច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីយ៉ាងសំខាន់សឹងតែគ្រប់ផ្នែកទាំងអស់ ក្នុងគោលដៅពង្រឹងសមត្ថភាពផ្ទាល់ខ្លួនផង និងដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ការកសាងធនធានមនុស្សជាកត្តាសំខាន់នាពេលអនាគត។ ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលជាក្រសួងជំនាញក្នុងវិស័យនេះ បានផ្តល់អាហារូបករណ៍សិក្សាលើជំនាញឌីជីថលជាច្រើនកន្លែងជារៀងរាល់ឆ្នាំ និងបានខិតខំប្រឹងប្រែងដើម្បីសម្រេចបានមហិច្ឆតានាពេលបច្ចុប្បន្ន និងទៅអនាគត ចៀសវាងការផ្តល់សេវារដ្ឋបាលដែលស្មុគ្រស្មាញ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា បច្ចុប្បន្ននេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI បានប្រែក្លាយទៅជាចំណេះដឹងដ៏ទូលំទូលាយ និងអាចទាញយកផលប្រយោជន៍ជាច្រើនក្នុងការប្រើប្រាស់ផងដែរ។

អរគុណសន្ដិភាព




















Post a Comment

Previous Post Next Post