ខេត្តសៀមរាប៖ ក្នុងមួយយប់ៗត្រូវបានគេរាយការណ៍ថាមានក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនលៀសចេញពីឃុំកំពង់ឃ្លាំង ខេត្តសៀមរាប យកទៅលក់នៅប្រទេសវៀតណាមដោយសមត្ថកិច្ចជំនាញក្នុងខេត្តសៀមរាប គ្មានអ្នកទប់ស្កាត់ឡើយ។
ជាក់ស្ដែងកម្លាំងយោធភូមិភាគទី៥ នៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ បានចុះបង្ក្រាបរថយន្តមួយគ្រឿង ដែលកំពុងដឹកជញ្ជូនលៀសខុសច្បាប់ ដោយឈ្មួញនាំចេញពីខេត្តសៀមរាប ឆ្ពោះទៅភ្នំពេញ ហើយបន្តនាំទៅកាន់វៀតណាម។
ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥។
យោងតាមមន្រ្តីយោធាដែលបានចុះបង្ក្រាបរថយន្តមួយគ្រឿងនេះ បានបញ្ជាក់ថា តាមលិខិតអនុញ្ញាតរបស់មន្រ្តីជលផល គឺឲ្យដឹកតែ៣តោនទេ តែឈ្មួញបានលួចដឹករហូតដល់២០តោន។
ក្រោយទទួលបានព័ត៌មាន និងសេចក្តីរាយការណ៍ភ្លាម, កម្លាំងយោធាយោធភូមិភាគទី៥ ដែលឈរជើងនៅខេត្តសៀមរាប បានចេញប្រតិបត្តិការដេញឃាត់រថយន្តបាន តែអ្នកបើកបានបើកទ្វាររត់គេចខ្លួន។
យោងតាមលិខិតដឹកជញ្ជូនដែលចេញដោយលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងលោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផល កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានអនុញ្ញាតឲ្យឈ្មោះ អេង សាយ អាយុ២៥ឆ្នាំ រស់នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ដឹកជញ្ជូនលៀសមានទម្ងន់ ៣០០០គីឡូក្រាម (៣តោន) ក្នុងតម្លៃ ៩០ម៉ឺនរៀល ដោយដឹកចេញពីភូមិព្រែកស្រមោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ឆ្ពោះទៅរាជធានីភ្នំពេញ ដោយឆ្លងកាត់ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តកណ្តាល។
បើតាមមន្រ្តីយោធា, ឈ្មួញដឹកលៀសនេះ ពេលមកដល់ភ្នំពេញ គឺបន្តទៅវៀតណាមតែម្តង។
ក្រោយការឃាត់បានរថយន្តជាមួយលៀសប្រមាណ២០តោន កម្លាំងយោធា នឹងបន្តនីតិវិធី ប្រគល់ជូនរដ្ឋបាលជលផល ដើម្បីចាត់ការបន្តទៀត។
សូមជម្រាបថា ក្រៅពីឈ្មួញមានឈ្មោះខាងលើដែលរងការបង្ក្រាបក៏មានឈ្មួញជាច្រើនទៀតដែលសម្រុកដឹកជញ្ជូនលៀសចេញពីឃុំកំពង់ឃ្លាំង ក្នុងនោះត្រូវបានគេទម្លាយដឹងថាមានឈ្មួញឈ្មោះយាយ សុខ គឺជាថៅកែជើងខ្លាំងក្នុងការប្រមូលទិញលៀសនៅតំបន់ឃុំកំពង់ឃ្នាំង រាប់សិបឆ្នាំមកហើយ។ ករណីយាយ សុខ ប្រមូលទិញលៀយ៉ាងគគ្រឹកគគ្រេងនៅឃុំកំពង់ឃ្លាំងបានដោយរលូនបែបនេះសមត្ថកិច្ចជំនាញនៅតំបន់នោះហាក់មិនអើពើទប់ស្កាត់បង្ក្រាបនោះទេ៕



