ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន បញ្ជាការដ្ឋានអង្គរក្ស


  នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងឱកាសអញ្ជើញដល់ឯកឧត្តម ហេង សួរ និងសហការី ត្រូវបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់នាយឧត្តសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃ ខ.ភ.ម នាយករងខុទ្ធកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។

នៅក្នុងសុន្ទរកថាស្វាគមន៍ ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស បានឲ្យដឹងថា ឆ្លងកាត់ពេលវេលាជាច្រើនឆ្នាំកន្លងមកនេះ បញ្ជាការដ្ឋានអង្គរក្ស ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត និងភាពប៉ិនប្រសព្វរបស់ នាយឧត្តសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ គឺជាកម្លាំងអន្តរាគមន៍ពិសេសចល័តយ៉ាងឆាប់រហ័ស របស់រាជដ្ឋាភិបាល ជាពិសេសបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត។ 

ដោយបានសហការយ៉ាងស្អិតរមួត ជាមួយកងកម្លាំងអង្គភាពចំណុះអគ្គបញ្ជាការដ្ឋាន ក្រសួងការពារជាតិ កងនគរបាលជាតិ និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ជាពិសេសជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះបំពេញបេសកកម្មជូនជាតិនៅទូទាំងប្រទេស ក្លាយជាកម្លាំងសរុបមួយយ៉ាងរឹងមាំ ប្រកបដោយសុវត្ថិភាព សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងប្តេជ្ញាការពារសន្តិសុខសុវត្ថិភាពជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ។ 

បានចូលរួមចំណែកការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ការពារស្ថិរភាព សន្តិសុខសង្គម ការពារភ្ញៀវជាតិ អន្តរជាតិ ដែលបានមកបំពេញបេសកកម្ម នៅព្រះរាជាណាចក្រកម្ពុជា និងការពារប្រជាពលរដ្ឋ ប្រកបដោយសុខសន្តិភាព។ ក្រៅពីការងារស្នូល នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានប្រើប្រាស់កម្លាំងធ្វើជាសេនាធិការជូនកាកបាទក្រហមកម្ពុជា គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមការងារជួយសង្គ្រោះជូនដល់ប្រជាពលរដ្ឋ ដូចជា ជីក-ស្តារប្រឡាយ ដកស្ទូង សង្គ្រោះគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ គ្រោះអគ្គិភ័យ និងគ្រោះមហន្តរាយផ្សេងៗ។ 

ក្នុងបរិបទជំងឺកូវីដ-១៩ បានរីករាលដាលជាសកលលើពិភពលោក ក្នុងនោះប្រទេសកម្ពុជាបានផ្ទុះការឆ្លងរីករាលដាល ក្នុងសហគមន៍ផងដែរ ស្ថិតក្នុងស្ថានភាពដ៏លំបាកនាពេលនោះ កម្លាំងបញ្ជាការដ្ឋានអង្គរក្ស បានខិតខំពុះពារដឹកជញ្ជូន លើក-លី-សែង ស្បៀងអាហារគ្រប់គោលដៅ ចែកជូនផ្ទាល់ដល់ប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់មូលដ្ឋាន ទាំង ១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ រាប់ម៉ឺនតោន ជាពិសេសដឹកជញ្ជូនពលករចំណាកស្រុក មកពីក្រៅប្រទេសមកធ្វើចត្តាឡីស័ក នៅតាមមណ្ឌលសុខភាព និងដឹកប្រជាពលរដ្ឋដែលបានឆ្លងជំងឺកូវីដ-១៩ ទៅព្យាបាលនៅតាមមណ្ឌលសុខភាព មន្ទីពេទ្យ តាមបណ្តារាជធានី-ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងឪកាសនោះ ឯកឧត្តម ហេង សួរ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងស្នាដៃនានារបស់នាយទាហាន ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងមានការលះបង់ខ្ពស់ ក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយភាពស្មោះត្រង់ បម្រើ ការពារប្តូរផ្តាច់ លើការការពារសុវត្ថិភាពសន្តិសុខជូនប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងកិច្ចការពារបូរណភាពទឹកដី ព្រមទាំងកិច្ចការសង្គមកិច្ចជាច្រើនទៀត។ 

ឯកឧត្តម រដ្ឋមន្ត្រី បានចាត់ទុកថា បញ្ជាការដ្ឋានអង្គរក្ស គឺជាកម្លាំងស្នូលនៃ ខ.ភ.ម និងមិនអាចខ្វះបាន ដែលបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងកិច្ចការការពារសុវត្ថិភាពសន្តិសុខរបស់ថ្នាក់នាំប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជម្រុញនិងលើកទឹកចិត្តដល់បញ្ជាការដ្ឋានអង្គរក្ស បន្តអនុវត្តនូវតួនាទីភារកិច្ចដ៏ល្អរបស់ខ្លួនបន្តទៅទៀត លើកិច្ចការពារសន្តិសុខសុវត្ថិភាពជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ឲ្យទទួលបានជោគជ័យ១០០% ដើម្បីជាម្លប់ដ៏ត្រជាក់ និងដើម្បីដឹកនាំប្រទេសកម្ពុជាកាន់តែរីកចម្រើន ព្រមទាំងរក្សាបាននូវសុខសន្តិភាពរាប់រយ-ពាន់ឆ្នាំតទៅមុខទៀត។

ឯកឧត្តម ហេង សួរ ក៏បានផ្ដល់អំណោយឧបត្ថម្ភដល់បញ្ជាការដ្ឋានអង្គរក្ស មានភេសជ្ជៈស្រាបៀរ ចំនួន ៨០០កេស. មីជាតិ ៨០០កេស. អង្ករ ៤០តោន. ទឹកស៊ីអ៊ីវ ២០០០ យូរ. ទឹកត្រី ២០០០ យូរ. ត្រីខ ចំនួន ៤០០កេស និងថវិកាចំនួន ២០០ លានរៀល៕



































Post a Comment

Previous Post Next Post