ស្នងការនគរបាលរាជធានីភ្នំពេញ ប្រជុំផ្សព្វផ្សាយបទបញ្ជារបស់សម្តេចធិបតី ពាក់ព័ន្ធការបង្ការទប់ស្តាត់ និងបង្ក្រាបល្បែងស៊ីសងផ្សងសំណាង


   ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ពាក់ព័ន្ធទៅលើការបង្ការទប់ស្តាត់ និងបង្ក្រាបល្បែងស៊ីសងផ្សងសំណាង។

លោកឧត្តមសេនីយ៍ស្នងការ បានដាក់បទបញ្ជាដូចខាងក្រោម៖

*ទី១៖ បង្ក្រាបល្បែងផ្សងសំណាង ដែលគ្មានច្បាប់អនុញ្ញាត។

*ទី២៖ ល្បែងផ្សងសំណាង ដែលហួសសពុលភាព អាជ្ញាប័ណ្ណ ត្រូវណែនាំឱ្យបង្ក្រាប។

*ទី៣៖ ល្បែងផ្សងសំណាងមានអាជ្ញាប័ណ្ណស្របច្បាប់ ប៉ុន្តែធ្វើអាជីវកម្មខុសទីតាំងអាជ្ញាប័ណ្ណត្រូវធ្វើការបង្ក្រាប។

*ទី៤៖ បង្កើតក្រុមការងារតាមដានត្រួតពិនិត្យស្រាវជ្រាវបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងក្លឹបកំសាន្តដែលលួចផ្តល់ទីតាំងឱ្យប្រើប្រាស់សារធាតុញៀនខុសច្បាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាឱ្យផ្អាករាល់ការចេញអាជ្ញាប័ណ្ណ ឬការផ្ដល់សិទ្ធិបើកទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាន។

ជាមួយគ្នានេះ សម្ដេចធិបតី បានណែនាំឱ្យគណៈកម្មការគ្រប់គ្រងល្បែងស៊ីសងកម្ពុជា ចំណុះឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ រួមទាំងបណ្ដាភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យឡើងវិញ និងរៀបចំឡើងវិញនូវគោលការណ៍ និងវិធានការគ្រប់គ្រងល្បែងផ្សងសំណាងនានានៅទូទាំងប្រទេស។

ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាដល់អភិបាលរាជធានីខេត្តទាំងអស់ ចាត់វិធានការជាបន្ទាន់ ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាននៃដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីមានបន្តបើក ថ្មីៗទៀត សូមចាត់វិធានការបិទជាបន្ទាន់ ហើយរាយការណ៍មកសម្ដេច ដើម្បីចាត់វិធានការបន្ត ដែលអាចឈានដល់ការដកអាជ្ញាបណ្ណនៅក្នុងខេត្ត ឬនៅទូទាំងប្រទេសតែម្ដង៕


















Post a Comment

Previous Post Next Post