ភ្នំពេញ ៖ តាមរយៈសេចក្ដីថ្លែងការណ៍ សមាគម អង្គការ ចំនួន ១២ ស្ថាប័ន បានលើកឡើងថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងដែលនឹងផ្ដល់ប្រយោជន៍យ៉ាងសម្បើមសម្រាប់ប្រជាជនកម្ពុជា។ អត្ថប្រយោជន៍ដែលសមាគម អង្គការ ទាំង ១២ស្ថាប័ន មើលឃើញ រួមមាន ទី១ ការកាត់បន្ថយរយៈចម្ងាយ ទី២ ការកាត់បន្ថយតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ទី៣ ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ទី៤ ការអភិវឌ្ឍផែរណបថ្មីៗ ទី៥ ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ទី៦ ប្រព័ន្ធធារាសាស្រ្ដ ទី៧ វារីវប្បកម្ម និងទី៨ ទេសចរណ៍ និងការចិញ្ចឹមសត្វជាដើម។ ក្រៅពីអត្ថប្រយោជន៍ទាំងនេះ ព្រែកជីកហ្វូណន-តេជោ ក៏នឹងក្លាយជាប្រព័ន្ធរំដោះទឹកជំនន់ផងដែរ ដែលសព្វថ្ងៃនេះ នាអំឡុងរដូវវស្សាទឹកជំនន់តែងតែវាយប្រហារខេត្ដតាកែវ។
សមាគម អង្គការទាំង ១២ស្ថាប័ន បានបន្តទៀតថា អ្វីដែលរាជរដ្ឋាភិបាល គឺសំដៅនាំផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជន ប៉ុន្ដែគឺជារឿងដែលគួរឲ្យសោកស្ដាយបំផុត ដែលវិទ្យុអាស៊ីសេរី មិនដែលទទួលស្គាល់ការពិត ហើយតែងតែវាយប្រហារលើការខិតខំរបស់រាជរដ្ឋាភិបាល។ ជាក់ស្ដែងដូចជាគម្រោងព្រែកហ្វូណន-តេជោ វិទ្យុនេះ បានបន្តវាយប្រហារ បន្ទច់បង្អាប់ ផ្ទុយពីការពិតគ្រប់ពេលវេលា។ សមាគម អង្គការទាំង ១២ស្ថាប័ន បានអំពាវនាវដល់វិទ្យុអាស៊ីសេរីឲ្យឈប់សកម្មភាពបំផ្លាញជាតិព្រោះប្រាក់បន្តិចបន្ទូចរបស់បរទេសបន្តទៀត។
ចំពោះការវាយប្រហារលើកិច្ចការរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយវិទ្យុបរទេសដែលផ្សាយជាភាសាខ្មែរ កំពុងជ្រកកោននៅបរទេសនោះ លោក ជុំ កុសល អ្នកតាមដានការអភិវឌ្ឍសង្គម និងនយោបាយ មានប្រសាសន៍ថា វិទ្យុបរទេសរត់ចោលស្រុកនោះ មិនដែលនិយាយការពិតពីកម្ពុជានោះទេ ហើយអ្វីដែលពួកគេធ្វើគឺបំណងតែមួយគត់ ប្រឆាំងភាពរីកចម្រើនរបស់កម្ពុជា។
លោក ជុំ កុសល មានប្រសាសន៍ថា ៖«ទីមួយខ្ញុំមើលឃើញថា ប្រព័ន្ធផ្សព្វផ្សាយវិទ្យុអាស៊ីសេរីមួយនេះ គឺមិនបានបម្រើផលប្រយោជន៍ប្រទេសកម្ពុជាទេ ពិសេសគឺខ្ញុំសំដៅដល់មនុស្សខ្មែរមួយចំនួនតូច ដែលបម្រើការស៊ីឈ្នួលឲ្យវិទ្យុបរទេសនិយាយភាសាមួយនេះ គឺមានតែបភ្លៃបំផ្លើស បំប៉ោង និងសំអុយ សម្រាប់កម្ពុជា។ ពាក់ព័ន្ធរឿងព្រែកជីកហ្វូណន-តេជោ សម្ដេចប្រមុខរាជរដ្ឋាភិបាលលោកបានបញ្ជាក់ហើយ តាំងពីសម្ដេចតេជោ ហ៊ុន សែន រហូតដល់បច្ចុប្បន្ននេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ហើយថា គោលដៅតែមួយគត់ គឺដើម្បីផ្នែកដឹកជញ្ជូននាវាចរណ៍ ពីព្រោះប្រទេសយើងក៏ដូចប្រទេសដទៃទៀតដែរ គឺយើងត្រូវការផ្លូវគមនាគមន៍។
យើងមានផ្លូវអាកាស ផ្លូវគោក ហើយច្រកកំពង់សោមយើងនេះ យើងកំពុងធ្វើកំពង់ផែទឹកជ្រៅ ហើយឥឡូវនេះដើម្បីសម្រួលផ្នែកនាវាចរណ៍នេះទៀត រាជរដ្ឋាភិបាលលោក មានលទ្ធភាព កសាងព្រែកជីកហ្វូណន-តេជោ ដើម្បីសម្រួលដល់នាវាចរណ៍ ដឹកទំនិញ ពីទឹកសាប ទៅកាន់សមុទ្រ ដែលជាប្រយោជន៍សេដ្ឋកិច្ច អ៊ីចឹងការធ្វើនេះគឺដើម្បីប្រយោជន៍សេដ្ឋកិច្ច អ៊ីចឹងការវាយប្រហារទាំងឡាយនោះ គឺដើម្បីបំផ្លាញ ព្យាយាមធ្វើយ៉ាងណាបន្ទុចបង្អាក់ កុំឲ្យកម្ពុជាកើតចេញនូវសមិទ្ធផលដែលជាប្រយោជន៍ជាតិ ដែលនេះគឺជាប្រពៃណីរបស់ក្រុមជ្រុលនិយមទៅហើយ»។
សូមជម្រាបជូនថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាការកសាងផ្លូវនាវាចរណ៍តភ្ជាប់ពីទន្លេមេគង្គ ទៅកាន់ផ្លូវសមុទ្រ ដែលមានប្រវែងសរុប ១៨០គីឡូម៉ែត្រ។ គម្រោងព្រែកជីកហ្វូណន-តេជោ ផ្ដើមពី ព្រែកតាកែវ ឆ្លងកាត់ ព្រែកតាឯក ចូលតាម ព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រកែប ដែលត្រូវឆ្លងកាត់ខេត្ដចំនួន ៤ ដែលរួមមាន ខេត្ដកណ្ដាល តាកែវ កំពត និងខេត្ដកែប។ ប្រជាជនប្រមាណ ១លាន ៦សែននាក់ ដែលរស់នៅអមសងខាងគម្រោងព្រែកជីកហ្វូណន-តេជោ នឹងអាស្រ័យផលពីព្រែកជីកនេះ។
គម្រោងព្រែកជីកហ្វូណន-តេជោ មានខ្នាតទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ ដែលក្នុងនោះជម្រៅនាវា ៤,៧ម៉ែត្រតែប៉ុណ្ណោះ។ គម្រោងព្រែកជីកហ្វូណន-តេជោ នឹងមានសន្ទះផ្លូវនាវាចរ ចំនួន ៣កន្លែង ស្ពានចំនួន ១១ខ្សែ ផ្លូវអមសងខាងប្រវែង ២០៨គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយពេលខ្ទង់ ៤ឆ្នាំក្នុងការកសាង ដោយចំណាយថវិកា ១៧០០លានដុល្លារ។ តាមការបញ្ជាក់របស់រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពាក់កណ្ដាលខែមករា កន្លងទៅនេះថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដែលត្រូវបានប្រសិទ្ធនាមថាគម្រោង «ព្រែកជីកហ្វូណន-តេជោ» គ្រោងបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០២៤នេះ៕