ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះដឹកនាំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅមណ្ឌលភូមិភាគទី៨


   «បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺបោះឆ្នោតជូនខ្លួនឯង និងបោះឆ្នោតដើម្បីការពារសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ»។ នេះជាការអំពាវនាវរបស់ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងខេត្តក្រចេះស្ថិតក្នុងមណ្ឌលភូមិភាគ៨ ដោយមានការអញ្ជើញចូលរួមពីអង្គបោះឆ្នោត និងថ្នាក់ដឹកនាំសរុបជាង ៣០០ នាក់។ ឯកឧត្តមប្រធានក្រុមការងារបានថ្លែងថា គណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាគណបក្សនយោបាយតែមួយគត់ដែលបានដើរតួនាទីស្នូលក្នុងសង្គ្រោះជាតិ នាំយកសុខសន្តិភាពពេញលេញ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនដូចសព្វថ្ងៃនេះ ហើយគ្មានគណបក្សណាមួយអាចមកជំនួសតួនាទីគណបក្សប្រជាជនកម្ពុជាបានឡើយ។ 

គណបក្សប្រជាជនកម្ពុជាដែលតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា ដកស្រង់សាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, រយៈពេល ៤៥ ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជាបានទទួលនូវជំនឿទុកចិត្ត ការជឿជាក់ និងគាំទ្រយ៉ាងរឹងមាំពីប្រជាពលរដ្ឋ និងបានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាបំពេញបេសកកម្មបម្រើជាតិប្រកបដោយជោគជ័យ តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍រហូតមក សម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ។ បច្ចុប្បន្ន ប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោមម្លប់នៃសុខសន្តិភាព និងការឯកភាពជាតិ ហើយកំពុងឈានទៅមុខយ៉ាងស្វាហាប់ដោយក្តីសង្ឃឹមលើមាគ៌ាប្រជាធិបតេយ្យ និងការអភិវឌ្ឍ។ ឯកឧត្តម នេត្រ ភក្ត្រា បានជម្រាបជូនអង្គបោះឆ្នោតនៃគណបក្សប្រជាជនកម្ពុជាថា ទោះក្នុងកាលៈណាក៏ដោយ គណបក្សប្រជាជនកម្ពុជាដែលបង្កើតឡើងដោយប្រជាជន ដើម្បីប្រជាជននិងសម្រាប់ប្រជាជន នៅរួមរស់ជាមួយប្រជាជន និងបម្រើផលប្រយោជន៍ប្រជាជនជានិច្ច។ 

យោងតាមរបាយការណ៍របស់គណៈកម្មាធិការគណបក្សខេត្តដែលអានដោយឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការបក្សខេត្តក្រចេះ, ខេត្តក្រចេះមានមានសមាជិក្រុមប្រឹក្សាឃុំសង្កាត់សរុបចំនួន ៣០០ រូបក្នុងនោះក្រុមប្រឹក្សាឃុំសង្កាត់ជាអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាមានចំនួន ២៤៤ នាក់និងសមាជិករដ្ឋសភាចំនួន ៣ នាក់សរុប ២៤៧ រូប។ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សប្រជាជនកម្ពុជាមានសតិអារម្មណ៍ល្អ មានគោលជំហរស្មោះត្រង់ មានសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ហើយប្តេជ្ញាចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១ នៅលើសន្លឹកឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខដើម្បីគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំស្ថាប័នព្រឹទ្ធសភាបន្តទៀត។ គួរបញ្ជាក់ថាភូមិភាគទី៨ មានអាសនៈចំនួន ៦ និងបណ្តុះខេត្តចំនួន ៦ រួមមានខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី។ 

ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងថាបោះឆ្នោតព្រឹទ្ធសភាជាការបោះឆ្នោតអសកល ប៉ុន្តែពិតជាមានសារៈសំខាន់ដ៏ធំធេង និងជាការពង្រឹងដំណើរការប្រជាធិបតេយ្យនិងនីតិរដ្ឋនៅកម្ពុជា។ ឯកឧត្តមបានអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ បោះឆ្នោតជូនគណបក្សប្រជជនកម្ពុជាដើម្បីសម្តេចតេជោ ហ៊ុន សែន ធ្វើជាប្រធានព្រឹទ្ធសភា។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈរួចហើយឈរឈ្មោះជាបេក្ខភាពសម្រាប់ប្រធានព្រឹទ្ធសភានាពេលខាងមុខ។ ឯកឧត្តមក៏បានជម្រាបជូនអង្គបោះឆ្នោតពីគោលនយោបាយអាទិភាពរបស់គណបក្សប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍប្រទេស និងគោលការណ៍គ្រឹះនៃការអភិវឌ្ឍឃុំសង្កាត់។ 

ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារគណបក្សបានស្នើដល់អង្គបោះឆ្នោតយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន ពិនិត្យឯកសារសម្រាប់ការបោះឆ្នោត តាមដានប្រតិទិនពាក់ព័ន្ធនឹងការបោះឆ្នោតឱ្យបានជាប់ជាប្រចាំ និងគោរពឱ្យបានខ្ជាប់ខ្ជួនបទបញ្ញត្តិច្បាប់នានា ពាក់ព័ន្ធទៅនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាផងដែរ៕
































Post a Comment

Previous Post Next Post