អភិបាលខេត្តកំពត ណែនាំមន្ត្រីបន្តពង្រឹងការផ្តល់សេវាជូនពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព


[ខេត្តកំពត]៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានណែនាំមន្ត្រីរាជការទាំងអស់ បន្តពង្រឹងការអនុវត្តតួនាទី និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងទាន់ពេលវេលា និងទប់ស្កាត់រាល់សកម្មភាពមិនប្រក្រតី ដើម្បីលើកកម្ពស់ភាពជឿជាក់របស់ប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត។

ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា មន្ត្រីរាជការមានកិត្តិយស និងសេចក្តីថ្លៃថ្នូរខ្ពស់ នៅក្នុងសង្គម ដូច្នេះត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

ឯកឧត្តម បានបញ្ជាក់ថា មន្ត្រីគ្រប់រូប ត្រូវមានគុណធម៌ សីលធម៌ និងឥរិយាបថល្អ ព្រមទាំងក្លាយជាមន្ត្រីគំរូ មានសមត្ថភាព និងការទទួលខុសត្រូវខ្ពស់។ ជាពិសេស មន្ត្រីបម្រើការនៅ “ច្រកចេញចូលតែមួយ” ត្រូវអនុវត្តការងារឲ្យបានច្បាស់លាស់ រហ័ស និងត្រឹមត្រូវ ដោយមិនអនុញ្ញាតឲ្យមានអ្នករត់ការឯកសារខុសច្បាប់ ឬសកម្មភាពដែលប៉ះពាល់ដល់ភាពជឿជាក់របស់ប្រជាពលរដ្ឋឡើយ។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពនានា ត្រូវបន្តរក្សា និងលើកកម្ពស់វប្បធម៌កត្តញ្ញូ ការចែករំលែក និងការជួយគ្នាទៅវិញទៅមក ព្រមទាំងចេះទទួលយកមតិរិះគន់ ដើម្បីកែលម្អការងារឲ្យកាន់តែល្អប្រសើរ ក្នុងគោលបំណងបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ។

លើសពីនេះ ឯកឧត្តម ក៏បានអំពាវនាវឲ្យយុវជន បន្តថែរក្សាវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដូនតា កុំឲ្យបាត់បង់ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ត្រូវចូលរួមលេងកម្សាន្ត និងប្រារព្ធពិធីតាមបែបប្រពៃណីល្អៗរបស់ដូនតាខ្មែរ  ជៀសវាងសកម្មភាពណាដែលផ្ទុយនឹងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល៕

<អរគុណសន្តិភាព>

<កម្ពុជាត្រូវការសន្តិភាព>




















Post a Comment

Previous Post Next Post