✧═══•❁❀❁•═══✧
[ខេត្តកំពង់ធំ]៖ នាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីអប់រំសុខភាព និងអនាម័យដល់សិស្សានុសិស្សមកពីវិទ្យាល័យរស្មីសោភ័ណ ប្រមាណ១០០០នាក់ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។
ថ្លែងក្នុងឱកាសសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ឱ្យដឹងថា ប្រទេសកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំដែលឆ្លើយតបទៅនឹងបរិបទតំបន់និងសកលលោក។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា គុណតម្លៃស្នូលនៃវិស័យអប់រំគឺអភិវឌ្ឍធនធានមនុស្សឱ្យបានពេញលេញ មានចំណេះដឹង សុខភាពល្អ សមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត នវានុវត្តន៍ ស្មារតីសហគ្រិនភាព និងក្រមសីលធម៌ខ្ពស់ ដើម្បីរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ពង្រឹងការប្រកួតប្រជែង និងលើកកម្ពស់ផលិតភាពឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្នុងបរិបទនេះការលើកកម្ពស់សុខភាពសិក្សាមានតួនាទីសំខាន់ក្នុងការផ្ដល់ជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមិនអាចខ្វះបានក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស ដោយផ្តើមចេញពីការគាំទ្រអនុវត្តតាមបែបបពហុវិស័យបញ្ចូលគ្នាឆ្លើយតបនឹងគោលនយោបាយជាតិស្ដីពីសុខភាពសិក្សា និងផែនការសកម្មភាពជាតិស្ដីពីសុខភាពសិក្សាឆ្នាំ២០២១-២០៣០ និងបានណែនាំដល់ក្មួយៗសិស្សានុសិស្សឱ្យបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អថែមទៀត ដោយរក្សាខ្ជាប់ខ្ជួននូវអនាម័យ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ជាពិសេសការរក្សាសុវត្ថិភាពចំណីអាហារ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ក៏បាននាំយកកាដូអនុស្សាវរីយប្រគល់ជូនដល់ក្រុមគ្រូពេទ្យ និងសិស្សានុសិស្សនៃវិទ្យាល័យរស្មីសោភ័ណ ដែលបានចូលរួមក្នុងកម្មវិធីផងដែរ៕
អរគុណសន្តិភាព
























