✧═══•❁❀❁•═══✧
[ខេត្តកណ្តាល]៖ នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តអញ្ជើញចូលរួមក្នុងពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក អន សារិទ្ធ ទីប្រឹក្សាផ្ទាល់សម្តេច មហាបវរធិបតី នាយករដ្ឋមន្ត្រី ឋានៈស្មើរដ្ឋលេខាធិការ និងជាសមាជិកលេខា ធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (គណៈយុទ្ធមិត្តបម្រើ កងទ័ពជំនាន់ឆ្នាំ១៩៧៨) នៅក្នុងនៅគេហដ្ឋាននៃសព ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានទទួលមរណភាព កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៧:៤០នាទីល្ងាច ដោយរោគាពាធ ។
ស្ថិតក្នុងពិធីដ៏ក្រៀមក្រំនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត ព្រមទាំងគណៈប្រតិភូខេត្តកណ្តាល បានអញ្ជើញ អុជធូប ស្មិងស្មាធិ៍ គោរពឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក អន សារិទ្ធ សូមឆាប់បានចាប់កំណើត ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យជាមួយក្រុមគ្រួសារនៃសពផងដែរ។
ឯកឧត្តមទាំងពីរបានថ្លែងនូវការសោកស្តាយចំពោះ មរណភាពរបស់ឧត្តមសេនីយ៍ឯក អន សារិទ្ធ ដែលជាការបាត់បង់នូវបីតា និងជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅប្រកបដោយព្រហ្មវិហារធម៌ ដែលបានប្រឹងប្រែងអស់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ប្រកបដោយទឹកចិត្តស្វាមីភក្តី ចំពោះជាតិ និងតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ បន្ទប់មក ឯកឧត្តមអភិបាលខេត្ត ក៍បានអញ្ជើញសរសេរសារក្នុងសៀវភៅរំលែកមរណទុក្ខ ដោយបានរៀបរាប់ពីការសោកស្តាយជាពន់ពេក ចំពោះមរណភាពរបស់ឧត្តមសេនីយ៍ឯក អន សារិទ្ធផងដែរ។























