ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់រដ្ឋបាលខេត្តកំពង់ចាម


✧═══•❁❀❁•═══✧

[ខេត្តកំពង់ចាម]៖ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម។

ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តកំពង់ចាម ដែលតាមរយៈរបាយការណ៍ដែលលើកឡើងដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញពីសមិទ្ធផលការងារធំៗ ដែលរដ្ឋបាលខេត្តសម្រេចបានក្នុងឆ្នាំ២០២៥កន្លងទៅ ជាមួយនឹងទិសដៅការងារ ច្បាស់លាស់ប្រកបដោយទស្សនវិស័យមុតស្រួចសម្រាប់ឆ្នាំ២០២៦ខាងមុខផងដែរ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានលើកឡើងថា កម្ពុជាយើងគឺពិតជាមានភ័ព្វសំណាងទ្វេដង ដែលពីមុនយើងមានកំពូលរដ្ឋបុរស អគ្គមគ្គទេសក៍ឯក បិតាស្ថាបនិកសន្តិភាព គឺ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលបានកសាងនិងរក្សាបាននូវគ្រឹះសន្តិភាពដ៏រឹងមាំ ហើយបច្ចុប្បន្នយើងមាន កុលបុត្របន្តវេនដ៏ឧត្តុង្គឧត្តម ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ដើម្បីបន្តថែរក្សាការពារមរតកសន្តិភាពដ៏ថ្លៃថ្លាពីអ្នកដឹកនាំជំនាន់មុន និងបន្តរក្សាសមិទ្ធផលសំខាន់ៗ ព្រមទាំងដើម្បីពង្រឹងពង្រីកនូវសមិទ្ធផលសង្គមជាតិ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានផ្ដល់អនុសាសន៍ណែនាំ លើកិច្ចការសំខាន់ៗមួយចំនួន ជូនដល់រដ្ឋបាលខេត្ត និងអាជ្ញាធរ ព្រមទាំង កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ចាម ត្រូវយកចិត្តទុកដាក់ខិតខំរួមគ្នាប្ដេជ្ញាចិត្តអនុវត្តឲ្យសម្រេចបានលទ្ធផលល្អប្រសើរនៅក្នុងឆ្នាំ២០២៦ រួមមាន៖

*ទី១៖ ត្រូវរក្សាឲ្យបានដាច់ខាតនូវ សន្តិភាព ស្ថិរភាព នយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម

*ទី២៖ ត្រូវបន្តយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីសន្តិសុខ និងសុវត្ថិភាពសង្គម ដូចជា គ្រឿងញៀន, ក្មេងទំនើង និងបទល្មើស Online scam ជាដើម

*ទី៣៖ ត្រូវយកចិត្តទុកដាក់បង្កើនប្រសិទ្ធភាពការផ្ដល់សេវាសាធារណៈ ដែលជាចំណុចសំខាន់សម្រាប់រដ្ឋបាលខេត្ត ពិសេសថ្នាក់មូលដ្ឋានឃុំ សង្កាត់ ដែលនៅជាប់ជាមួយប្រជាពលរដ្ឋផ្ទាល់

*ទី៤៖ រដ្ឋបាលខេត្ត រួមជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ត្រូវគិតគូរអភិវឌ្ឍន៍បន្ថែមក្នុងខេត្ត ក្នុងនោះ មានទាំងហេរដ្ឋាសម្ព័ន្ធ រិះរកសក្ដានុពលក្នុងខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ ភូមិ និងកែច្នៃបង្កើនតំបន់ទេសចរណ៍ថ្មីៗជាដើម

*ទី៥៖ រដ្ឋបាលខេត្ត ក្រុងស្រុក ឃុំសង្កាត់ គ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ពង្រឹងរបៀបរបរការងារ ពោលត្រូវបំពេញតួនាទី ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ត្រូវមានរបបប្រជុំទៀងទាត់ និងក្ដាប់សំណូមពរ បញ្ហាប្រឈម

*ទី៦៖ ត្រូវខិតខំរៀនសូត្រកសាងសមត្ថភាពបន្ថែមទៀត ព្រោះមុខវិជ្ជាជំនាញអ្វីក៏ដោយ គឺសុទ្ធតែមានការវិវត្តប្រែប្រួល ដូច្នេះ មន្ត្រីរាជការ កងកម្លាំង ត្រូវបង្កើនការរៀនសូត្របន្ថែម ចំណេះជំនាញបន្ថែម ការធ្វើបរិវត្តកម្មឌីជីថល។ លើសពីនេះ ត្រូវយកចិត្តទុកដាក់ព័ត៌មានបណ្តាញសង្គម ឆ្លើយតប បំភ្លឺ និងដោះស្រាយឲ្យបានទាន់ពេលវេលា

*ទី៧៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ក្រុងស្រុកទាំង១០ ត្រូវបន្តជួយអភិវឌ្ឍន៍ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ, បន្តចុះ វេទិកាសាធារណៈ ក្ដាប់សំណូមពរ ដោះស្រាយ ទាក់ទាញវិនិយោគ បង្កើតការងារជួយពលរដ្ឋក្នុងខេត្ត៕

















Post a Comment

Previous Post Next Post