ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ព្រមទាំងជំនួយការ ទីប្រឹក្សា និងមន្ត្រីរាជការទាំងអស់នៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចូលរួមយុទ្ធនាការធ្វើជំរឿនមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី និងអង្គភាពចំណុះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់។
យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនេះ ត្រូវបានរៀបចំឡើងដោយរាជរដ្ឋាភិបាល ដែលមានក្រសួងមុខងារសាធារណៈជាសេនាធិការ ក្នុងគោលបំណងប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ ឯកភាព និងអាចប្រើប្រាស់រួមគ្នាបានប្រកបដោយប្រសិទ្ធភាព។
ជាមួយគ្នានេះ យុទ្ធនាការធ្វើជំរឿនមន្ត្រីរាជការស៊ីវិល គឺជាផ្នែកមួយនៃការអនុវត្តគោលនយោបាយកំណែទម្រង់វិស័យមុខងារសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតលើគោលដៅសំខាន់ៗចំនួនបី រួមមាន៖
១- ការរៀបចំប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ស្របតាមគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព។
២- ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពស្ថាប័ន ដោយឈរលើអភិក្រម «រៀបចំផ្ទះឱ្យរៀបរយ» និង «ពង្រឹងជាជាងពង្រីក»។
៣- ការពង្រឹងការគ្រប់គ្រងមន្ត្រីតាមក្រសួង និងស្ថាប័នថ្នាក់ជាតិ តាមរយៈការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងការធ្វើជំរឿនមន្ត្រីជាក់ស្តែង ដើម្បីកំណត់ឱ្យបានច្បាស់លាស់អំពីស្ថានភាពរចនាសម្ព័ន្ធ និងធនធានមនុស្ស ព្រមទាំងអភិវឌ្ឍប្រព័ន្ធទិន្នន័យគ្រប់គ្រងមន្ត្រី និងកែលម្អប្រព័ន្ធបើកបៀវត្សឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការជាក់ស្តែងក្នុងការជ្រើសរើស និងគ្រប់គ្រងមន្ត្រីរាជការ។
សូមជម្រាបថា ទីស្តីការគណៈរដ្ឋមន្ត្រី គឺជាស្ថាប័នទី១៣ ដែលគណៈកម្មការជំរឿនបាន និងកំពុងអនុវត្តការធ្វើជំរឿនមន្ត្រីជាក់ស្តែង បន្ទាប់ពីបានអនុវត្តនៅក្រសួងទេសចរណ៍។
រូបភាព៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល




