អ្នកនាំពាក្យក្រសួងការពារជាតិ៖ កងកម្លាំងកម្ពុជា កំពុងឈរជើងយ៉ាងរឹងមាំ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា, គោលដៅការពារខ្លួនរបស់កម្ពុជា ផ្តោតតែលើយោធាប៉ុណ្ណោះ មិនតម្រង់ទៅជនស៉ីវិលឡើយ


✧═══•❁❀❁•═══✧

លោកជំទា​វ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា កងកម្លាំងកម្ពុជា កំពុងឈរជើងយ៉ាងរឹងមាំ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ហើយគោលដៅការពារខ្លួនរបស់កម្ពុជា ផ្តោតតែលើយោធាប៉ុណ្ណោះ មិនតម្រង់ទៅជនស៉ីវិលឡើយ។

លោកជំទា​វបានថ្លែងបែបនេះ ក្នុងឱកាសអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ក្រោយកងទ័ពថៃ បានបើកការវាយប្រហារមកលើកងទ័ពនិងជនស៊ីវិលកម្ពុជា» គិតត្រឹមរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥។

លោកជំទា​វ​ ម៉ាលី សុជាតា បានបញ្ជាក់យ៉ាងដូច្នេះ «សូមគូសបញ្ជាក់ផងដែរថា គិតមកដល់ម៉ោងនេះ កងកម្លាំងរបស់កម្ពុជានៅបន្តឈរជើងយ៉ាងរឹងមា​ំក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា»។

អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានអំពាវនាវភាគីថៃ គោរពសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។

សូមជម្រាបថា ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានតានតឹងបន្ទាប់ពីយោធាថៃ បានបើកការបាញ់ប្រហារមកលើកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ​ ឆ្នាំ២០២៥៕

Post a Comment

Previous Post Next Post