ឯកឧត្តម ហ៊ុន ម៉ានី៖ ពេលនេះ ម៉ោងនេះ ស្មារតី ទឹកចិត្ត ទំនុកចិត្ត និងភាពជឿជាក់របស់ប្រជាជនកម្ពុជាគ្រប់រូប ស្ថិតនៅជាមួយវីរៈកងទ័ព មិនថានៅក្នុងកាលៈទេសៈណាឡើយ


✧═══•❁❀❁•═══✧

បន្ទាប់ពីភាគីថៃ បានបើកការវាយប្រហារមកលើកម្ពុជា នៅតំបន់ព្រំដែន នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហោះសារអំពាវនាវឱ្យប្រជាជនខ្មែរ រួមគ្នាបញ្ចេញសំឡេង ឱ្យបានឮទូទាំងពិភពលោក ហើយថា ពេលនេះ ម៉ោងនេះ ស្មារតី ទឹកចិត្ត ទំនុកចិត្ត និងភាពជឿជាក់របស់ប្រជាជនកម្ពុជាគ្រប់រូប គឺស្ថិតនៅជាមួយវីរៈកងទ័ព មិនថានៅក្នុងកាលៈទេសៈណាឡើយ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បង្ហោះសារដូច្នេះថា៖

នៅព្រឹកថ្ងៃទី៨ ខែធ្នូ សន្តិភាពកម្ពុជាត្រូវបានបំផ្លាញជាថ្មីម្តងទៀត ជាពិសេសចាប់តាំងពីព្រឹត្តិការណ៍នៃ «សេចក្តីថ្លែងការណ៍រួម» ដែលបានចុះហត្ថលេខា នៅថ្ងៃទី២៦ ខែតុលា នៅទីក្រុងគូឡាឡាំពួ ក្រោមវត្តមានរបស់ប្រធានាធិបតី Trump, នាយករដ្ឋមន្ត្រី Anwar Ibrahim រួមជាមួយនឹងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តី Anutin Charnvirakul ។

ម្តងទៀត ថ្ងៃនេះ សំឡេងកាំភ្លើង អាវុធធុនធ្ងន់ និងកាំភ្លើងធំ បានផ្ទុះឡើង ដែលបង្កើតការភ័យខ្លាចក្នុងចំណោមប្រជាជនយើង។ រូបភាពប្រជាជនយើង និងជាពិសេសកូនសិស្សសាលារបស់យើង ដែលទើបតែមកដល់សាលា ត្រូវរត់ទាំងភ័យស្លន់ស្លោដោយសារហេតុការណ៍ដ៏គ្រោះថ្នាក់នេះ។

អ្វីដែលកម្ពុជាចង់បាន គឺសន្តិភាព ដែលយើងតែងប្រកាន់យកយ៉ាងខ្ជាប់ខ្ជួន និងអស់ពីចិត្ត។ យើងបានរក្សាជំហរស្មោះត្រង់ ក្នុងការជ្រើសរើសយកនូវដោះស្រាយជម្លោះព្រំដែន ដោយមិត្តភាព មិនមែនតាមមធ្យោបាយយោធា និងដោយយើងថែរក្សាសិទ្ធិក្នុងការប្រើប្រាស់មធ្យោបាយយោធា ក្នុងការការពារខ្លួនតែប៉ុណ្ណោះ។

សូមឲ្យសំឡេងខ្មែរ បានឮទូទាំងពិភពលោក ហើយសូមឲ្យសន្តិភាព បន្តមានដើម្បីជាប្រយោជន៍ប្រជាជនកម្ពុជាយើង និងប្រជាជនថៃដូចគ្នាដែរ។ ពេលនេះ ម៉ោងនេះ ស្មារតី ទឹកចិត្ត ទំនុកចិត្ត និងភាពជឿជាក់របស់ប្រជាជនកម្ពុជាគ្រប់រូប គឺស្ថិតនៅជាមួយវីរៈកងទ័ព មិនថានៅក្នុងកាលៈទេសៈណាឡើយ៕

#អរគុណសន្ដិភាព








Post a Comment

Previous Post Next Post