ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនឯកឧត្តមបណ្ឌិត ជុំ ប៊ុនរ៉ុង ដល់គេហដ្ឋាន


ថ្ងៃទី៨ ខែវិច្ឆិកា  ឆ្នាំ២០២៥  ឯកឧត្តមបណ្ឌិត ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំប្រតិភូយុវជនផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តមបណ្ឌិត ជុំ ប៊ុនរ៉ុង  អតីតឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក ហើយបច្ចុប្បន្នទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើរដ្ឋមន្រ្តី ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិតប្រធានប្រតិភូ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងសម្តេច ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ជូនឯកឧត្តមបណ្ឌិត ជុំ ប៊ុនរ៉ុង និងក្រុមគ្រួសារ។

លោកជំទាវ រុន សុវណ្ណទេវី ភរិយាឯកឧត្តមបណ្ឌិត ជុំ ប៊ុនរ៉ុង និងក្រុមគ្រួសារមានក្តីរំភើបរីករាយឥតឧបមា ព្រមទាំងបានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី  និងលោកជំទាវបណ្ឌិត  តាមរយៈឯកឧត្តមប្រធានផ្នែកឃោសនាអប់រំ ដែលបានដឹកនាំប្រតិភូមកសួរសុខទុក្ខស្វាមី លោកឪពុករបស់យើងខ្ញុំដល់លំនៅដ្ឋាន។

ក្រុមគ្រួសារពិតជាមានសេចក្តីពេញចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំតាមគន្លងប្រពៃណីដ៏ល្អផូរផង់បន្តពី សម្តេចតេជោ បង្ហាញឱ្យឃើញពីវប្បធម៌ដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខ ជីវភាពរស់នៅ ការផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ចាស់ព្រឹទ្ធាចារ្យ ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ។

លោកជំទាវបានរំលឹកផងដែរថា ចាប់តាំងពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន ឯកឧត្តមបណ្ឌិតធ្លាប់បានបម្រើការងារជា ប្រធាននាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ , សមាជិក SNC , អគ្គនាយកមូលនិធិសង្គមនៃព្រះរាជាណាចក្រកម្ពុជា , អគ្គនាយកនៃក្រុមប្រឹក្សាសកម្មភាពកំចាត់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (CMAA) , ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិកនិងប្រទេសម៉ិចស៊ិកូ  និងបច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើរដ្ឋមន្រ្តី ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតប្រធានផ្នែកឃោសនាអប់រំ បានជូនអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សាឯកឧត្តមបណ្ឌិតមាន សូមឆាប់បានជាសះស្បើយពីជំងឺ មានសុខភាពល្អ កម្លាំងមាំមួន និងសមប្រកបតែពុទ្ធពរបួនប្រការ កុំបីប្រែក្លាយជាបការៈដទៃឡើយ៕








Post a Comment

Previous Post Next Post