នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញដឹកនាំប្រតិភូ ស.ស.យ.ក. ដាក់កម្រងផ្កា និងថ្វាយបង្គំព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ក្នុងឱកាសខួបលើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា។
ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ចងចាំជានិច្ចនូវព្រះគុណូបការៈដ៏ថ្លៃថ្លាបំផុតនៃព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យជាតិ ដែលព្រះអង្គទ្រង់បានលះបង់ព្រះរាជកាយពល ព្រះរាជបញ្ញាញាណ ក្នុងព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យជូនជាតិ មាតុភូមិ។
ទូលព្រះបង្គំយើងខ្ញុំជាកូនចៅ ចៅទួត និងជាយុវជនជំនាន់ក្រោយប្តេជ្ញាដង្ហែតាមគំរូព្រះវីរភាពដ៏ថ្លៃថ្លារបស់ព្រះវររាជបិតាជាតិ ដើម្បីចូលរួមចំណែករក្សាឯកភាព សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍសង្គមកម្ពុជាឱ្យកាន់តែរីកចម្រើងរុងរឿងជានិច្ចនិរន្តរន៍។





