ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដើម្បីជំរុញ និងការពារវិនិយោគ


   ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំលើកទី៣០ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមធុរកិច្ចជប៉ុននៅកម្ពុជា(JBAC) គណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្ម AEM-METI (AMEICC) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងតំណាងក្រុមហ៊ុនជប៉ុន ដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជាទាំងផ្ទាល់ និងតាមប្រព័ន្ធ online សរុបចំនួនប្រមាណ ២០០រូប។


កិច្ចប្រជុំទ្វេភាគីនេះ គឺជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ រៀបចំឡើងក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ។ ក្នុងកិច្ចប្រជុំនេះ បញ្ហាប្រឈមព្រមទាំងសំណើសុំនានារបស់ផ្នែកឯកជន ត្រូវបានលើកយកមកពិភាក្សា និងស្នើសុំការពិនិត្យដោះស្រាយ ដើម្បីបន្តជំរុញកិច្ចសហការរវាងរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន។ ប្រធានបទដែលបានលើកមកពិភាក្សាក្នុងកិច្ចប្រជុំលើកទី៣០នេះ មានវិសាលភាពគ្របដណ្តប់លើវិស័យពន្ធដារ គយ បរិស្ថាន ពាណិជ្ជកម្ម ភស្ដុភារកម្ម ថាមពល សន្តិសុខ និងការងារ។

ជាកិច្ចចាប់ផ្ដើមឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ វត្តមានរបស់លោកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា តំណាងក្រសួង-ស្ថាប័ន សមាគម អង្គការ និងវិស័យឯកជនជប៉ុន ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនាឱកាសនេះ។ ជាមួយគ្នានេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងនូវអំណរគុណ ជូនចំពោះវិនិយោគិនជប៉ុនទាំងអស់ ដែលបានមកបណ្តាក់ទុនវិនិយោគ ពង្រឹង និងពង្រីកប្រតិបត្តិការធុរកិច្ច និងគម្រោងវិនិយោគរបស់ខ្លួន ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការផ្តល់នូវសេចក្តីទុកចិត្ត មកលើរាជរដ្ឋាភិបាលកម្ពុជា។

លើកឡើងក្នុងឱកាសនេះលោក UENO Atsushi បានសម្ដែងការសោកស្ដាយ ចំពោះការបាត់បង់ជីវិតរបស់ទាហានពលីកម្ពុជា ក្នុងបញ្ហាជម្លោះកម្ពុជា-ថៃ។ រាជរដ្ឋាភិបាលជប៉ុនបានចូលរួមរំលែកទុក្ខជាមួយកម្ពុជា ដោយសម្រេចផ្តល់ជំនួយឥតសំណងសង្គ្រោះបន្ទាន់ចំនួន ១,៨លានដុល្លារអាម៉េរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ផងដែរ។ ប្រទេសជប៉ុនបន្តគាំទ្រលើការអនុវត្តនូវបទឈប់បាញ់ ដែលសម្រេចដោយថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ។

ជាកិច្ចបន្តចំពោះកិច្ចការងារវិនិយោគលោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលតែងតែគាំទ្រ និងផ្ដល់ការសម្របសម្រួលរាល់សំណូមពរនានា របស់វិនិយោគិនជប៉ុន ពិសេសចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីស្តីពីការជំរុញ និងទាក់ទាញវិនិយោគប្រកបដោយគុណភាព និងស្តង់ដារខ្ពស់។

ទន្ទឹមនឹងនេះលោកក៏បានវាយតម្លៃខ្ពស់ ជូនចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបប្រកបដោយភាពទន់ភ្លន់ចំពោះក្ដីកង្វល់ និងសំណូមពរនានារបស់វិនិយោគិនជប៉ុន។

នាឱកាសនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើសុំឱ្យស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បន្តជំរុញ និងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំបង្កើតកម្មវិធីនានា ដើម្បីទាក់ទាញវិនិយោគិន និងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ អំពីបរិយាកាសវិនិយោគ ការលើកទឹកចិត្ត និងសក្ដានុពលរបស់កម្ពុជា ជូនវិនិយោគិនជប៉ុនឱ្យបានកាន់តែទូលំទូលាយមួយកម្រិតទៀត៕
































Post a Comment

Previous Post Next Post