ពិធីប្រគល់សញ្ញាបត្របរិញ្ញាបត្រ និងវិញ្ញាបនបត្រអប់រំកុមារតូច នៃកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រង និងគ្រូបង្រៀន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ


   ........................

   រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុង ពិធីប្រគល់សញ្ញាបត្របរិញ្ញាបត្រ និងវិញ្ញាបនបត្រអប់រំកុមារតូច នៃកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រង និងគ្រូបង្រៀន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ប្រធានក្រុមប្រឹក្សាភិបាល សមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក លោកស្រី សាស្ត្រាចារ្យ សាស្ត្រាចារ្យរង សាស្ត្រាចារ្យជំនួយ បុគ្គលិកអប់រំ និងជ័យលាភីទាំងអស់។

កម្មវិធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រអប់រំ ឯកទេសវិជ្ជាជីវៈគ្រូបង្រៀនជំនាន់ទី១ ជាផ្នែកមួយនៃកម្មវិធី លើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀននិងគ្រូបង្រៀន ក្រោមហិរញ្ញប្បទានពីគម្រោងកែលម្អការអប់រំ ចំណេះទូទៅ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់សេវាបណ្តុះបណ្តាលដោយមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ចំណែកអ្នកសិក្សាកម្រិតវិញ្ញាបនបត្រអប់រំកុមារតូច ៤ក្រេឌីត បានផ្តល់ជូនអ្នកសិក្សាជាគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀនមកពីសាលាមត្តេយ្យគោលដៅចំនួន ២១៣ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាក៏បានទទួល ក្រោមហិរញ្ញប្បទានពីគម្រោងកែលម្អការអប់រចំណេះទូទៅផងដែរ។

គម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP) ដែលបានអនុវត្តរយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ ២០២៦ ក្រោមការគាំទ្រពីថវិការួមគ្នារវាងឥណទានកម្ចីពីធនាគារពិភពលោក និងមូលនិធិសកលសម្រាប់ការអប់រំ (GPE) ដើម្បីគាំទ្រដល់កម្មវិធីកំណែទម្រង់វិស័យអប់រំ ជាពិសេសកំណែទម្រង់ការគ្រប់គ្រងសាលារៀន ព្រមទាំងបានឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងមូលធនមនុស្សកម្ពុជា។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត នៃសាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញរួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញសេចក្តីរីករាយដែលបានចូលរួមក្នុងពិធីនេះ ដែលជាលទ្ធផលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគម្រោង GEIP សហការីនិងក្រុមការងារនៃមហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារយៈពេលកន្លងមកនេះ ក៏ដូចជាការចូលរួម និងការតស៊ូសិក្សារៀនសូត្រ ក្នុងគោលដៅអភិវឌ្ឍសមត្ថភាពរបស់លោកគ្រូ អ្នកគ្រូ ដែលជាជ័យលាភីចំនួន ៤៣៨៩ នាក់ និងមានវត្តមាននាពេលនេះ។ ក្នុងន័យនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងចូលរួមអបអរសាទរដល់ជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតបញ្ចប់ការសិក្សាដោយជោគជ័យ។ យោងតាមរបាយការណ៍ និស្សិតជ័យលាភីដែលជាគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀនបានបំពេញគ្រប់លក្ខខណ្ឌបញ្ចប់ការសិក្សាបរិញ្ញាបត្រអប់រំវិជ្ជាជីវៈគ្រូមានបង្រៀនមានចំនួន២,១២៦នាក់ (ស្រី ១០៩៧) និងវិញ្ញាបនបត្រអប់រំកុមារតូចចំនួន៣៩៦នាក់ (ស្រី ៣៥៤នាក់)។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះធនាគារពិភពលោក និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រុមការងារគម្រោង ក្នុងការអនុវត្ត គម្រោងកែលម្អការអប់រំ ចំណេះទូទៅនេះ ជាពិសេសបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមរយៈមហាវិទ្យាល័យអប់រំ ដែលបានបណ្តុះបណ្ដាលគរុនិស្សិតជាគ្រូបង្រៀន និងគណៈគ្រប់គ្រងសាលារៀន ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងគុណភាព សមត្ថភាព ដោយសម្រេចបាននូវលទ្ធផលល្អប្រសើរ ស្របតាមផែនការគម្រោង ដោយជ័យលាភីដែលបានឆ្លងកាត់ការបណ្តុះបណ្តាលដែលផ្អែកលើសមិទ្ធកម្មនេះ គឺជាសមិទ្ធផលបន្ថែមទៀតរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលជាផ្នែកមួយដើម្បីឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះ ជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលបានសញ្ញាបត្របរិញ្ញាបត្រ និងវិញ្ញាបនបត្រនាថ្ងៃនេះ និងបានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូទាំងអស់ ឱ្យបន្តពង្រឹងសមត្ថភាពរបស់ខ្លួនឯងជានិច្ច តាមរយៈការរៀនសូត្របន្ថែម ការផ្លាស់ប្តូរបទពិសោធ និងការអនុវត្តវិធីសាស្ត្រថ្មីៗក្នុងការបង្រៀនជាដើម ដោយមានការជឿជាក់ថា ចំណេះដឹង និងជំនាញដែលលោកគ្រូ អ្នកគ្រូទទួលបាននាពេលនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អគុណភាពនៃការបង្រៀន ការគ្រប់គ្រងសាលារៀន និងការអភិវឌ្ឍគុណភាពអប់រំនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស៕

៥ កក្កដា ២០២៥ | រាជធានីភ្នំពេញ






















Post a Comment

Previous Post Next Post