ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ទទួលជួបសំណេះសំណាល និងជម្រាបលាពីសំណាក់ឯកឧត្តម អ៉ីមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំកម្ពុជា


   ...............................

   ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតទទួលជួបសំណេះសំណាល និងជម្រាបលាពីឯកឧត្តម អ៊ីមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី។ ក្នុងជំនួបនារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានរំលឹកអនុស្សាវរីយ៍ល្អៗ និងបានគូសបញ្ជាក់ពីទំនាក់ទំនង និងចំណងមិត្តភាពកម្ពុជា-ទីម័រឡេស្តេ ដែលមានរយៈពេល ២៣ឆ្នាំ ព្រមទាំងបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការរីកចម្រើនជាបន្តបន្ទាប់ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណឯកឧត្តមប្រធានាធិបតី នាយករដ្ឋមន្ត្រី និងប្រជាជនទីម័រឡេស្តេ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់បដិសណ្ឋារកិច្ចយ៉ាងល្អបំផុត សម្រាប់ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីខែឧសភា កន្លងទៅនេះ ព្រមទាំងការប្រគល់នូវគ្រឿងឥស្សរយសដ៏ខ្ពស់បំផុតពី ឯកឧត្តមប្រធានាធិបតីទីម័រឡេស្តេរ ជូនសម្តេចតេជោ។

ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងពីការរីកចម្រើននៅគ្រប់កម្រិត និងគ្រប់ក្របខណ្ឌនៃប្រទេសទាំងពីរ និងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ នាពេលកន្លងមក ដោយបានបង្ហាញនូវមនោសញ្ចេតនាផ្សារភ្ជាប់ជាមួយថ្នាក់ដឹកនាំ ប្រទេស និងប្រជាជនកម្ពុជា តាមរយៈសកម្មភាពការងារផ្លូវការ និងការរស់នៅប្រចាំថ្ងៃ ព្រមទាំងបានសង្កត់ធ្ងន់ចំពោះព្រឹត្តិការណ៍មួយចំនួនដែលបានដកជាប់ក្នុងចិត្ត និងបេះដូងរបស់ប្រជាជាតិទីម័រគ្រប់ៗរូបរួមមាន៖ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងភាពជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន ដើម្បីគៀគរការគាំទ្រ និងជំរុញការបញ្ចូលទីម័រជាសមាជិកទី១១នៃសហគមន៍អាស៊ាន, ការផ្តល់នូវជំនួយសប្បុរសធម៌ជូនទីម័រ ក្នុងស្ថានភាពលំបាកនៃវិបត្តិកូវីដ១៩, គំរូវីរភាពរបស់សម្តេចតេជោ ក្នុងការនាំមកនូវសុខសន្តិភាពពេលលេញនៅកម្ពុជា និងការបន្តដឹកនាំប្រទេសប្រកបដោយចក្ខុវិស័យ និងថាមពលរបស់សម្តេចមហាបវរធិបតិ ហ៊ុន ម៉ាណែត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីដំណើរជាប្រវត្តិសាស្ត្រ និងមេរៀន បទពិសោធកម្ពុជា បានឆ្លងកាត់ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ដែលធ្វើឱ្យកម្ពុជាយល់ច្បាស់ពីស្ថានភាពដែលប្រទេសទីម័រ បាន និងកំពុងឆ្លងកាត់ ហើយឱ្យតម្លៃនៃទំនាក់ទំនងលើសពីការងារការទូត តែជាកិច្ចការមនោសញ្ចេតនា ក្នុងការជួយជំរុញគាំទ្រទៅវិញទៅមក។ ឯកឧត្តម ក៏បានរំលេចពីដំណើរឆ្ពោះទៅមុខរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា ជាពិសេសក្នុងការពង្រឹងសមត្ថភាពនៃការប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិ។

សូមជូនពរដល់ ឯកឧត្តម អ៊ីមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ច ក្នុងបេសកកម្ម ការងារថ្មីនៅពេលអនាគត និងធ្វើដំណើរត្រឡប់ទៅប្រទេសទីម័រឡេស្តេវិញ ប្រកបដោយសុវត្ថិភាព៕





Post a Comment

Previous Post Next Post