.......................
ភ្នំពេញ៖ បញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែធានាបានថា ជោគជ័យ១០០ភាគរយ ក្នុងកម្មវិធីបើកសម្ពោធជាផ្លូវការសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវថ្មើរជើង និងប្រសិទ្ធនាមផ្លូវថ្មើរជើងជា “ផ្លូវថ្មើរជើង ចតុមុខ” (Chaktomuk Walk Street)នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង) ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនាល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
ការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បែបនេះបានធ្វើឡើងខណៈឯកឧត្ដម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពនៃការត្រៀមរៀបចំបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street)ជាមួយអាជ្ញាធរខណ្ឌ កងកម្លាំងនិងមន្ទីពាក់ព័ន្ធ នារសៀលថ្ងៃទី១៩មិថុនានេះនៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) ក្រោយពីបានបើកឱ្យដំណើរការជាបណ្តោះអាសន្នជាង៥ខែនេះបានទទួលការគាំទ្រនិងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ។ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ទៀតថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានផ្ដល់កិតិយសខ្ពស់ណាស់ដល់រដ្ឋបាលរាជធានីភ្នំពេញ ដោយបានអញ្ជើញមកបើកសម្ពោធជាផ្លូវការផ្លូវថ្មើរជើងចតុមុខ”នេះ (Chaktomuk Walk Street) ។
ផ្លូវថ្មើរជើងដែលទើបមានជាលើកដំបូងនៅរាជធានីភ្នំពេញ ជាការផ្តួចផ្តើមរបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញក្រោមចក្ខុវិស័យ ប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជជាណាចក្រកម្ពុជា ដើម្បីផ្តល់វិសាលភាពនៃកន្លែងដើរលេងកំសាន្តឱ្យកាន់តែច្រើនកន្លែងសំរាប់ភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិកំសាន្តនាចុងសប្តាហ៏។
ឯកឧត្ដម ឃួង ស្រេង បានរំលឹកហើយរំលឹកទៀតថា៖ ពិធីសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ នេះបញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែធានាបានថាជោគជ័យ ១០០ភាគរយ ទាំងថ្នាក់ដឹកនាំកំពូលៗ និងអ្នកចូលរួមទាំងអស់ ជាមួយការបង្កើតឱ្យមានទីបញ្ជាការស្រាលជាច្រើនកន្លែងហើយត្រូវដាក់កងកំលាំងដើរល្បាតជាមួយការធ្វើរដ្ឋបាល។
ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ជូនប្រជាពលរដ្ឋថានៅក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវថ្មើជើងខាងលើនាថ្ងៃទី២១ មិថុនា នោះដែរនៅលើផ្លូវថ្មើរជើងនេះត្រូវបានបិទចរាចរការធ្វើដំណើរឆ្លងកាត់ដោយរថយន្ត និងម៉ូតូតាំងពីវេលា ម៉ោង២និង៣០នាទីរសៀលតទៅ តែសម្រាប់បងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅផ្លូវថ្មើរជើងនេះអាចបន្តធ្វើដំណើរជាបន្តបន្ទាប់បានដូចជារៀងរាល់សប្ដាហ៍កន្លងទៅដដែលតែយើងមានកន្លែងត្រួតពិនិត្យ។
ក្នុងកិច្ចប្រជុំនេះដែរឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានលើកឡើងថា យើងត្រូវបន្តធ្វើឱ្យបានជោគជ័យបន្តទៀតក្នុងការការពារសន្តិសុខ សុវត្ថិភាពនាថ្ងៃសម្ភោធផ្លូវថ្មើងជើងនាពេលខាងមុខពីព្រោះរដ្ឋបាលរាជធានីយើងទើបទទួលបានជោគជ័យក្នុងការថែរក្សាការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់របៀបរៀបរយ សាធារណៈ បានល្អ១០០ភាគរយ ក្នុងព្រឹត្តិការណ៍ មហាសាមគ្គីជាតិរួមគ្នាធ្វើដំណើរថ្មើរជើង «Solidarity March» មានការចូលរួមប្រមាណ១៥ម៉ឺននាក់ កាលពីថ្ងៃ១៨មិថុនា ម្សិលមិញនេះបានបង្ហាញការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា។
ក្នុងថ្ងៃបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) នេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំឱ្យមានការប្រគុំតន្ត្រីខ្នាតធំ ដោយក្រុមហ៊ុនកាឡាក់ស៊ី«GALAXY »អ្នកឧកញ៉ាឡេងណាវាត្រា,ការសម្តែងសិល្បៈប្រពៃណី របាំងចម្រុះ ពិសេសមានការសម្ដែងល្ខោនបាសាក់របស់មន្ទីរវប្បធម៌រាជធានីភ្នំពេញ ,មានរៀបចំ តូបស្តង់លក់ដូរ ជាមួយ និងការរៀបចំស្តង់ម្ហូបអាហារចំនួន២ទីតាំងទៀតគឺស្តង់ម្ហូបអាហាររបស់ស្ថានទូតប្រទេសម៉ាឡេស៊ីនិងស្តង់ម្ហូបអាហារ យូហ្គា របស់ឥណ្ឌាផងដែរ។
គួរបញ្ជាក់ថា៖ ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បងកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕