មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ភារកិច្ចជូនកងកម្លាំងប្រចាំការបង្ក្រាបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប ក្នុង​រដូវ​បិទ​នេសាទ​ នៅ​ខេត្តកំពង់ធំ


   ខេត្តកំពង់ធំ៖ នៅរសៀល​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនកងកម្លាំង របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងបំពេញភារកិច្ច ការពារធនធានធម្មជាតិ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រ ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។ 

លោកវរសេនីយ៍ទោ ទិត ចាន់  នាយសេនាធិការរង​ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាមេបញ្ជាការកងកម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសនេសាទនៅទិសភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និង​លោក​លុយ​ សុភា​ព​ ប្រធាន​ទី​បញ្ជាការ​ស្រាល​ប្រចាំ​ទិសពាមបាង​ ស្រុក​ស្ទោង​  បានរាយការណ៍បញ្ជាក់ថា កន្លងមកនេះការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ទទួលបានលទ្ធផលល្អប្រសើរ។ ការដាក់របាំងសាច់អួន និងរបាំស្បៃមុងខុសច្បាប់ ត្រូវបានកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមសហការជាមួយកងកម្លាំងចម្រុះ បង្ក្រាបនិងបំផ្លាញចោលនូវឧបករណ៍នៃសាទខុសច្បាប់បានជាបន្តបន្ទាប់ ប៉ុន្តែបទល្មើសនេសាទ នៅតែបន្តកើតឡើង ដោយក្រុមជនល្មើសមួយចំនួននៅតែបន្តលបលួច ដាក់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយបំផ្លាញធនធានមច្ឆជាតិ សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនទូទៅ រាប់លាននាក់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទាំងពីរគោលដៅ ដែលបានសហការល្អជាមួយកងកម្លាំងចម្រុះ ព្រមទាំងអាជ្ញាធរដែនដី ដោយបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដែលប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ បានប្រគល់ជូន  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ​ ស្តី​ពី​បញ្ហាព្រំដែនកម្ពុជាថៃ ពិសេសការដាក់ពាក្យបណ្តឹងទៅតុលាការយុត្តធម៍អន្តរជាតិ​ អាយសុីជេ​ ដើម្បីស្វែងរកដំណោះស្រាយតាមច្បប់អន្តរជាតិ​ នៅតំបន់​ចំនួន​ បួនគឺ​ ប្រាសាទ​តាមាន់តូច​ ប្រាសាទ​តាមាន់ធំ​ និង​តំបន់​មុំបី​  ។ ជា​មួយ​នេះដែរ​ លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ក៍បាន​ប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដែលប្រមុខរាជរដ្ឋាភិបាល បានប្រគល់ជូន តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្របឹងទន្លេសាប ស្តីពីវិធានការទប់ស្កាត់ក្នុងរដូវបិទនេសាទ និងមានវិធានការមុឺងម៉ាត់ក្នុងការបង្ក្រាបការដាក់របាំងស្បៃមុខុសច្បាប់ និងរបាំងស្បៃអួនខុសពីការណែនាំរបស់ប្រមុខរាជ​រដ្ឋាភិបាល​ ពិសេសសកម្មភាពលួចឆក់ត្រីតាមគ្រប់រូបភាព  ហើយដាច់ខាតត្រូវការពារឲ្យបានតំបន់ឡូត៍អភិរក្សពូជត្រី  ដើម្បីឲ្យផលត្រីសំបូរឡើងវិញនៅក្នុងដូវបេីកនេសាទនៅពេលខាងមុខនេះក៏ដូចជាបណ្ដាឆ្នាំខាងមុខទៀត។

​នៅ​ក្នុង​ឱកាស​នេះ​ ឧត្តម​សេនីយ៍​ទោ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បាន​នាំយក​អំណោយ​របស់​សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​បណ្ឌិត​ ពេជ​ ចន្ទ​មុន្នី​ ប្រគល់​ជួន​ទីបញ្ជាារស្រាល​ទាំង​ពីរ​គោល​ដៅ​ រួម​មាន​ ប្រេងសាំងចំនួន៨០០លីត្រ​ និងសៀងអាហាគ្រឿងឧបភោគបរិភោគ​និង​ថវិកា​មួយចំនួន ឧបត្ថម្ភ​ជូន​កងកម្លំាងទាំងពីរគោលដៅ សម្រាប់​បន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទ ឲ្យដូចភ្លៀងរលឹម​ដោយ​គ្មាន​ការ​ដក​ថយ​ឡើយ​ ។









Post a Comment

Previous Post Next Post