..................................
នៅថ្ងៃទី២៣ ខែមិថុនា ២០២៥នេះ កាកបាទក្រហមកម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការពិនិត្យពាក់កណ្តាលទីយុទ្ធសាស្រ្ត២០២១-២០៣០ របស់ខ្លួន ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងមានវត្តមានពីលោកស្រី កាទ្រីន ក្លាសិន (Kathryn Clarkson) ប្រធានប្រតិភូសហព័ន្ធអន្តរជាតិប្រចាំកម្រងប្រទេស កម្ពុជា-ឡាវ-ថៃ-វៀតណាម ព្រមទាំងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ-មន្ត្រីពាក់ព័ន្ធនៃទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។
មានប្រសាសន៍ក្នុងឱកាសបើកកិច្ចប្រជុំ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានមានប្រសាសន៍ថា ការរៀបចំឱ្យមានកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការពិនិត្យពាក់កណ្តាលទីយុទ្ធសាស្ត្រ ២០២១- ២០៣០ របស់ កាកបាទក្រហមកម្ពុជា នាថ្ងៃនេះ គឺដើម្បីពិនិត្យមើល វឌ្ឍនភាព, សមិទ្ធផលសម្រេចបាន, បញ្ហាប្រឈមនានា ព្រមទាំងក្តាប់ឱ្យបានយ៉ាងស៊ីជម្រៅ នូវកិច្ចការគន្លឹះ និងមេរៀននានា ក្នុងរយៈពេលនៃការអនុវត្តឆ្នាំ ២០២១ មកដល់៥ខែ ដើមឆ្នាំ២០២៥ កន្លងមក ទុកជាមូលដ្ឋានគ្រឹះនៃការដាក់ចេញជាអនុសាសន៍ បន្តក្នុងឆ្នាំ ២០២៦-២០៣០ ខាងមុខនេះ ឱ្យបានសមស្របទៅនឹង សភាពការណ៍វិវត្តន៍ថ្មីៗ តម្រូវការថ្មី នៃនវានុវត្តមនុស្សធម៌ ព្រមទាំងបន្ស៊ីជាមួយនឹងអាទិភាពរបស់ជាតិ ពោលគឺយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល និងលើកកម្ពស់ផលទទួលបានជាលក្ខណៈយូរអង្វែង។
លោកជំទាវឱ្យដឹងទៀតថា ក្នុងរយៈពេល៥ឆ្នាំដំបូងនៃយុទ្ធសាស្ត្រនេះគឺពី ឆ្នាំ ២០២១-២០២៥ កាកបាទក្រហមកម្ពុជា បានខិតខំប្រឹងប្រែងប្រមូលផ្តុំកម្លាំងមនុស្សធម៌ កៀរគររកមូលនិធិបំផុសកម្លាំងស្ម័គ្រចិត្ត ចូលរួមក្នុងការដោះស្រាយបញ្ហាប្រឈមថ្មីៗ វិបត្តិសាកលបង្កដោយជំងឺកូវីដ១៩ បញ្ហាប្រឈមជាសាកលយ៉ាងស្រួចស្រាវ បង្កដោយការប្រែប្រួលអាកាសធាតុ សង្គ្រាម និងជម្លោះប្រដាប់អាវុធរ៉ាំរ៉ៃ នៅតាមតំបន់មួយចំនួន ការកើតមានជំងឺរាតត្បាតថ្មីៗ ខាងផ្នែកសុខភាព ដែលកើតចេញពីជំងឺមិនឆ្លងជាដើម។
សូមបញ្ជាក់ថា កិច្ចប្រជុំពិគ្រោះយោបល់នាថ្ងៃនេះ គឺជាជំហានទី១ នៃការពិនិត្យពាក់កណ្ដាលទីយុទ្ធ សាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា រួមមាន៖ ការយល់ដឹងពីលក្ខខណ្ឌជាក់លាក់នៃការទទួល ខុសត្រូវ (ToR), ការបែងចែកក្រុមពិភាក្សាជុំទី១ និងជុំទី២ ទៅលើបណ្តុំសំណួរចំនួន៨ ដែលក្នុងនោះ ជារួមមាន ភាពសមស្របទៅនឹងតម្រូវការរបស់សហគមន៍ (Relevance), ភាពប្រទាក់ក្រឡា និងស៊ីសង្វាក់/ស្របគ្នា (Coherence), ប្រសិទ្ធភាព (Effectiveness), ប្រសិទ្ធផល (Efficiency), ផលជះ (Impact), និរន្តរភាព (Sustainability) មេរៀនជាបទពិសោធន៍ (Lessons Learned) និង អនុសាសន៍ (Recommendations)។ ជាមួយគ្នានេះ កិច្ចប្រជុំនាំគ្នាពិគ្រោះ ពិភាក្សា ឯកភាពគ្នាលើផែនការអនុវត្ត កម្រងសំណួរតាមក្រុមគោលដៅគន្លឹះ កាលបរិច្ឆេទអនុវត្ត ពីពេល នេះ រហូតដល់ដំណាច់ខែកញ្ញា ខាងមុខ ទៅតាមជំហាន ជាបន្តបន្ទាប់ ដែលរួមមាន៖ ជំហានទី២៖ បណ្តុះបណ្តាលអ្នកប្រមូលទិន្នន័យ/អ្នកចុះស្ទង់មតិ។ ជំហានទី៣៖ ចាប់ផ្តើមប្រមូលទិន្នន័យ នៅកម្រិតជាតិ និងថ្នាក់សាខា។ ជំហានទី៤៖ សម្អាតទិន្នន័យ បញ្ចូល និងបង្រួបបង្រួមទិន្នន័យ។ ជំហានទី៥៖ វិភាគទិន្នន័យ និងផ្ទៀងផ្ទាត់ (តាមរយៈសិក្ខាសាលាផ្ទៀងផ្ទាត់)។ និងជំហានទី៦៖ រៀបចំរបាយការណ៍ (សេចក្តីព្រាង ទទួលមតិយោបល់ និងបញ្ចប់)។
បន្ទាប់ពីបានចូលរួមសង្កេតការណ៍ពេញ១ថ្ងៃនេះ លោកស្រី កាទ្រីន ក្លាសុន ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ បានថ្លែងនូវការកោតសរសើរចំពោះកាកបាទក្រហមកម្ពុជា ដែលបានអនុវត្តនូវយុទ្ធសាស្ត្រ ដែលមានភាពបន្ស៊ីទៅនឹងយុទ្ធសាស្ត្រសហព័ន្ធ និងដើរទាន់សភាពការណ៍ ដែលកើតឡើងបច្ចុប្បន្ន។ ក្នុងរយៈពេល៥ឆ្នាំ នៃការអនុវត្តយុទ្ធសាស្ត្រ គឺកាកបាទក្រហមកម្ពុជា ពិតជាបានខិតខំប្រឹងប្រែង បំពេញបេសកកម្មមនុស្សធម៌របស់ខ្លួនបានយ៉ាងល្អ មិនថាក្នុងកាលៈទេសៈណាក៏ដោយ។ ហើយពេលនេះ គឺជាពេលដ៏ល្អ ដែលកាកបាទក្រហមកម្ពុជា មានផែនការយ៉ាងល្អិតល្អន់ ក្នុងការពិនិត្យសារឡើងវិញ ក្នុងការអនុវត្តយុទ្ធសាស្ត្រ៥ឆ្នាំកន្លងមក ហើយនិងបន្តយុទ្ធសាស្ត្រ៥ឆ្នាំបន្ទាប់ ដោយធ្វើយ៉ាងណាឱ្យមានភាពកាន់តែប្រសើរឡើង។
ដោយឡែក មានមតិបូកសរុបក្នុងកិច្ចប្រជុំនេះ លោកជំទាវ ពុំ ចន្ទីនី បានផ្តល់អនុសាសន៍ដល់មន្ត្រី និងក្រុមការងារអភិវឌ្ឍស្ថាប័នទាំងអស់ សូមបន្តខិតខំប្រឹងប្រែងអនុវត្តការងារទៅតាមជំហានៗក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបានការពិនិត្យពាក់កណ្តាលទីយុទ្ធសាស្ត្រប្រកបដោយជោគជ័យ៕