━━━━━✥◈✥━━━━━
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Yoshihisa Kainuma អគ្គនាយកក្រុមហ៊ុន មីនេបៀមីត្សូមី(MinebeaMitsumi) និងសហការី ចូលជួបពិភាក្សាការងារ និងស្នើសុំអនុសាសន៍ណែនាំលើគម្រោងពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនក្នុងខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា។
លោក Yoshihisa Kainuma បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានផ្ដល់កិច្ចសម្របសម្រួលលើគម្រោងពង្រីកវិនិយោគសាងសង់រោងចក្រថ្មីរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា និងបន្ថែមពីនេះ លោកក៏បានស្នើសុំការគាំទ្របន្ថែមទៀតលើដំណើរការអនុម័តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដើម្បីសម្រួលឱ្យការងារវិនិយោគរបស់ក្រុមហ៊ុនកាន់តែមានភាពរលូន៕
សូមជម្រាបជូនថា ក្រុមហ៊ុន មីនេបៀមីត្សូមី(MinebeaMitsumi) កំពុងវិនិយោគនៅកម្ពុជាលើអាជីវកម្ម ផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រាប់ទម្ររង្វិល គ្រឿងបំណែកដោយម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទទំនើប ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ បង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍រង្វាស់ ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃជាដើម៕