ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើក “យុទ្ធនាការបណ្តុះបណ្តាល និងប្រឡងយកបណ្ណបើកបរយានយន្ត” ដល់អ្នកបើកបរម៉ូតូកង់បី ដែលជាសមាជិក ដៃគូបើកបររបស់ ក្រុមហ៊ុនហ្រ្គេប (ខេមបូឌា) ឯ.ក (GRAB (Cambodia) Co., Ltd.) ដោយមានការចូលរួមពី ឯកឧត្តមជាថ្នាក់ដឹកនាំ លោកប្រធានក្រុមហ៊ុន ហ្រ្គេប (ខេមបូឌា) និងសហការី មន្ត្រីពាក់ព័ន្ធ ព្រមទាំងសិក្ខាកាមអ្នកបើកបរម៉ូតូកង់បី របស់ក្រុមហ៊ុនGRAB ជាច្រើនរូបផងដែរ។ យុទ្ធនាការបណ្តុះបណ្តាលនេះ នឹងចំឡើងជា១០វគ្គ បន្តបន្ទាប់ ជូនដល់សិក្ខាកាមជាអ្នកបើកបរម៉ូតូកង់បី របស់ក្រុមហ៊ុនGRAB ចំនួនសរុបប្រមាណ ២៧៧២នាក់ ហើយព្រឹកនេះ គឺជាការបណ្តុះបណ្តាល វគ្គទី១ និង វគ្គទី២។
វគ្គបណ្តុះបណ្តាលនាឱកាសនេះ ត្រូវបានរៀបចំឡើងដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ជាសេនាធិការ ក្នុងគោលបំណងដើម្បីផ្តល់នូវចំណេះដឹងបន្ថែម ជូនទៅបងប្អូនដែលជាអ្នកបើកបរម៉ូតូកង់បី អំពីអត្ថន័យ និងខ្លឹមសារសំខាន់ៗ ដែលពាក់ព័ន្ធនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងសិទ្ធិអាទិភាពត្រង់ផ្លូវប្រសព្វ បច្ចេកទេសក្នុងការបើកបរ ការផ្ទុកមនុស្ស និងទំនិញ និងការត្រួតពិនិត្យទោចក្រយានយន្ត ដែលធ្វើចរាចរណ៍លើដងផ្លូវ។ ដោយមើលឃើញពីសារៈសំខាន់នៃការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងស្ថានភាពនៃគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្ន ការបង្កើតនូវវគ្គបណ្តុះបណ្តាលបែបនេះ គឺកំពុងដើរតួជាមូលដ្ឋានគ្រឹះមួយយ៉ាងសំខាន់ក្នុងការបញ្ជ្របនូវការយល់ដឹងអំពីច្បាប់ វិធានគតិយុត្ត និងគោលការណ៍អនុវត្ត ដើម្បីរួមចំណែកកាត់បន្ថយ និងលុបបំបាត់គ្រោះថ្នាក់ចរាចរណ៍ ដែលបានបណ្តាលឱ្យមានអ្នកស្លាប់និងរបួស និងការបាត់បង់ទ្រព្យសម្បត្តិក្នុងកម្រិតមួយគួរឱ្យកត់សម្គាល់។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ក្នុងការគ្រប់គ្រង និងដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្ន ហើយទន្ទឹមនឹងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក៏បាននិងកំពុងខិតខំអនុវត្តផែនការសកម្មភាព ដើម្បីសម្រេចឱ្យបានជោគជ័យនូវទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយអត្រាអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យបាន៥០% ក្នុងរយៈពេល១០ឆ្នាំ (២០២១-២០៣០) ស្របតាមផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០។ ដូច្នេះ ការរៀបចំវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ គឺជាផ្នែកមួយនៃការអនុវត្តសកម្មភាពផ្សារភ្ជាប់ទៅនឹងផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវិធានគតិយុត្តពាក់ព័ន្ធផ្សេងៗ ដែលបានប្រកាសដាក់ឱ្យអនុវត្តនារយៈពេលកន្លងមក។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈកម្មវិធីបណ្តុះបណ្តាលនេះ នឹងបានជាប្រយោជន៍ក្នុងការផ្តល់នូវពុទ្ធិ ឆន្ទៈ ស្មារតី និងការយល់ដឹងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតអំពីការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវិធានដែលអ្នកប្រើប្រាស់ផ្លូវ និងអ្នកបើកបរគ្រប់រូបត្រូវប្រកាន់ខ្ជាប់ប្រកបដោយស្មារតីម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាឱ្យបាននូវសុវត្ថិភាពក្នុងការធ្វើដំណើរនៅលើដងផ្លូវ និងស្នាមញញឹមរបស់ប្រជាពលរដ្ឋគ្រប់រូប។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់សិក្ខាកាមទាំងអស់ សូមយកចំណេះដឹងពាក់ព័ន្ធដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅផ្សព្វផ្សាយ និងពន្យល់បន្តទៅដល់សាច់ញាតិ និងបងប្អូនឱ្យបានយល់ដឹងទាំងអស់គ្នា ដើម្បីចូលរួមគោរពច្បាប់ និងកាត់បន្ថយឱ្យបានជាអតិបរមានូវគ្រោះថ្នាក់ដ៏កាចសាហាវមួយនេះ៕