សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំតំបន់ភ្នំ ១៥០០ វាលវែង ខេត្តពោធិ៍សាត់ ជាតំបន់អភិរក្ស សម្រាប់ទេសចរណ៍


   (ពោធិ៍សាត់)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឲ្យរៀបចំតំបន់ភ្នំ ១៥០០ វាលវែង ខេត្តពោធិ៍សាត់ជាតំបន់អភិរក្ស និងដាំដើមឈើឲ្យបានច្រើន សម្រាប់ទេសចរណ៍សម្រាកលំហែរ ។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសនៃការអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងព្រះបទុមចេតិយ ក្នុងវត្តមណីរតនារាម ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ ។

សម្តេចធិបតី បានណែនាំឲ្យពិនិត្យ និងធ្វើការថែរក្សាឱ្យបានល្អសម្រាប់អត្ថប្រយោជន៍រយៈពេលវែង ក្នុងការទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ និងជាតំបន់ទេសចរណ៍ធម្មជាតិសម្រាប់ប្រជាពលរដ្ឋពីបច្ចុប្បន្នរហូតតទៅជំនាន់ក្រោយទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងសួរយោបល់ទៅកាន់បងប្អូនលោកយាយលោកតា ប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីថា តើគាំទ្រដែរឬទេ ក្នុងការអភិវឌ្ឍបែបនេះ? បងប្អូនលោកយាយលោកតា ប្រជាពលរដ្ឋបានទះដៃអបអរសាទរគាំទ្រប្រសាសន៍ណែនាំរបស់សម្តេចធិបតី។

សម្ដេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងបញ្ជាឱ្យក្រុមការងារអន្តរក្រសួង ត្រូវចុះពិនិត្យ និងចុះដោះស្រាយនៅតំបន់នេះ ដើម្បីថែរក្សា តំបន់ផ្លូវឡើងភ្នំ ១៥០០ ឬ ផ្លូវអន្ទង់អាំងនេះជាតំបន់ទេសចរណ៍ធម្មជាតិ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអភិរក្ស សាសនា វប្បធម៌ ទឹកដី ព្រៃឈើ ដើម្បីធានាការអភិវឌ្ឍរបស់កម្ពុជាប្រកបដោយចីរភាព ដូច្នេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការងារទាំងនេះគ្រប់ពេលវេលា ៕






Post a Comment

Previous Post Next Post