ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ចុះអប់រំផ្សព្វផ្សាយពី «សុខភាពមាតា ទារក និងកុមារ, សុខភាពបន្តពូជ និងការថែទាំសុខភាពបឋម» ដល់និស្សិត សាកលវិទ្យាល័យមេគង្គកម្ពុជា


   ភ្នំពេញ៖ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ បានបន្តចុះអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី «សុខភាពមាតា ទារក និងកុមារ, សុខភាពបន្តពូជ និងការថែទាំសុខភាពបឋម» ជូនដល់និស្សិត យុវជនកាកបាទក្រហមកម្ពុជា និងយុវជន សសយក ចំនួន ២៥០នាក់ នៃសាកលវិទ្យាល័យមេគង្គកម្ពុជា។

ថ្លែងក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានគូសបញ្ជាក់ពីគោលបំណងចម្បងចំនួន ៣ ក្នុងពិធីអប់រំផ្សព្វផ្សាយនេះគឺ ទី១) ដើម្បីឈានឆ្ពោះទិវាខួបកំណើតកាកបាទក្រហមកម្ពុជា ១៨កុម្ភៈ និងទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ, ទី២) គឺជាផ្នែកមួយនៃការផលិតកម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិប្រចាំខែ ដែលមានកិច្ចសហការជាមួយទូរទស្សន៍ជាតិកម្ពុជា, និងទី៣) គឺដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងរបស់យុវជន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល និងការអភិវឌ្ឍមូលធនមនុស្ស គឺមនុស្សដែលមានសុខភាពល្អ និងមានសមត្ថភាព។

ជាមួយគ្នានេះ លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក នៃសាកលវិទ្យាល័យមេគង្គកម្ពុជា ដែលបានជួយសម្របសម្រួលដល់និស្សិតបានចូលរួមក្នុងកម្មវិធីអប់រំផ្សព្វផ្សាយនាថ្ងៃនេះ និងកោតសរសើរចំពោះសាកលវិទ្យាល័យដែលបានរៀបចំឱ្យមានក្លឹបយុវជនកាកបាទក្រហមកម្ពុជា ដែលជាថ្នាលមួយទៀត បន្ថែមពីលើអ្វីដែលជាកម្មវិធីសិក្សារបស់សាកលវិទ្យាល័យ សម្រាប់ផ្តល់ឱកាសដល់យុវជន ក្នុងការចុះធ្វើសកម្មភាពក្នុងសង្គម និងតាមសហគមន៍នានា ជាពិសេសក្នុងតួនាទីជាគំរូ ជាមិត្ត-អប់រំ-មិត្ត និង មិត្ត-ជួយ-មិត្ត នៅក្នុងសាកលវិទ្យាល័យ។

បន្ថែមពីលើខ្លឹមសារដែលវាគ្មិនបច្ចេកទេស លោកស្រី មុំ ចន្ធី និងលោកបណ្ឌិត វ៉ា សុភ័ក្ត្រ លេខាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានធ្វើបទបង្ហាញពាក់ព័ន្ធទៅនឹងសុខភាពមាតា ទារក និងកុមារ, សុខភាពបន្តពូជ និងការថែទាំសុខភាពបឋម, លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំនូវសេចក្តីអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៤នេះ ចំពោះបង-ប្អូនរួមជាតិ ជាពិសេស បុរសនិងស្ត្រីជាមាតាបិតា និងយុវវ័យគ្រប់រូបដូចតទៅ៖

១៖ សូមឱ្យស្រ្តីមានផ្ទៃពោះ ទៅពិនិត្យសុខភាពយ៉ាងតិច៤ដង តាមពេលវេលាកំណត់ដើម្បីទទួលវ៉ាក់សាំងបង្ការជំងឺ និងការចម្លងមេរោគពីម្តាយទៅកូន ជាពិសេសការស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេ និងទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យជំនាញ ទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ។

២៖ ក្រោយពេលសម្រាល សូមស្ត្រីជាមាតាទៅពិនិត្យសុខភាព យកទារកទៅចាក់វ៉ាក់សាំងបង្ការជំងឺ១១មុខ តាមពេលវេលាកំណត់ បន្តពិនិត្យតាមដានសុខភាពនិងការលូតលាស់របស់កូន បំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ទារកមានអាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខគ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។

៣៖ សូមប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺផ្សេងទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ។

៤៖ សូមយុវតី/ស្រ្តីក្នុងវ័យបន្តពូជដែលមានអាយុពី ១៥ ទៅ៤៩ឆ្នាំ ដែលមានបញ្ហាសុខភាព ទៅពិគ្រោះយោបល់ ទទួលការថែទាំ ឬការព្យាបាលជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឬគ្លីនិក មានគ្រូពេទ្យជំនាញច្បាស់លាស់ ដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវពីក្រសួងសុខាភិបាល។ សូមបន្តចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ និងសូមនាំកុមារីអាយុ៩ឆ្នាំទៅទទួលវ៉ាក់សាំង (HPV) បង្ការជំងឺមហារីកមាត់ស្បូនឱ្យបានគ្រប់ៗគ្នា ដើម្បីជៀសវាងជំងឺឆ្លង ជំងឺមិនឆ្លងនានាដែលជាមូលហេតុនៃមរណភាព និងពិការភាព។

សូមបញ្ជាក់ថាចុងបញ្ចប់នៃកម្មវិធី លោកស្រី ម៉ែន នារីសោភ័គ បានប្រគល់ប័ណ្ណសរសើរនិងថ្លែងអំណរគុណរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសៀវភៅថ្នាក់ដឹកនាំ និងវត្ថុអនុស្សាវរីយ៍មួយចំនួន ជូនដល់ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យមេគង្គកម្ពុជា ព្រមទាំងបានប្រគល់ជូនកាដូអនុស្សាវរីយ៍ជូនដល់និស្សិតចំនួន ១០នាក់ ដែលបានឡើងឆ្លើយសំណួររបស់វាគ្មិននៅក្នុងកម្មវិធីផងដែរ៕

















Post a Comment

Previous Post Next Post