ម្ចាស់គណនី TikTok ជនជាតិវៀតណាមដែលបង្ហោះវីដេអូប៉ះពាល់ប្រាសាទអង្គរវត្តត្រូវរងពិន័យ


    ប្រភពព័ត៌មានពីសារព័ត៌មានអនឡាញរបស់វៀតណាម VN Express ចេញផ្សាយកាល​ពី​ថ្ងៃ​ទី៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ម្ចាស់គណនី TikTok ជនជាតិវៀតណាមឈ្មោះ Hua Quoc Anh ដែលបានថតវីដេអូនៅប្រាសាទអង្គរវត្តជាមួយនឹងសម្លៀកបំពាក់មិនសមរម្យ​និងមានរូបភាពព្រះមហាក្សត្រ និងទង់ជាតិថៃ ត្រូវបានប៉ូលិសទីក្រុងហូជីមិញពិន័យជាប្រាក់ចំនួន ៧.៥ លានដុង (ប្រហែល​៣០០​ដុល្លារ​សហរដ្ឋអាម៉េរិក)។

ប្រភពដដែលបានបញ្ជាក់ថា នារសៀលថ្ងៃទី៣ ខែមករា នាយកដ្ឋានព័ត៌មាននិងទំនាក់ទំនង​ក្រុង​ហូជីមិញ​​បានសម្របសម្រួលជាមួយនាយកដ្ឋានសន្តិសុខតាមអ៊ីនធឺណិត និងទប់ស្កាត់ឧក្រិដ្ឋកម្មដោយ​ប្រើ​បច្ចេកវិទ្យាខ្ពស់ក្រុងហូជីមិញ បានដាក់ទណ្ឌកម្មរដ្ឋបាលលោក Hua Quoc Anh ដោយផ្អែកលើអាកប្បកិរិយា​របស់គាត់ ការរំលោភផ្នែករដ្ឋបាលលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ ប្រេកង់ បច្ចេកវិទ្យាព័ត៌មាន និង​ប្រតិបត្តិការ​អេឡិចត្រូនិក ផ្អែកតាមក្រឹត្យ ១២/២០២០ ដោយពិន័យជាប្រាក់ចំនួន ៧.៥ លានដុង និងឱ្យម្ចាស់​គណនី TikTok ​រូបនេះ ​​សន្យាមិនឱ្យមានឧប្បត្តិហេតុស្រដៀងគ្នានេះកើតឡើងជាថ្មីទៀត។

សូមរំឭកថា  កាលលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣  ម្ចាស់គណនី TikTok ជនជាតិវៀតណាមរូបនេះ បានបង្ហោះវីដេអូប្រវែង ១នាទី២៥ វិនាទី ដែលរៀបរាប់អំពីការថតរូបនៅប្រាសាទអង្គរវត្ត​ដោយមាននារី​ម្នាក់​ស្លៀក​ឈុត​ប្រពៃណី​ថៃ​ ​ហើយ​កាន់ដំបង​ដើរ​ជុំវិញ​ប្រាសាទ​។​ វីដេអូ​នេះ​ក៏​មាន​បញ្ចូលរូប​ភាព​​ទង់ជាតិ​ថៃ​ ​និង​ព្រះមហាក្សត្រថៃ ​អម​ដោយ​សំឡេង​ថា​ “​សួស្ដី​ប្រទេស​ថៃ!​”​ នៅលើគណនី TikTok ឯកជនរបស់ខ្លួន ដែលមានអ្នកតាមដានប្រហែល ៧០០,០០០នាក់ ។

​នៅថ្ងៃ​ទី​១​២​ ​ខែវិច្ឆិកា​ ​អាជ្ញាធរ​អប្សរា​ ​បាន​វាយ​តម្លៃ​ថា​ វីដេអូ​នេះ​បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​វប្បធម៌​ ​និង​បេតិកភណ្ឌ​របស់​កម្ពុជា​ ​ហើយ​បាន​និយាយ​ថា​ ​ខ្លួន​បាន​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ ​T​i​k​To​k ​លុប​វីដេអូ​នោះ​ចេញ​។​ អាជ្ញាធរ​អប្សរា​ក៏បាន​ជំរុញ​អ្នកប្រើ​អ៊ី​ន​ធឺ​ណិ​ត​ឈប់​បន្ត​ការ​ចែករំលែក​វីដេអូ​ដែលមាន​ “​មាតិកា​មិន​សមរម្យ​”​ នេះ។​

ពីរថ្ងៃក្រោយមក គឺនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក Hua Quoc Anh បានបង្ហោះឃ្លីប​សុំទោសនៅលើ Facebook ផ្ទាល់ខ្លួនរបស់គាត់ ​ដោយ​បាននិយាយថា «ឥឡូវ​ខ្ញុំ​ដឹង​ថា​ខ្លួន​ខុស ខ្ញុំ​ដឹង​កំហុស​ខ្ញុំ ដូច្នេះ​ខ្ញុំ​សូម​អភ័យទោស​ដោយ​ស្មោះ​ចំពោះ​មិត្តកម្ពុជា និងប្រទេស​កម្ពុជា។ នឹងមិនមាន​រឿង​បែប​នេះ​កើត​ឡើង​ម្ដង​ទៀត​ទេ។ ឆានែល​ក៏បាត់ដែរ ឃ្លីបក៏ត្រូវបានលុបចេញពីវេទិកាទាំងអស់ ហើយខ្ញុំចង់បញ្ចប់រឿង​នេះទាំងស្រុងនៅទីនេះ។»

ទោះជាយ៉ាងណាក៏ដោយ ការសុំទោសរបស់លោក Hua Quoc Anh មិនគ្រប់គ្រាន់ដើម្បីបំបាត់​កំហឹង​សាធារណជននោះទេ។ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបញ្ជាក់ថា ពួកគេមិនទទួលយកការ​សុំទោស​​របស់​​បុរស​ម្នាក់នេះទេ ដោយសារតែពួកគេគិតថា អាកប្បកិរិយារបស់ម្ចាស់គណនី TikTok ជនជាតិ​វៀតណាមរូបនេះ ខ្វះភាពស្មោះត្រង់និងវិប្បដិសារី។

លើសពីនេះ សហគមន៍អនឡាញបានអំពាវនាវឱ្យធ្វើពហិការលើបុគ្គលនេះ​សម្រាប់ការបង្កើតវីដេអូ​ដែល​មានខ្លឹមសារអវិជ្ជមាន បង្កគ្រោះថ្នាក់ ស្អប់ខ្ពើម ហើយជាច្រើនដងមានការឈ្លោះប្រកែកគ្នា​ដោយសារ​តែការប៉ះពាល់លើបញ្ហាវប្បធម៌ សាសនា និងនយោបាយ។

បច្ចុប្បន្ននេះ គណនី TikTok របស់ជនជាតិវៀតណាមរូបនេះ ដែលមានអ្នក Follow ជាង ៧០៧,០០០ និងមានអ្នក Like ប្រមាណ ១៩.៨ លាន ត្រូវបានបិទជាអចិន្ត្រៃយ៍ដោយក្រុមហ៊ុន TikTok៕

Post a Comment

Previous Post Next Post