ពាណិជ្ជកម្មកាបូន និងថាមពលបៃតង ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជាខ្លឹមសាររួមនៃកិច្ចពិភាក្សាដើម្បីបើកទំព័រកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងឥណ្ឌូនេស៊ី និងកម្ពុជា នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។
ឯកឧត្តមបណ្ឌិត សានតូ ដាមូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជាបានថ្លែងអបអរចំពោះសមិទ្ធផលការងារដែលក្រសួងបរិស្ថានសម្រេចបានដោយជោគជ័យនូវភារកិច្ចក្នុងរយៈពេល១០០ថ្ងៃដំបូងរបស់ឯកឧត្តមរដ្ឋមន្រ្តី។ ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតជំនួបទ្វេភាគីនៅថ្ងៃនេះ គឺជាឱកាសល្អក្នុងកិច្ចសហប្រតិបត្តិការទូត ដើម្បីបន្តរឹតចំណងមិត្តភាពរវាងកម្ពុជា និងឥណ្ឌូនេស៊ីឱ្យកាន់តែមានភាពស្អិតរមួតទ្វេឡើង។ លើសពីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានលើកឡើងអំពីគោលបំណងក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលផ្តោតសំខាន់លើកិច្ចគាំពារបរិស្ថាន ជីវៈចម្រុះ និងសេដ្ឋកិច្ចបៃតង ដោយរាប់បញ្ចូលឥណទានកាបូន ពាណិជ្ជកម្មកាបូន និងថាមពលបៃតងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងអំណរគុណចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងជូនពរឱ្យឯកឧត្តមទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចការទូតនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតអំពីយុទ្ធសាស្រ្ត ចក្រាក្នុងវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ហើយឈរលើយុទ្ធសាស្រ្តគន្លឹះនេះ កម្ពុជាសម្រេចបានភាពស្អាត ភាពបៃតង និងចីរភាព ស្របនឹងគោលបំណងនៃជំនួបនៅថ្ងៃនេះ ដែលឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកឡើង។ ជាមួយគ្នានេះ កម្ពុជា-ឥណ្ឌូនេស៊ីនឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីសម្អាតប្រទេសទាំងពីរឱ្យទទួលបានភាពស្អាត មិនមានការបំពុលដោយសំណល់ប្លាស្ទិក និងមានភាពបៃតង តាមរយៈការបង្កើនគម្របព្រៃឈើឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើម្បីពង្រឹងការវិនិយោគបៃតងក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏រឹងមាំនេះ។
គួររម្លឹកជូនថា ទំនាក់ទំនងការទូតរវាងឥណ្ឌូនេស៊ី និងកម្ពុជាអស់រយៈពេល ៦៥ឆ្នាំមកនេះ បាននាំមកនូវផលប្រយោជន៍ជាច្រើន តាមរយៈការវិនិយោគ ការនាំចេញនាំចូលផលិតផល ការផ្លាស់ប្តូរទំនិញកសិកម្ម ឧស្សាហកម្មសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ៕