ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជំរុញការធ្វើកំណែទម្រង់ច្រកចេញចូលតែមួយខេត្តបាត់ដំបង ឲ្យកាន់តែប្រសើរថែមទៀត ដើម្បីផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋ កាន់តែមានប្រសិទ្ធភាព


    បាត់ដំបង ៖ ក្នុងឱកាសសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្តបាត់ដំបង និងអង្គភាពចំណុះ កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ច្រកចេញចូលតែមួយជាអាទិភាពមួយដែលសម្ដេចធបិតីនាយករដ្ឋមន្ត្រី ផ្ដោតការយកចិត្តដាក់។ ដូច្នេះ ក្នុងនាមក្រសួងមហាផ្ទៃ ឯកឧត្ដម ជំរុញលើកទឹកចិត្តដល់រដ្ឋបាលខេត្ត និងអង្គភាពច្រកចេញចូលតែមួយផ្ទាល់ គប្បីយកចិត្តទុកដាក់ក្នុងប្រតិបត្តិការរបស់ខ្លួនជាអ្នកផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ឯកឧត្ដមអភិសន្តិបណ្ឌិត បានបន្តទៀតថា កំណែទម្រង់លើការងារច្រកចេញចូលតែមួយ ត្រូវចាប់ផ្ដើមធ្វើ ដោយចាប់ផ្ដើមពីដើមទីនេះទៅ មិនអាចអូសបន្លាយពេលនោះទេ ព្រោះការវិវត្តនៃបច្ចេកវិទ្យាផង ពិសេសតម្រូវការរបស់ប្រជាពលរដ្ឋជាត្រីមុខ ដែលកំពុងមានសន្ទុះគាំទ្រការផ្ដល់សេវារបស់មន្ត្រីជាប្រតិបត្តិករ។ ក្នុងនោះភាពងាយស្រួលនៃការទទួលសេវា គឺជាគន្លឹះដែលត្រូវដោះស្រាយ ពោលគឺសម្រួចយន្តការផ្ដល់សេវាឱ្យបានកាន់តែច្រើន និងលឿនរហ័សតាមប្រព័ន្ធឌីជីថល។

ក្រោយពីបានពិនិត្យច្រកចេញចូលតែមួយខេត្តបាត់ដំបង ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានកត់សម្គាល់ឃើញថា ដំណើរការបានល្អប្រសើរបន្តិចម្ដងៗ តែក៏ពុំត្រូវស្កប់ស្កល់នឹងអ្វីដែលទទួលបាននាពេលនេះត្រឹមប៉ុណ្ណឹងនោះទេ។ ឯកឧត្ដម លើកទឹកដល់រដ្ឋបាលខេត្ត និងអង្គភាពច្រកចេញចូលតែមួយ បន្តសិក្សាស្រាវជ្រាវដកស្រង់បញ្ហាខ្វះចន្លោះនានាដើម្បីរកមូលហេតុនៃដំណើររអាក់រអួលក្នុងការផ្ដល់ជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ ក្រសួងមហាផ្ទៃ ក៏នឹងបន្តសិក្សាដូចគ្នា រួមជាមួយក្រសួង ស្ថាប័ន វិស័យផ្សេងៗ ថាតើសេវាអ្វីខ្លះទៀត ដែលគួរទម្លាក់ទៅថ្នាក់ក្រោមជាតិ ដើម្បីបន្តផ្ដល់ជូនអ្នកមានតម្រូវការ៕
























         

Post a Comment

Previous Post Next Post