✧═══•❁❀❁•═══✧
[ភ្នំពេញ]៖ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៦ – យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល និង ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលធ្វើការលើកកម្ពស់សេរីភាពបញ្ចេញមតិ និងសេរីភាព សារព័ត៌មាន អំពាវឲ្យមានការដោះលែង អ្នកសារព័ត៌មាន លោក ហែម វណ្ណា នៃស្ថាប័នសារព័ត៌មានអនឡាញ HVNN TV Online ក្នុងខេត្ត បន្ទាយមានជ័យ។
យោងតាមអង្គការសិទ្ធិមនុស្សក្នុងស្រុក រួមមានសមាគមការពារសិទ្ធិមនុស្ស និង អភិវឌ្ឍន៍នៅកម្ពុជា (អាដហុក ) និងអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) លោក វណ្ណា ត្រូវបានចាប់ខ្លួនដោយកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែត បន្ទាប់ពីបានរាយការណ៍អំពីការសង្ស័យនៃទីតាំងឆបោកតាមប្រព័ន្ធអនឡាញ។ លោក វណ្ណា ត្រូវបានតុលាការខេត្តចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា ៤៩៥ និងបទស្តាប់ ឬថតពាក្យសម្តីឯកជន តាមមាត្រា៣០១ នៃក្រមព្រហ្មទណ្ឌ។ បច្ចុប្បន្ន លោកកំពុងត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តបន្ទាយមានជ័យ។
កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៦ អ្នកសារព័ត៌មានរូបនេះបានផ្សព្វផ្សាយរបាយការណ៍ជា វីដេអូ ដែលរៀប រាប់អំពីហេតុការណ៍អំពើហិង្សាមួយទៅលើជនជាតិចិនមួយក្រុម នៅក្នុងទីតាំងដែលគេសង្ស័យថាជា កន្លែងឆបោក តាមអនឡាញនៅក្នុងក្រុងប៉ោយប៉ែត។ បើតាមសេចក្តីរាយការណ៍ ទីតាំងនោះស្ថិតនៅចម្ងាយ ប្រហែល១០០ ម៉ែត្រពីក្រោយទីស្នាក់ការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ហើយដែលក្នុងសេចក្តីរាយការណ៍ ដដែលលើកឡើងថា អាជ្ញាធរគួរតែបានដឹង អំពីទីតាំងនោះ។
យោងតាមសេចក្តីរាយការណ៍របស់ខេមបូចា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២៦ លោកវណ្ណា ត្រូវបានកោះហៅទៅ កាន់កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនៅព្រឹកថ្ងៃនោះ ដោយមិនបានប្រាប់អំពីមូលហេតុឡើយ។ បន្ទាប់មកលោក ត្រូវបានបញ្ជូន ទៅកាន់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយចោទថាបានផ្សព្វផ្សាយព័ត៌មានមិន ត្រឹមត្រូវ។
ការចាប់ខ្លួន និងការចោទប្រកាន់មកលើអ្នកសារព័ត៌មានរូបនេះ ហាក់បានបង្ហាញអំពីនិន្នាការរបស់រដ្ឋាភិបាលក្នុង ការរឹតត្បិតសំឡេងសមាជិកអ្នកសារព័ត៌មានតាមរយៈការប្រើប្រាស់ក្រមព្រហ្មទណ្ឌជំនួសពីការប្រើប្រាស់
យន្តការច្បាប់ស្តីពីរបបសារព័ត៌មាន ដូចជាការស្នើសុំកែតម្រូវ ឬ សិទ្ធិក្នុងការឆ្លើយតប។
លោក វណ្ណា គឺជាអ្នកសារព័ត៌មានទីប្រាំ ដែលត្រូវបានចាប់ខ្លួន និងកំពុងត្រូវបានឃុំខ្លួន ដោយសារសេចក្តី រាយការណ៍របស់ពួកគេគិតចាប់តាំងពីខែមករា ឆ្នាំ២០២៥មក។ ករណីនេះបង្ហាញពីការរឹតត្បិត លើសារព័ត៌មាន ឯករាជ្យនិងការប្រើប្រាស់នីតិវិធីច្បាប់ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រ កម្ពុជាជាពិសេស មាត្រា ៤១ ក៏ដូចជាឯកសារសិទ្ធិមនុស្សអន្តរជាតិ ដែលកម្ពុជាជាភាគី រួមមានកតិកាសញ្ញា អន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
កម្ពុជាឈនៅលេខរៀងទី១៦១ ក្នុងចំណោមប្រទេសចំនួន១៨០ នៅក្នុងចំណាត់ថ្នាក់សេរីភាពសារព័ត៌មានដែល ចេញផ្សាយដោយអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន។
ក្នុងករណីនេះ អាជ្ញាធរគួរតែស្នើសុំការបញ្ជាក់ ឬពន្យល់ ឬស្នើសុំឱ្យមានការកែតម្រូវ ប្រសិនបើចាំបាច់ តាមវិធានការ ស្របតាមច្បាប់ និងសមស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។ ការប្រើប្រាស់បទចោទក្រមព្រហ្មទណ្ឌ ជាពិសេស បទញុះញង់ គឺជាវិធានការលើសកម្រិត និងមិនសមស្រប ហើយយើងខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ចំពោះ ការចាប់ខ្លួន និងការឃុំខ្លួនលោក វណ្ណា ដែលធ្វើឱ្យអ្នកសារព័ត៌មានទាំងអស់កាន់តែមិនមានសុវត្ថិភាព។
យើងខ្ញុំសូមអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធសូមឱ្យ៖
១. ដោះលែងលោកហែម វណ្ណា ជាបន្ទាន់ និងទម្លាក់បទចោទប្រកាន់ទាំងអស់លើលោក
២. ប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មាន ក្នុងការដោះស្រាយវិវាទដែលពាក់ព័ន្ធនឹងការងារសារព័ត៌មាន ជំនួសឱ្យ ការប្រើប្រាស់បទចោទព្រហ្មទណ្ឌ
៣. គោរព និងការពារសេរីភាពសារព័ត៌មាន និងធានាថា អ្នកសារព័ត៌មានអាចអនុវត្តភារកិច្ចវិជ្ជាជីវៈរបស់ខ្លួន ដោយគ្មានការភ័យខ្លាចចំពោះការរំខាន ការគំរាមកំហែង ការរឹតត្បិត ឬការចោទប្រកាន់តាមផ្លូវច្បាប់។
យើងខ្ញុំឈររួមសាមគ្គីជាមួយអ្នកសារព័ត៌មាន ដែលកំពុងអនុវត្តភារកិច្ចរបស់ពួកគេ និងសហគមន៍ប្រព័ន្ធផ្សព្វផ្សាយ ហើយបញ្ជាក់ឡើងវិញថា សារព័ត៌មានសេរី និងឯករាជ្យ គឺមានសារៈសំខាន់យ៉ាងចាំបាច់សម្រាប់ភាពថ្លាថ្នូរ ការទទួលខុសត្រូវ និងលទ្ធិប្រជាធិបតេយ្យ។
សេចក្តីថ្លែងការណ៍នេះត្រូវបានគាំទ្ររួមដោយ៖
១. សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)
២. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (ស៊ីស៊ីអាយអ៊ឹម)
៣. អង្គការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (CMPO)
៤. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
៥. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក )
៦. អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ)
៧. ក្រុមពង្រឹងសិទ្ធិអំណាចយុវជនដើម្បីសមធម៌សង្គម (EYES)
៨. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
៩. វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API)
១០. មជ្ឃមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)
១១. សហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
១២. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
១៣. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
១៤. Gerakan Media Merdeka (Geramm) ម៉ាឡេស៊ី
១៥. សហជីពជាតិអ្នកសារព័ត៌មានហ្វីលីពីន (NUJP) ហ្វីលីពីន
១៦. មជ្ឃមណ្ឌលដើម្បីសារព័ត៌មានឯករាជ្យ (CIJ) ម៉ាឡេស៊ី
១៧. សម្ព័ន្ធអ្នកសារព័ត៌មានឯករាជ្យ (AJI)ឥណ្ឌូនេស៊ី
១៨. Prachatai ថៃ
១៩. Freedom Forum នេប៉ាល់
២០. សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ (IFJ)
២១. អ្នកសារព័ត៌មានគ្មានព្រំដែន (RSF)
២២. Pacific Islands News Association (PINA)
អរគុណសន្តិភាព





