✧═══•❁❀❁•═══✧
[ខេត្តព្រះសីហនុ]៖ សូមធ្វើការវាយតម្លៃខ្ពស់និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រះសីហនុ ក្រុមការងារចុះមូលដ្ឋាន មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាជនទាំងអស់ ដែលបានបន្តចូលរួមយ៉ាងសកម្មក្នុងការជ្រោងទង់សាមគ្គី ឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុប្រកបដោយគំនិតច្នៃប្រឌិតស្របតាមស្ថានភាពជាក់ស្ដែង និងឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ទោះបីសង្គមជាតិទាំងមូលបាននិងកំពុងប្រឈមនឹងសត្រូវឈ្លានពាន និងបញ្ហាវិបត្តិសកលក៏ដោយ។
ដើម្បីបង្កើនសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ និងប្រជាជន ពិសេសប្រែក្លាយតំបន់ឆ្នេរជារបៀងសេដ្ឋកិច្ចដ៏រឹងមាំរបស់សេដ្ឋកិច្ចជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានស្នើឱ្យក្រុមការងារគ្រប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ក្នុងការអនុវត្ត ដូចខាងក្រោម៖
១. បន្តធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅមូលដ្ឋាន តាមរយៈការលុបបំបាត់ការឆបោកតាមប្រព័ន្ធអនឡាញ (scam online) ដោយមិនត្រូវឱ្យមាននៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ បញ្ចប់វិវាទដីធ្លី ដោះស្រាយសំណង់មិនរៀបរយនិងការរៀបចំក្រុង និងទប់ស្តាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។
២. កំណត់ផែនការមេសម្រាប់ការអភិវឌ្ឍខេត្តព្រះសីហនុ តាមរយៈការរៀបចំក្រុង រៀបចំដែនដី នគរូបនីយកម្ម ការកែលម្អឆ្នេរសមុទ្រ ការអភិវឌ្ឍផែទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់បណ្តាញអគ្គិសនីនិងទឹកស្អាតជូនប្រជាពលរដ្ឋឱ្យបានគ្រប់ខ្នងផ្ទះ និងគ្រប់ភូមិឋានប្រជាជន។
៣. បន្តយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្សឱ្យត្រូវតាមសក្តានុពលនិងទីផ្សារការងារ។
៤. បង្កើនផ្នត់គំនិតជាសហគ្រិនមូលដ្ឋាននិងគំនិតច្នៃប្រឌិតក្នុងការបង្កើតមុខរបរ ដើម្បីអភិវឌ្ឍខឿនសេដ្ឋកិច្ចមូលដ្ឋាន។
៥. បន្តទាក់ទាញការវិនិយោគពីដៃគូអភិវឌ្ឍន៍នានាទាំងក្នុងនិងក្រៅប្រទេស និងបន្ដការពារនិងថែរក្សាការវិនិយោគដែលមានស្រាប់នៅមូលដ្ឋាន។
ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី២៤ មករា ២០២៦៕
អរគុណសន្តិភាព










