រដ្ឋមន្រ្តីក្រសួងបរិស្ថាន បង្ហាញគន្លឹះនៃការដឹកនាំក្នុងការអនុវត្តយុទ្ធសាស្រ្តវិស័យបរិស្ថាន


✧═══•❁❀❁•═══✧

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបើកបង្ហាញគន្លឹះនៃការដឹកនាំនៅក្នុងបាឋកថា ស្តីពី «ការដឹកនាំនិងគ្រប់គ្រងវិស័យបរិស្ថាននៅកម្ពុជា» នៅរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីរបស់រាជបណ្ឌិត្យសភាកម្ពុជា ថ្នាក់ដឹកនាំនៃក្រសួងបរិស្ថាន សហព័ន្ធសភាពយុវជនកម្ពុជា និងសិស្សនិស្សិតមកពីសាលាភូមិន្ទរដ្ឋបាល និងរាជបណ្ឌិត្យសភាកម្ពុជា ប្រមាណជាង៦០០នាក់។

គោលបំណងនៃការផ្សព្វផ្សាយពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដោយបើកបង្ហាញពីការដឹកនាំនេះ ដើម្បីបង្ហាញពីជំហានយុទ្ធសាស្ត្រច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្ដើមចេញពីការការពារ ការសិក្សាច្បាប់ ឈានដល់ការអនុវត្ត និងការធ្វើសុក្រឹតកម្មបរិស្ថានកិច្ច ដោយធានាការគ្រប់គ្រងមានប្រសិទ្ធភាពខ្ពស់។ គន្លឹះនៃការដឹកនាំក្នុងការអនុវត្តយុទ្ធសាស្រ្តវិស័យបរិស្ថានរួមមាន១. ការសិក្សាស៊ីជម្រៅ តាមរយៈការស្វែងយល់ឱ្យច្បាស់ពីច្បាប់ យុទ្ធសាស្ត្រ និងគោលការណ៍ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ទី២. ការអនុវត្តជាក់ស្តែងដោយការប្រែក្លាយផែនការ និងច្បាប់ឱ្យទៅជាសកម្មភាពពិតប្រាកដ និង ទី៣. គឺការធ្វើសុក្រឹតកម្មបរិស្ថានកិច្ចឱ្យមានប្រសិទ្ធភាពដោយចីរភាព។

ជាបទពិសោធន៍ល្អ ក្រសួងបរិស្ថានទទួលបានការរួមចំណែកពីសិស្សានុសិស្ស និង ប្រជាពលរដ្ឋជាង១៤លាននាក់ប្តេជ្ញាចិត្តកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក រហូតដល់មានការថយចុះការនាំចូលថង់ប្លាស្ទិកនៅកម្ពុជាជាង ៨០% ហើយក៏កំពុងបន្តនូវចលនាស្អាតយ៉ាងសកម្មពីប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង៧លាននាក់។

ទាំងនេះហើយគឺជាជំហានសាមញ្ញ និងជាគន្លឹះនៃការដឹកនាំ ក្រោមការចង្អុលបង្ហាញពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្របទៅតាម «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសំដៅឈានទៅសម្រេចបានជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕














Post a Comment

Previous Post Next Post