សមាគមសហព័ន្ធដើម្បីសន្តិភាព នៃសម្ព័ន្ធភាពអង្គការសង្គមស៊ីវិល ទាំង ៣២ ស្ថាប័នអង្គភាព សូមធ្វើការ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបន្តវាយប្រហារយ៉ាងព្រៃផ្សៃរបស់ប្រទេសថៃ


ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់ យន្តហោះចម្បាំង F-16 និង T-50TH នាវាចម្បាំង ការប្រើប្រាស់ផ្សែងពុល និងគ្រាប់បែកចង្កោម មកលើទីតាំងភូមិសាស្ត្រ ដែលមានប្រជាជនស៊ីវិលរស់នៅ ក្នុងខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ បាត់ដំបង ព្រះវិហារ និង កោះកុង។ ជាក់ស្តែង គិតត្រឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នេះ ប្រជាជនស៊ីវិលបានស្លាប់ចំនួន ២១នាក់ និងរងរបួសចំនួន ៨៣នាក់ ជនភៀសសឹកកើនដល់ ៦០៧ ៩៨០ នាក់ និងហេដ្ឋារចនាសម្ព័ន្ធ ស៊ីវិលជាច្រើន ត្រូវបានបំផ្លាញ រួមមាន ផ្ទះប្រជាពលរដ្ឋ ប្រាសាទបុរាណ អគារឯកជន អគារស្នាក់នៅ/សណ្ឋាគារ ស្ថានីយ៍ ប្រេង ឃ្លាំងទិញ ដំឡូង ឃ្លាំងទំនិញ បង្គោលអង់តែនទូរសព្ទ សាលារៀន មណ្ឌលសុខភាព អគាររដ្ឋ វត្ត សាលាឆទាន ស្ពាន ផ្សារ ផ្លូវរថយន្ត និងម៉ូតូ។

ទង្វើដ៏ឃោរឃៅ និងអមនុស្សធម៌នេះ មិនត្រឹមតែជាការរំលោភអធិបតេយ្យភាព និងបូរណភាពដែនដី របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិមនុស្សជាមូលដ្ឋានរបស់ប្រជាជនកម្ពុជា ជាពិសេសសិទ្ធិរស់រានមានជីវិត និងសុវត្ថិភាព ផ្ទាល់ខ្លួនរបស់ជនស៊ីវិល ព្រមទាំងសិទ្ធិលើទ្រព្យសម្បត្តិ ដែលត្រូវបានការពារយ៉ាងម៉ត់ចត់ដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ លើសពីនេះ ទង្វើបាញ់ប្រហារលើជនស៊ីវិល និងទ្រព្យសម្បត្តិស៊ីវិល គឺជាការរំលោភបំពានយ៉ាងច្បាស់លើច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសគោល ការណ៍ជាមូលដ្ឋាននៃអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និងពិធីសារបន្ថែមពាក់ព័ន្ធ ដែលហាមឃាត់ដាច់ខាតចំពោះការវាយប្រហារលើ ជនស៊ីវិល និងទាមទារឱ្យការពារប្រជាជននៅគ្រប់កាលៈទេសៈ។

សមាគមសហព័ន្ធដើម្បីសន្តិភាព នៃសម្ព័ន្ធភាពអង្គការសង្គមស៊ីវិល ទាំង ៣២ ស្ថាប័នអង្គភាព

សូមអំពាវនាវយ៉ាងទទូចដល់សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ អង្គការសិទ្ធិមនុស្សអន្តរជាតិ និងតំបន់ ព្រមទាំងភាគីពាក់ព័ន្ធ ទាំងអស់ ឱ្យប្រើប្រាស់គ្រប់យន្តការ និងសម្ពាធផ្សេងៗ ដើម្បីបង្ខំឱ្យប្រទេសថៃបញ្ឈប់ភ្លាមៗនូវទង្វើឈ្លានពាន ការប្រើកម្លាំងយោធា និង ការបាញ់ប្រហារលើជនស៊ីវិល ក៏ដូចជាការធានាឲ្យមានការទទួលខុសត្រូវចំពោះអ្នកដែលបានប្រព្រឹត្តអំពើរំលោភបំពានទាំងនេះ៕

Post a Comment

Previous Post Next Post