សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាម បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះការសម្រេចបាននូវកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម។ រយៈពេល៩ខែឆ្នាំ២០២៥ សម្រេចបានប្រមាណ៩ពាន់លានដុល្លារអាមេរិក។ សម្តេចតេជោ និងឧបនាយករដ្ឋមន្ត្រីវៀតណាម បានមើលឃើញថា សន្តិសុខសណ្តាប់ធ្នាប់ល្អតាមបន្ទាត់ព្រំដែន ជាចំណែកមួយដ៏សំខាន់នៃកំណើនពាណិជ្ជកម្មនេះ។
នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាម ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាកិច្ចចាប់ផ្តើមនៃជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយចំពោះដំណើរបំពេញទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូនៅកម្ពុជា។ ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ទាំងក្របខណ្ឌរដ្ឋាភិបាល ស្ថាប័ននីតិបញ្ញត្តិ និងគណបក្សមានការរីកចម្រើនគួរឱ្យកត់សម្គាល់។
សម្តេចតេជោ ហ៊ុន សែន ក៏បានចូលរួមសម្តែងនូវការសោកស្តាយចំពោះគ្រោះមហន្តរាយធម្មជាតិនៅក្នុងប្រទេសវៀតណាម បណ្តាលឱ្យប៉ះពាល់ជីវិតពលរដ្ឋ និងរងនូវការខូចខាតនានា។
ក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្ត្រីវៀតណាម បានសម្តែងការអរគុណជាអនេក ដែលសម្តេចតេជោ បានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ បានជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងការអរគុណចំពោះមនោសញ្ចេតនារបស់សម្តេចតេជោ ដែលបានចូលរួមរំលែកនូវការសោកស្តាយចំពោះគ្រោះមហន្តរាយធម្មជាតិនៅប្រទេសវៀតណាម។
លោកឧបនាយករដ្ឋមន្ត្រីវៀតណាម បាននាំមកនូវសារផ្តាំផ្ញើសាកសួរសុខទុក្ខសម្តេចតេជោ ហ៊ុន សែន ពីសំណាក់ថ្នាក់ដឹកនាំប្រទេសវៀតណាម មានដូចជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ប្រធានសភាវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម និងប្រមុខរដ្ឋវៀតណាមជាដើម។
ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីវៀតណាម បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ដែលជាទំនាក់ទំនងល្អមិនត្រឹមក្របខណ្ឌរដ្ឋាភិបាលប៉ុណ្ណោះទេ តែទំនាក់ទំនងរវាងបក្ស និងបក្សមានការរីកចម្រើនគួរឱ្យកត់សម្គាល់។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចពីកិច្ចសហប្រតិបត្តិការមួយចំនួនរវាងកម្ពុជា និងវៀតណាម ជាពិសេសការធ្វើពាណិជ្ជកម្មដែលមានការកើនឡើង ក្នុងរយៈពេលត្រឹមជាង៩ខែឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មមានជាង៩ពាន់លានដុល្លារ ហើយនឹងមានការកើនឡើងបន្ថែមទៀតនាពេលខាងមុខ។ នេះជាការបង្ហាញឱ្យឃើញនូវសញ្ញាវិជ្ជមាននៃការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ស្ថានភាពល្អប្រសើរនៃការធ្វើពាណិជ្ជកម្មនេះ អាចសម្រេចទៅបានក៏ព្រោះតែមានសន្តិសុខល្អនៅតាមព្រំដែន ដែលប្រទេសទាំងពីរបានធ្វើរួមគ្នាដើម្បីពង្រឹង និងពង្រីកផ្នែកសន្តិសុខសណ្តាប់ធ្នាប់នៅតាមព្រំដែន។
សម្តេចតេជោ ហ៊ុន សែន បានឯកភាពទាំងស្រុងទៅលើអ្វីដែលលោកឧបនាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងខាងលើនេះ។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ក្រៅតែពីការរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ល្អតាមព្រំដែនហើយនោះ ការតភ្ជាប់រវាងគ្នាតាមរយៈហេដ្ឋារចនាសម្ព័ន្ធនានា ក៏ជាចំណែកដ៏សំខាន់ផងដែរ សម្រាប់លើកកម្ពស់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម។
ទន្ទឹមនឹងការពេញចិត្តចំពោះវឌ្ឍនភាពនៃការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានក្តីរំពឹងផងដែរថា កម្ពុជា និងវៀតណាម អាចនឹងសម្រេចគោលដៅពាណិជ្ជកម្ម២០ពាន់លានដុល្លារ ក្នុងពេលឆាប់ៗខាងមុខនេះ។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចផងដែរថា ការបើកច្រកព្រំដែនអន្តរជាតិកម្ពុជា និងវៀតណាម នៅច្រកព្រំដែនម៉ឺនជ័យ ក្នុងខេត្តព្រៃវែងនាដើមខែធ្នូ ឆ្នាំ២០២៥នេះ ក៏ជាសញ្ញាវិជ្ជមាននៃការធ្វើពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនាក់ទំនងប្រជាជននៃប្រទេសទាំងពីរ៕
















