សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាត្រឡប់មកកម្ពុជាវិញប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្មប្រកបដោយផ្លែផ្កា និងប្រវិត្ដសាស្ដ្រ ជូនជាតិមាតុភូមិ


(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញមកដល់កម្ពុជា ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្ម ប្រកបដោយផ្លែផ្កា និងប្រវិត្ដសាស្ដ្រ ជូនជាតិមាតុភូមិ។

សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគួឡាឡាំពួ ត្រូវបានបិទបញ្ចប់ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីមានកិច្ចប្រជុំកំពូលដ៏មមាញឹក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាននេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើ «សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួ» រវាងកម្ពុជានិងថៃ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាសាក្ស៉ី និងសម្របសម្រួល ដោយនាយករដ្ឋមន្ត្រីម៉ាឡេស៉ី លោក អាន់វ៉ា អ៉ីប្រាហ៉ីម។ 

នេះជាជំហានវិជ្ជមានដ៏សំខាន់ និងជាប្រវត្តិសាស្រ្ត ក្រោមយុទ្ធសាស្រ្ត «ស្ងាត់តែមិនស្ងៀម» របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីឈានទៅរកប្រក្រតីភាព នៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ និងប្រែក្លាយតំបន់ព្រំដែនមានជម្លោះទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រួម៕












Post a Comment

Previous Post Next Post