ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជួបប្រជុំពិនិត្យសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់


   តបតាមសំណើរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបប្រជុំពិភាក្សាគ្នា ដើម្បីពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្តីការក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។

សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលពិភាក្សានាព្រឹកនេះ បានឆ្លងកាត់ការពិភាក្សាយ៉ាងហ្មត់ចត់ ការប្រមូលធាតុចូល និងមតិយោបល់ជាច្រើនលើក ទាំងក្នុងកម្រិតបច្ចេកទេស និងកម្រិតអន្តរក្រសួង ដើម្បីធានាឱ្យការរៀបចំមុខងារ និងរចនាសម្ព័ន្ធក្រសួង កាន់តែមានភាពច្បាស់លាស់ មានសង្គតិភាព និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមអភិក្រម «ពង្រឹង ជាជាងពង្រីក» និង «រៀបចំផ្ទះឱ្យរៀបរយ» ព្រមទាំងមានភាពប្រទាក់ក្រឡាគ្នាក្នុង «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។

គួររម្លឹកផងដែរថា ស្របតាមអភិក្រមរបស់ក្រសួងមុខងារសាធារណៈ «ពិគ្រោះយោបល់ឱ្យបានច្រើន ហើយស្តាប់មតិយោបល់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់» នារយៈពេលកន្លងមកនេះ ក្រសួងមុខងារសាធារណៈ ក្រោយពីបានអនុវត្តការវិភាគមុខងារដែលជាកិច្ចការងារក្នុងវិធានគន្លឹះទី២ បានបន្តរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេសជាមួយក្រសួង ស្ថាប័នម្តងមួយៗ ដើម្បីពិនិត្យ និងពិភាក្សាទៅលើខ្លឹមសារ ព្រមទាំងទិដ្ឋភាពផ្សេងៗទៀតនៃសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន ដើម្បីធ្វើយ៉ាងណាស្របទៅតាមគោលនយោបាយ នៃការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងឆ្លើយតបទៅនឹងលទ្ធផលនៃការវិភាគមុខងារផងដែរ។

បន្ថែមលើជំនួបនាព្រឹកនេះ ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ក៏បានជួ​បប្រជុំជាមួយថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នដទៃទៀតជាបន្តបន្ទាប់ ដើម្បីពិនិត្យ និងពិភាក្សាទៅលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ននីមួយៗ ដោយអនុលោមតាមអភិក្រមរបស់សម្តេចធិបតី និងរាជរដ្ឋាភិបាល ដូចគ្នានោះគឺ «ពង្រឹង ជាជាងពង្រីក» និង «រៀបចំផ្ទះឱ្យរៀបរយ»៕























Post a Comment

Previous Post Next Post