................................
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានសរសេរលើគេហទំព័រហ្វេសប៊ុកផ្លូវការ ដោយបង្ហាញពីមោទនភាពចំពោះថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងមុខងារសាធារណៈ និងអរគុណសម្រាប់ទឹកចិត្ត ការពុះពារអនុវត្តភារកិច្ចប្រកបដោយភាពជាគំរូ និងការទទួលខុសត្រូវខ្ពស់ ហើយសម្រេចបានសមិទ្ធផលជាបន្តបន្ទាប់ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជាកេរមរតកដ៏ពិសិដ្ឋសម្រាប់ទុកជូនអ្នកជំនាន់ក្រោយផងដែរ។
តាមរយៈបណ្តាញសង្គមការងារផ្លូវការ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា «កន្លងមក មិនថាការងារមានសភាពកាន់តែមមាញឹកយ៉ាងណាក្តី ថ្នាក់ដឹកនាំដែលទទួលបន្ទុកការងារទាំងការងារស្នូល និងការងារកែទម្រង់រដ្ឋបាលសាធារណៈ រួមទាំងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខសាធារណៈ តែងតែបានអនុវត្តការងារបានយ៉ាងសកម្ម ហ្មត់ចត់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសការយកចិត្តទុកដាក់លើអត្ថប្រយោជន៍របស់មន្ត្រីរាជការ។»
ក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា "ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានមោទនភាព ដោយមានថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ៗរូប ចូលរួមសហការការងារគ្នាយ៉ាងសស្រាក់សស្រាំពោរពេញដោយឧត្តមភាព ក្នុងបុព្វហេតុ ដើម្បីជាតិ និងប្រជាជនរបស់យើង។"
ក្នុងនាមជាមន្ត្រីនៃក្រសួងមុខងារសាធារណៈ យើងខ្ញុំពិតជាមានមោទនភាព និងមានភ័ព្វវាសនាក្រៃលែង ដោយមានថ្នាក់ដឹកនាំ និងសហការី បានសហការការងារគ្នាយ៉ាងល្អប្រពៃ ជាពិសេសទទួលបានការដឹកនាំដ៏មានថាមពលរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី។ យើងខ្ញុំសូមគោរពអរគុណសម្រាប់ការដឹកនាំ តម្រង់ទិស ហើយបានសម្រេចសមិទ្ធផលជាច្រើន និងជាបន្តបន្ទាប់ដើម្បីលើកកម្ពស់វិស័យមុខងារសាធារណៈ និងក្រសួងមុខងារសាធារណៈរបស់យើង។