.......................
ភ្នំពេញ៖នៅថ្ងៃអាទិត្យ ៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នាអគារសេរីភាព របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា មានពិធីបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើកទី ៨ ដែលរៀបចំដោយសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព
រួមសហការគ្នាជាមួយសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព សម្ព័ន្ធយុវជនសេនាមរតកសន្តិភាព សមាគមសម្ព័ន្ធយុវជនអ្នកសារព័ត៌មានដើម្បីសន្តិភាព ។
ពិធីនោះដែរមានការអញ្ជើញចូលរួម ផ្ដល់កិត្តិយសជាប្រធានគណៈធិបតី ពីសំណាក់ឯកឧត្តមបណ្ឌិត ហែម ប្រសើរ ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាទីប្រឹក្សារាជរដ្ឋាភិបាល លោកបណ្ឌិត ហ៊ុន មករាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ឯកឧត្តមបណ្ឌិត ហ៊ាង គឹមស្រឿន ទីប្រឹក្សារាជរដ្ឋាភិបាល លោកជំទាវ គឹម ស៊ីនួន ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម សរ ហង្សាផូលីណូ ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តមហូរ ចាន់សុភ័ក្រ ទីប្រឹក្សារាជរដ្ឋាភិបាល លោក ឌុល ចាន់ធា ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោក ទេព ភារម្យ ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោក ហែម ប្រសិទ្ធ ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោក រស់ ចំណាន ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោក ហេង ម៉េងលី មន្ត្រីទ្រឹស្ដីការគណៈរដ្ឋមន្ត្រី លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនអ្នកសារព័ត៌មានដើម្បីសន្តិភាព និងឯកឧត្តមលោកជំទាវ លោកលោកស្រី ជាច្រើនរូបទៀត ក្នុងនោះមាន ចាងហ្វាងការផ្សាយ និពន្ធនាយក និពន្ធនាយករង និងអ្នកសារព័ត៌មាន ដែលជាសិក្ខាកាមប្រមាណជាង ១៦១ នាក់ ដែលអញ្ជើញមកពីបណ្ដាររាជធានីខេត្តក្រុង ជាង ៥០ អង្គភាពសារព័ត៌មាននិងគេហទំព័រ។
ថ្លែងមានមតិស្វាគមន៍គណៈអធិបតី លោកបណ្ឌិត ហ៊ុន មករា បានមានប្រសាសន៍រាយការណ៍ជូន អង្គពិធីទាំងមូលថា សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព បានបង្កើតឡើងនៅចុងឆ្នាំ ២០២២ រហូតមកដល់ឆ្នាំ ២០២៥ នេះ បានរៀបចំវគ្គបណ្ដុះបណ្ដាលបានចំនួន ៨ លើក ហើយនេះគឺជាវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើកទី ៨ ដោយផ្ដោតលើប្រធានបទចំនួន ៣ ទីមួយ ស្វែងយល់ពីបរិបទបច្ចេកវិទ្យា AI ក្នុងវិស័យព័ត៌មាន ទីពីរការកំណត់អត្តសញ្ញាណនិងយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយសម័យឌីជីថល និងទីបី សុវត្ថិភាពក្នុងការប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក តេលើក្រាម gmail។
លោកបណ្ឌិតបានបន្តទៀតថា គោលបំណងសំខាន់នៃការបើកវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីពង្រឹងនិងពង្រីកសមត្ថភាពអ្នកសារព័ត៌មាន ស្វែងយល់បន្ថែមពីក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ជាពិសេសបញ្ជ្រាបការយល់ដឹងអំពី ការវិវត្តដ៏លឿនរបស់បច្ចេកវិទ្យាសម័យទំនើប ដែលជះឥទ្ធិពលដល់វិស័យព័ត៌មាន រួមគ្នាទប់ស្កាត់ប្រឆាំងព័ត៌មានក្លែងក្លាយដោយផ្សព្វផ្សាយព័ត៌មានពិត។
មានប្រសាសន៍សំណេះសំណាលក្នុងកម្មវិធីនោះដែរ ឯកឧត្តមបណ្ឌិតហែមប្រសើរទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាទីប្រឹក្សារាជរដ្ឋាភិបាល បានមានប្រសាសន៍សម្ដែងនូវការកោតសរសើរ និងសូមវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សមាគមសារព័ត៌មានទាំងអស់ ដែលបានសហការជាដៃគូរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង ដោយមានគោលបំណងលើកស្ទួយសមត្ថភាពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។
ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តសមាគមអោយបន្តបើកវគ្គបណ្ដុះបណ្ដាលបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពដល់បងប្អូនអ្នកសារព័ត៌មានជាបន្តបន្ទាប់ទៀត។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ទៀតថា ក្រមសីលធម៌វិជ្ជាជីវៈ ជាអាវុធចម្បងមួយសម្រាប់អ្នកសារព័ត៌មាន ក្នុងការអនុវត្តបេសកកម្មផ្សព្វផ្សាយព័ត៌មានឱ្យត្រឹមត្រូវ និងមានទំនួលខុសត្រូវចំពោះសង្គម។ ការប្រកាន់ជាភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន គឺជាធាតុសំខាន់មិនអាចខ្វះបាន ក្នុងការកសាងទំនុកចិត្តពីសំណាក់សាធារណជន និងការពារសិទ្ធិជូនប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មាន។
ឯកឧត្តមបណ្ឌិតបន្តថា លើសពីនេះទៅទៀត វិស័យសារព័ត៌មាន ទទួលបាននូវការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នេះបញ្ជាក់អោយឃើញថា រាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់និងគាំទ្រយ៉ាងពេញទំហឹងនូវតួនាទីសំខាន់របស់ព័ត៌មាន ក្នុងសង្គមប្រជាធិបតេយ្យ ដោយចាត់ទុកសារព័ត៌មានជាអំណាចទី ៤ បន្ទាប់ពី អំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងអំណាចតុលាការ។ក្នុងសម័យឌីជីថល ដែលព័ត៌មានត្រូវបានបោះផ្សាយ និងចែកចាយយ៉ាងលឿននិងទូលំទូលាយ តួនាទីរបស់ព័ត៌មានពិតកាន់តែមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការកសាងសង្គមប្រជាធិបតេយ្យ ដែលមានគុណភាព និងសន្តិភាព។ ព័ត៌មានពិតមិនត្រឹមតែជាគ្រឿងសំរាប់ឲ្យប្រជាពលរដ្ឋយល់ដឹងអំពីព្រឹត្តិការណ៍ក្នុងសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឧបករណ៍ដ៏សំខាន់សម្រាប់ការទទួលសម្រេចឲ្យបានត្រឹមត្រូវ ព្រមទាំងជួយអភិវឌ្ឍគុណភាពជីវិតនិងការគ្រប់គ្រងសាធារណៈបានប្រសើរឡើងផងដែរ។
ឯកឧត្តមបណ្ឌិតបន្តថា ព័ត៌មានក្លែងក្លាយ (Fake News) ក្លាយជាហានិភ័យយ៉ាងធ្ងន់ធ្ងរមួយដល់សង្គម។ ព័ត៌មានក្លែងក្លាយអាចប៉ះពាល់ដល់ការស្ថិតស្ថេរនយោបាយ។ព័ត៌មានខុស បង្កការភ័យខ្លាចក្នុងសង្គម ឬជំរុញការបង្កហិង្សា។ ជាពិសេស ព័ត៌មានបែបនេះ ធ្វើឲ្យសាធារណជនខកខានក្នុងការទទួលបានសិទ្ធិដឹងពិត និងអាចធ្វើឲ្យមានសេចក្តីសម្រេចខុសពីជាគន្លងត្រឹមត្រូវ។ក្នុងនាមជា ម្ចាស់បេសកកម្មបញ្ជូនព័ត៌មានទៅសាធារណជន អ្នកសារព័ត៌មានគួរត្រូវបានលើកទឹកចិត្តឲ្យបន្តចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានល្អៗ និងវិជ្ជមានអំពីសកម្មភាពរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើនការយល់ដឹងរបស់សាធារណៈ និងលើកទឹកចិត្តការចូលរួមរួមទាំងការជឿជាក់លើគោលនយោបាយអភិវឌ្ឍជាតិ។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត សូមអំពាវនាវឲ្យសារព័ត៌មានគ្រប់រូប បន្តអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈ ដោយផ្តោតលើការផ្សព្វផ្សាយព័ត៌មានដែលមានមូលដ្ឋាន ត្រឹមត្រូវ មានវិជ្ជាជីវៈ និងមានទំនួលខុសត្រូវចំពោះសង្គម។ ការចូលរួមទាំងនេះគឺជាកម្លាំងមួយសំខាន់ក្នុងការរួមស្ថាបនាប្រទេសកម្ពុជាឲ្យមានសុភមង្គល ប្រកបដោយសន្តិភាព និងការអភិវឌ្ឍចីរភាព។
នៅចុងបញ្ចប់នៃកម្មវិធីក៏មានការប្រគល់ជូនលិខិតថ្លែងអំណរគុណជូនចំពោះសប្បុរសជនដែលបានជួយឧបត្ថម្ភវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើកទី ៨ នេះ ព្រមទាំងមានការថតរូបទុកជាអនុស្សាវរីយ៍ប្រកបដោយបរិយាកាសស្និទ្ធស្នាលបំផុត៕