ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ដឹកនាំកិច្ចប្រជុំពិនិត្យរៀបចំដីសម្បទានសង្គមកិច្ចសម្រាប់ផ្តល់ជូនអតីតយុទ្ធជន ក្នុងខេត្តបាត់ដំបង


   ..........................

   នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក) បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យរៀបចំដីសម្បទានសង្គមកិច្ច និងដីបង្កបង្កើនផលជូនបងប្អូនអតីតយុទ្ធជន ក្នុងខេត្តបាត់ដំបង។

កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ជាប្រធានកិត្តិយស ស.អ.ក ខេត្ត, លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត ជាប្រធាន ស.អ.ក ខេត្ត, មេបញ្ជាការយោធភូមិភាគ៥, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន។ 

ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានកោតសរសើរចំពោះការខិតខំ និងការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការគិតគូរចំពោះសុខទុក្ខរបស់អតីតយុទ្ធជនដែលរស់នៅតាមខ្នងផ្ទះ។ 

ពាក់ព័ន្ធនឹងការរៀបចំដីសម្បទានសង្គមកិច្ច និងដីបង្កបង្កើនផល, ឯកឧត្តម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លើកឡើងថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងស្របតាមកម្មវិធីសម្បទានសង្គមកិច្ចសម្រាប់ផ្តល់ជូនគ្រួសារអតីតយុទ្ធជនរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំបន្តវេនពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីយុទ្ធជនកម្ពុជា។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ថ្លែងថា រដ្ឋបាលខេត្ត និងមន្ទីរជំនាញ ត្រូវកំណត់ឱ្យបានច្បាស់លាស់ចំពោះដី ដែលរាជរដ្ឋាភិបាលបានផ្តល់ឱ្យកាលពីកន្លងទៅសម្រាប់បែងចែងដីសម្បទានសង្គមកិច្ចនោះត្រៀមសាងសង់ផ្ទះ និងរៀបចំជាដីបង្កបង្កើនផលជូនបងប្អូនអតីតយុទ្ធជន ក្នុងគោលបំណងតបស្នងចំពោះវីរភាព ការលះបង់ និងការពលីជួយជាតិមាតុភូមិរហូតធ្វើឱ្យប្រទេសដែលធ្លាប់ជួបសង្គ្រាមមកជាប្រទេសអភិវឌ្ឍ។ 

ជាចុងក្រោយ ឯកឧត្តម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានណែនាំដល់អាជ្ញាធរខេត្ត និងមន្ទីរជំនាញ ត្រូវរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវជាដើម ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនអតីតយុទ្ធជនធ្វើដំណើរ និងសូមឱ្យអាជ្ញាធរខេត្ត និងមន្ទីរជំនាញ ត្រូវចុះសួរសុខទុក្ខពីស្ថានភាពរស់នៅរបស់អតីតយុទ្ធជនឱ្យបានជាប់ជាប្រចាំ៕









Post a Comment

Previous Post Next Post