ឯកឧត្តម ហ៊ុន ម៉ានី៖ យុវជនជាក្តីសង្ឃឹមដ៏រឹងមាំរបស់ប្រទេសជាតិ, យុវជនជាខែល នៃ​ខឿន​ការពារ​ជាតិផង និងជាកម្លាំងថាមពលក្នុងការជំរុញភាពរីកចម្រើនរបស់ប្រទេសជាតិផង


   ស.ស.យ.ក. តែងតែចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាលកម្ពុជា លើ​ការងារ​សេដ្ឋកិច្ច សង្គមតាមរយៈការរៀបចំយុទ្ធនាការ និងកម្មវិធីផ្សេងៗ រួមមាន ការអប់រំសិក្សាធិការ កីឡា សាសនា វប្បធម៌ មនុស្សធម៌ និងផ្សេងៗ ដើម្បីនាំមកនូវការជួបជុំ ពង្រឹងមិត្តភាព បង្កើន​សាមគ្គី​ភាព ភាតរភាព ស្នាមញញឹម និងបំផុសមោទនភាពក្នុងនាមជាខ្មែរ ក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងពោរពេញដោយឱកាស។

ក្រុមគ្រួសារស.ស.យ.ក. ក៏បានចូលរួមចំណែក ក្នុងពេលដែលសង្គមកម្ពុជាឆ្លងកាត់នូវវិបត្តិនានា ដោយ​ចូលរួមជាមួយរាជរដ្ឋាភិបាលតាមលទ្ធភាពដែលក្រុមគ្រួសារ សមាជិក សមាជិកា ស.ស.យ.ក. អាចធ្វើបាន។

ជាកត្តាប្រវត្តិ​សាស្ត្រ ការចូលរួមរបស់ សសយក គឺស្ថិតក្នុង DNA របស់ស.ស.យ.ក. ផ្ទាល់។ នៅពេលកកើត ស.ស.យ.ក. ជាផ្នែកមួយនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមាន​បេសកកម្ម​តែមួយគត់ គឺដាក់ជីវិតជាដើមទុនក្នុងការរំដោះ និងផ្តួលរំលំរបបកម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរ​ក្រហម ដែលយើងហៅថា របប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលបាន​កាប់​សម្លាប់​ប្រជាជន​ខ្មែរ​ស្លូត​ត្រង់​ជាង​ ៣លាននាក់ នាំឱ្យ ស្ទើរគ្រប់គ្រួសារខ្មែរ បាត់បង់សមាជិក និងបែកបាក់គ្នា ជាមួយ​សោកនា​ដកម្ម ដែលសង្គមយើងនៅតែទទួលរងផលប៉ះពាល់មកដល់ថ្ងៃនេះ ហើយក៏ជា​សោកនា​ដ​កម្មដែលយើងគួរផ្សារភ្ជាប់ទៅនឹង ពាក្យថា “បំភ្លេចម្តេចបាន”។

ស.ស.យ.ក. ក៏ចូលរួមជាបន្តបន្ទាប់ ក្នុងស្ថានភាពវិបត្តិ ដូចជាការប្រឆាំងការរីករាលដាល នៃជំងឺ CoVID19 និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗ។ ក្នុងពេលដែលសង្គមកម្ពុជាបានជួបប្រទះ បញ្ហា​ប្រឈមពាក់ព័ន្ធទៅនឹងប្រធានបទ សន្តិសុខ និងអធិបតេយ្យភាពរបស់កម្ពុជា ដូចជា ករណី ប្រាសាទ​ព្រះវិហារនៅឆ្នាំ ២០០៨-២០១១ ករណី CLV ជាដើម ដែលសុទ្ធសឹងតែ​ជា​ប្រធាន​បទ​រសើប ​និងសំខាន់ ដែលទាមទារអោយយើងត្រូវផ្តល់នូវការជឿជាក់ ត្រៀមស្មារតី និងការចូល​រួ​ម​ក្រោម​ការ​ដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេស ការផ្តល់ជាកម្លាំង ក្នុងក្របខណ្ឌជា​ផ្នែក​មួយ​នៃ​ខឿន​ការពារជាតិប្រជាជន ក្នុងគោលដៅបង្ហាញនូវភាពសុចរិត ការដោះស្រាយ​បញ្ហា​ជា​មួយ​ប្រទេស​ជិត​ខាងដោយសន្តិវិធី ដើម្បីប្រែក្លាយបន្ទាត់ព្រំដែនអោយទៅជាបន្ទាត់ព្រំដែន ដែល​មាន​ចំណ​ង​មិត្តភាព សហប្រតិបត្តិការដើម្បីការអភិវឌ្ឍ។

និយាយជារួម ស.ស.យ.ក. ត្រៀមខ្លួនរួចជាស្រេចដើម្បី ចូលរួម​ក្រោម​ការ​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល មិនថាក្នុងស្ថានភាពដែលសង្គមជាតិមានភាពសម្បូរសប្បាយ ឬពេល​សង្គម​កម្ពុជា​ឆ្លង​កាត់​វិបត្តិ​នោះទេ ក្រុមគ្រួសារសសយក នឹងត្រៀមខ្លួន​ចូលរួម​ក្រោម​ការ​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​ដើម្បី​ជា​ប្រយោជន៍ ដើម្បីស្នាមញញឹម ភាពសម្បូរសប្បាយ និងភាព​រីក​ចម្រើន​សម្រាប់​សង្គម​កម្ពុជា​។

ខ្ញុំសូមអំពាវនាវដល់សមាជិក សមាជិកា ស.ស.យ.ក. ក៏ដូចជាយុវជនខ្មែរ ដែលជា ទំពាំង​ស្នង​ឬ​ស្សី ជាអ្នកបន្តវេនដែលពោរពេញដោយសក្តានុពល ឧត្តមគតិស្នេហាជាតិ សូមចូល​រួម​ជា​មួយ​រាជ​រដ្ឋាភិបាលកម្ពុជា ដើម្បីជាផ្នែកមួយខ្វះមិនបាន និងជាថាមពលបន្ថែម ក្នុងការធ្វើជា ខែលនៃ​ខឿន​ការ​ពារ​ជាតិ (shield of national defense) និងជាកម្លាំង​ក្នុង​ការ​ជំរុញ​ដើម្បី​ភាព​រីក​ចម្រើន​របស់​កម្ពុជា​ថ្ងៃ​នេះ និងទៅអនាគត។ យុវជនជាក្តីសង្ឃឹមដ៏រឹងមាំរបស់កម្ពុជា។

យុវជន​​អាច​ចូលរួមទាំងអស់គ្នាបានតាមរយៈការខំប្រឹងប្រែងរៀនសូត្រ ខំប្រឹងប្រែងធ្វើការ ខំប្រឹ​ង​ប្រែង​សម្រេច​ក្តីស្រមៃរៀងៗខ្លួន ដើម្បីខ្លួនឯង ដើម្បីគ្រួសាររបស់ខ្លួន ព្រោះភាព​ជោគ​ជ័យ​របស់​ប្អូន​ៗ​ម្នាក់ៗ គឺជាភាពជោគជ័យរបស់ប្រជាជាតិទាំងមូល។ លើសពីនេះ សូមចូលរួមដោយ បន្ទរ​ឲ្យ​ឮ​ខ្លាំង​ឡើង នៃភាពជឿជាក់ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងការត្រៀម​ខ្លួន​ក្នុង​គ្រប់​ស្ថាន​ភាព ដែលប្រជាជាតិយើងត្រូវការយើង ទោះក្នុងកាលៈទេសៈណាក៏ដោយ៕



Post a Comment

Previous Post Next Post