ក្រុមហ៊ុន ប៊ី វ៉ាយ ឌី ខេមបូឌា ឯ.ក BYD CAMBODIA CO., LTD. បានបើកការដ្ឋានសាងសង់រោងចក្រដំឡើងយានយន្ត របស់ខ្លួននៅខេត្តព្រះសីហនុ។


   បន្ទាប់ពីរោងចក្រដំឡើងរថយន្តអគ្គិសនីសាងសង់រួចរាល់ ហើយដាក់ឱ្យប្រតិបត្តិការជាផ្លូវការ នៅអំឡុងត្រីមាសទី៤ ឆ្នាំ២០២៥នេះដោយក្រុមហ៊ុន BYD នៅកម្ពុជា នឹងអាចដំឡើង​រថយន្ដ​ចន្លោះពី ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ក្រុមហ៊ុននឹងដំឡើងរថយន្តចំនួន ២ប្រភេទ គឺរថយន្ដ BYD EV ប្រើអគ្គិសនីសុទ្ធ និងរថយន្ដ BYD ដែលអាចប្រើប្រាស់ទាំងសាំង និងអគ្គិសនី។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល លើការងារវិនិយោគ បានបន្តខិតខំជំរុញការកែលម្អ និងធ្វើឱ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការជំរុញផ្សព្វផ្សាយនូវច្បាប់ស្ដីពីវិនិយោគ ការគោះទ្វារវិនិយោគនៅក្រៅប្រទេស ព្រមទាំងការសម្រួល និងធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានា ជាពិសេស ការធ្វើឌីជីថលភាវូបនីយកម្មសម្រាប់ការផ្ដល់សេវាសាធារណៈ។ 

បន្ថែមពីនេះ ក្នុងគោលបំណងបង្កើតបរិយាកាសធុរកិច្ចដែលឆ្លើយតបទៅនឹងតម្រូវការ និងក្តីកង្វល់របស់វិនិយោគិន រាជរដ្ឋាភិបាលបានបង្កើតយន្តការនានាជាច្រើន តួយ៉ាងគឺវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលបានរៀបចំឡើងចំនួន ១៩លើក និងកិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន រួមមាន៖ កិច្ចសន្ទនាកម្ពុជា-ជប៉ុន, កម្ពុជា-កូរ៉េ , កម្ពុជា-អាម៉េរិក និងកម្ពុជា-អឺរ៉ុប ដែលរៀបចំឡើង ក្នុងគោលបំណង ដើម្បីជួយដោះស្រាយ បញ្ហាប្រឈម និងក្តីកង្វល់ដែលធុរជន និងវិនិយោគិនជួបប្រទះក្នុងប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា។ ជាមួយគ្នានេះ ក.អ.ក. បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាសាធារណៈនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management -cdcIPM) ដែលជាថ្នាលបច្ចេកវិទ្យាសម្រាប់អនុញ្ញាតឱ្យវិនិយោគិនអាចដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមប្រព័ន្ធអនឡាញបានពីគ្រប់ទីកន្លែង ទាំងការដាក់ពាក្យ ការបង់កម្រៃសេវា និងការទទួលបាននូវវិញ្ញាបនបត្រចុះបញ្ជីគម្រោងជាទម្រង់ឌីជីថលផងដែរ និងឈានទៅដល់ការតភ្ជាប់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ នាពេលខាងមុខ។

ពិធីបើកការដ្ឋានសង់រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន BYD ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃចន្ទទី២៨ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ៕

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia










Post a Comment

Previous Post Next Post