ថ្ងៃនេះ ប្រកបដោយកិត្តិយសដ៏ឧត្តុង្គឧត្តម ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងសហការីជាកម្មាភិបាលគណបក្សជាច្រើនរូបបានចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ដែលសម្តេចអញ្ជើញជាអធិបតីបើក និងដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជា នៅវិមាន ៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។
ថ្លែងក្នុងពិធីបើកសន្និបាត សម្តេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសម្រេចបានរបស់យុវជនគណបក្សគ្រប់រចនាសម្ព័ន្ធក្នុងឆ្នាំ២០២៤កន្លងទៅ។ ជាមួយគ្នានេះដែរ សម្តេចក៏បានលើកឡើងនូវភារកិច្ចការងារសំខាន់ៗដែលយុវជនគណបក្សត្រូវបន្ត និងផ្តោតសម្រាប់ឆ្នាំបន្ទាប់ ដែលចាំបាច់ដើម្បីប្រៀបខ្លាំង និងប្រៀបឈ្នះរបស់គណបក្ស។
សន្និបាតរយៈពេលមួយថ្ងៃពេញនឹងធ្វើការពិនិត្យ ពិភាក្សាលើរបាយការណ៍សកម្មភាព សភាពការណ៍នយោបាយ បញ្ហាប្រឈម និងដំណោះស្រាយ ដែលយុវជនគណបក្សនៅគ្រប់រចនាសម្ព័ន្ធបានជួបប្រទះ ដើម្បីដាក់ជូនសន្និបាតធ្វើការវាយតម្លៃ និងដាក់ចេញនូវទិសដៅ ការតម្រង់ទិសឆ្ពោះទៅមុខ។