ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ សហការជាមួយអាជ្ញាធរខេត្តក្រចេះ ធ្វើអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ ៤៨៣គ្រួសារ នៅឃុំព្រែកសាម៉ាន់ ស្រុកឆ្លង


   ឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋនៅឃុំព្រែកសាម៉ាន់ ស្រុកឆ្លង ខេត្តក្រចេះ ដែលជួបប្រទះបញ្ហាខ្វះទឹកដាក់ស្រែប្រាំង ដើម្បីឱ្យដំណាំស្រូវរបស់ពួកគាត់អាចទទួលផលនៅចុងខែមីនា ខាងមុននេះ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានចុះធ្វើអន្តរាគមន៍សង្គ្រោះស្រូវប្រាំង ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកពីទន្លេមេគង្គ បញ្ជូនក្នុងបឹងដើម្បីឱ្យប្រជាកសិករបូមដាក់ស្រែប្រាំងចំនួន ៤៨៣ហិកតា ស្ថិតនៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

ការចុះអន្តរាគមន៍ដើម្បីបូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អភិបាលស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាកសិករជាច្រើ់ននាក់ នៅទីតាំងវាលស្រែផ្ទាល់តែម្តង។

ការចុះត្រួតពិនិត្យ និងធ្វើអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ គឺជាការយកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងទាំងមន្ត្រីគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាននានា និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាសម្រួលដល់ការលំបាកធ្វើស្រែនៅក្នុងរដូវប្រាំងដែលខ្វះខាតទឹកសម្រាប់ស្រោចស្រពស្រូវ និងដំណាំជាដើម។

នាឱកាសនោះដែរ ឯកឧត្តម នេត្រ ភក្ត្រា និងឯកឧត្តម វ៉ា ថន បានលើកទឹកចិត្ត និងណែនាំដល់បងប្អូនប្រជាកសិករ ត្រូវរួមគ្នាប្រើប្រាស់ទឹកសម្រាប់បញ្ចូលស្រែឱ្យបានត្រឹមត្រូវ និងមានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ចំពោះការបែងចែកទឹកបញ្ចូលស្រែប្រាំង ជាពិសេសសូមកុំប្រើប្រាស់ទឹកខ្ជីខ្ជាឱ្យសោះ។

ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា សម្រាប់ការបូមទឹកបញ្ចូលស្រែនេះ គឺប្រើម៉ាស៊ីនចំនួន០២គ្រឿង ដើម្បីបូមទឹកប្រមាណ ១,២លានម៉ែត្រគូប ដោយប្រើរយៈពេល១ខែពេញ បូម២២ម៉ោង លើ២៤ម៉ោង ដើម្បីធ្វើយ៉ាងកុំឱ្យស្រូវប្រាំងរបស់ប្រជាកសិករខ្វះទឹកបញ្ចូលស្រែ។ បើតាមការប៉ាន់ប្រមាណ ដើម្បីឱ្យបានទឹក ១,២លានម៉ែត្រគីប គឺត្រូវការប្រេង ១២,០០០លីត្រ ទៅ១៥,០០០លីត្រ ហើយមកដល់ពេលនេះក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារខេត្តបានប្រមូលប្រេងចំនួន ៦,៥០០លីត្រ ខណៈក្រុមការងារកំពុងតែកៀរគររកពីផ្នែកផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាឆ្លើយតបនឹងតម្រូវការចំពោះមុខនេះ។

ឯកឧត្តម នេត្រ ភក្ត្រា ក្នុងពេលដែលចុះពិនិត្យការបូមទឹកសង្គ្រោះស្រែប្រាំងក៏បានសំណូមពរដល់អាជ្ញាធរឃុំ ស្រុក មន្ទីរធនធានទឹក និងមន្ទីរកសិកម្មខេត្ត ត្រូវយកចិត្តទុកដាក់ចុះពិនិត្យស្រែប្រាំងប្រជាពលរដ្ឋនៅតាមបណ្ដាមូលដ្ឋានដទៃទៀត ធ្វើយ៉ាងណាប្រើឱ្យអស់លទ្ធភាពដើម្បីធានាឱ្យបាននូវការជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹកឱ្យបានទាន់ពេលវេលា ទៅតាមភូមិសាស្រ្តជាក់ស្ដែងដែលមានប្រភពទឹកអាចជួយសង្គ្រោះបាន។

នាឱកាសនោះដែរ រដ្ឋបាលឃុំព្រែកសាម៉ាន់ និងប្រជាកសិករក្នុងឃុំសូមថ្លែងអំណរគុណយ៉ាងជាជ្រៅដល់ឯកឧត្តម នេត្រ ភក្ត្រា ឯកឧត្តមអភិបាលខេត្ត អាជ្ញាធរស្រុក ប្រធានមន្ទីរធនធានទឹក និងប្រធានមន្ទីរ កសិកម្មខេត្ត ដែលបានចុះពិនិត្យដល់មូលដ្ឋាន និងបានជួយឧបត្ថម្ភប្រេងសម្រាប់ចាក់ម៉ាស៊ីនបូមទឹកដើម្បីបន្តសង្គ្រោះស្រូវប្រាំងរបស់ពួកគាត់ដែលកំពុងខ្វះខាតទឹកក្នុងពេលជាក់ស្តែងនេះ៕

ប្រភព ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP











Post a Comment

Previous Post Next Post